អានតួអត្ថបទ
កម្ពុជា

ចោរ​ប្រដាប់​អាវុធ​មួយ​ក្រុម​ចូល​ប្លន់​ធនាគារ RHB Indochina នៅ​ផ្លូវ​ម៉ៅសេទុង ទាំង​កណ្ដាល​ថ្ងៃ​ត្រង់

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ចោរ​ប្រដាប់​អាវុធ​មួយ​ក្រុម បាន​សម្រុក​ចូល​ទៅ​ប្លន់​​ក្នុង​ធនាគារ RHB Indochina ដែល​មាន​ទីតាំង​នៅ​លើ​ផ្លូវ​ម៉ៅសេទុង កណ្ដាល​រាជធានី​ភ្នំពេញ​។ ហេតុការណ៍​ដ៏​កម្រ​នេះ កើត​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​ថ្ងៃ​ត្រង់ ដោយ​ក្រុម​ចោរ​​​ប្រមូល​យក​ប្រាក់​ពី​ធនាគារ​បាន​ជាង​១០​ម៉ឺន​ដុល្លារ មុន​ពេល​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព​។ ភ្លាម​ៗ​ក្រោយ​កើត​ហេតុ ធនាគារ RHB Indochina នៅ​លើ​ផ្លូវ​ម៉ៅសេទុង ត្រូវ​បាន​សមត្ថកិច្ច​ផ្អាក​លែង​ឲ្យ​ដំណើរការ​ជា​បណ្ដោះ​អាសន្ន ដើម្បី​បើក​ប្រតិបត្តិការ​ស៊ើប​អង្កេត​។

សមត្ថកិច្ច​ស៊ើប​អង្កេត​ធនាគារ RHB Indochina នៅ​ផ្លូវ​ម៉ៅសេទុង កណ្ដាល​ក្រុង​ភ្នំពេញ ក្រោយ​ហេតុការណ៍​ប្លន់​ប្រដាប់​អាវុធ
សមត្ថកិច្ច​ស៊ើប​អង្កេត​ធនាគារ RHB Indochina នៅ​ផ្លូវ​ម៉ៅសេទុង កណ្ដាល​ក្រុង​ភ្នំពេញ ក្រោយ​ហេតុការណ៍​ប្លន់​ប្រដាប់​អាវុធ RHB Bank
ផ្សាយពាណិជ្ជកម្ម

សកម្មភាព​ប្លន់​ធនាគារ RHB Indochina កើត​ឡើង​ក្នុង​រយៈ​ពេល​មួយ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ​។ នៅ​ក្នុង​វីដេអូ​កាមេរ៉ា​សុវត្ថិភាព​ដែល​វិទ្យុ​បារាំង​អន្ដរជាតិ RFI ទទួល​បាន, ក្រុម​ចោរប្រដាប់​អាវុធ​​ដែល​មាន​គ្នីគ្នា​ពី​៤​​នាក់ បានសម្រុក​ចូល​ទៅ​ក្នុង​ធនាគារ នៅ​វេលា​ម៉ោង​ប្រមាណ​១១​និង​៣០​នាទី​ថ្ងៃ​ត្រង់​។ ចោរ​ប្រដាប់​អាវុធ​ម្នាក់ ភ្ជង់​សន្តិសុខ​ធនាគារ​ឲ្យ​អង្គុយ​នៅ​លើ​កៅអី នៅពេល​គ្នីគ្នា​របស់​ក្រុម​ចោរ​ដទៃ​ទៀត ចូល​ទៅ​ប្រមូល​លុយ​របស់​ធនាគារ​ដាក់​ចូល​ក្នុង​កាបូប​ស្ពាយ​។

ដ្បិត​តែ​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​ធនាគារ​ថត​បាន​សកម្មភាព​របស់​ក្រុម​ចោរ​ក៏​ពិត​មែន ប៉ុន្តែ​គេ​មិន​អាច​កំណត់​អត្តសញ្ញាណ​របស់​ជន​ល្មើស​បាន​ទេ ព្រោះ​នៅ​ពេល​ធ្វើ​សកម្មភាព ក្រុម​ចោរ​ប្លន់​ប្រដាប់​អាវុធ បាន​ពាក់​ម៉ាស និង​មួក​ការពារ​សុវត្ថិភាព​បិទ​បាំង​ផ្ទៃ​មុខ​មិន​ឲ្យ​ឃើញ​ឡើយ​។

ជា​ការ​កត់​សម្គាល់ ក្រៅ​តែ​ពី​បាត់​បង់​ប្រាក់ ហេតុការណ៍​ប្លន់​ប្រដាប់​អាវុធ​នេះ មិន​បាន​បង្ក​ឲ្យ​ជន​ណា​ម្នាក់​រង​របួស​ទេ​។ ​សមត្ថកិច្ច​មិន​បាន​បង្ហើប​ឲ្យ​ដឹងពី​ថវិកា​ដែល​បាត់​បង់​នៅ​ក្នុង​ហេតុការណ៍​ប្លន់​ធនាគារ​នេះនៅ​ឡើយ ខណៈ​ព័ត៌មាន​ក្រៅ​ផ្លូវការ​អះអាង​ថា ក្រុម​ចោរ​បាន​ប្រមូល​យក​ប្រាក់​ជាង​១០​ម៉ឺន​ដុល្លារ​ មុន​ពេល​គេច​ខ្លួន​តាម​ម៉ូតូពីរ​គ្រឿង​ទៅ​​បាត់​ដោយ​សុវត្ថិភាព​។

​ភ្លាម​ៗ​ក្រោយ​ពេល​កើត​ហេតុ ធនាគារ RHB Indochina នៅ​លើ​ផ្លូវ​ម៉ៅសេទុង ត្រូវ​បាន​សមត្ថកិច្ច​ផ្អាក​លែង​ឲ្យ​ដំណើរការ​ជា​បណ្ដោះ​អាសន្ន ដើម្បី​បើក​ប្រតិបត្តិការ​ស៊ើប​អង្កេត​ ដោយ​សាកសួរ​សន្តិសុខ​និង​បុគ្គលិក​នៅ​ក្នុង​ធនាគារ​។ រហូត​មក​ទល់​យប់​​ថ្ងៃ​ព្រហស្បតិ៍​នេះ សមត្ថកិច្ច​បាន​បដិសេធ​មិនផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​ចំពោះ​ករណី​ប្លន់​ធនាគារ​ដ៏​កម្រ​នេះ​ទេ ដោយ​សង្កត់​ធ្ងន់​ថា ករណី​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ប្រមូល​ព័ត៌មាន​និង​ស៊ើប​អង្កេត​នៅ​ឡើយ​៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ