អានតួអត្ថបទ
កម្ពុជា

អ្នក​រាយការណ៍​សិទ្ធិ​មនុស្ស​នៃ​អ.ស.ប. នឹង​បំពេញ​ទស្សនកិច្ច​លើក​ទី​៣​នៅ​កម្ពុជា​នៅ​សប្ដាហ៍​ក្រោយ

អ្នក​រាយការណ៍​ពិសេសនៃ​អង្គការ​សហប្រជាជាតិ ​ស្ដី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា លោក​ស្រី រ៉ូណា ស្មីត នឹង​អញ្ជើញ​មក​ដល់​ប្រទេស​កម្ពុជា​នា​សប្ដាហ៍​ក្រោយ សម្រាប់​​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​១០​ថ្ងៃ​​។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​៣​របស់​លោក​ស្រី​មក​កាន់​កម្ពុជា ចាប់​តាំង​ពី​ត្រូវ​បាន​តែង​តាំង​ជា​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ស្ដី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា​បន្ត​ពី​លោក​ស៊ូប៊ែឌី នៅ​ឆ្នាំ​២០១៥​។

លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុ
លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុ @Ministry of Environment
ផ្សាយពាណិជ្ជកម្ម

ដំណើរ​ទស្សនកិច្ចរយៈ​ពេល​១០​ថ្ងៃ​​របស់​លោក​ស្រី រ៉ូណា ស្មីត នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១០​ដល់​ថ្ងៃ​ទី​២០​ខែ​តុលា​ខាង​មុខ​ ដើម្បី​ពិនិត្យ​ស្ថានភាព​នយោបាយ​ជា​ទូទៅ​ ក៏​ដូច​ជា​ទិដ្ឋភាព​​សិទ្ធិ​មនុស្ស​សំខាន់​ៗ​​ផ្សេង​ៗនៅ​កម្ពុជា។ ការ​រក​ឃើញ​ទាំង​ឡាយ​តាម​រយៈ​ដំណើរ​ទស្សនកិច្ច​នេះ នឹង​ត្រូវ​លោក​ស្រី រ៉ូណា ស្មីត យក​ទៅចង​ក្រង​ជា​របាយការណ៍ មុន​នឹង​​បង្ហាញ​ទៅ​កាន់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ នៅ​ខែ​កញ្ញា ឆ្នាំ​២០១៧​។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​៣​នៅ​កម្ពុជា​នេះ លោក​ស្រី រ៉ូណា ស្មីត នឹង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់ជា​សំខាន់ ​ទៅ​លើ​បច្ចុប្បន្នភាព​នៃ​ស្ថានភាព​សិទ្ធិ​មនុស្ស​​នៅ​កម្ពុជា និង​ការ​តាម​ដាន​ទៅ​លើ​អនុសាសន៍​ដែល​បាន​ដាក់​ជូន​ទៅ​រដ្ឋាភិបាល​កម្ពុជា​នា​ពេល​កន្លង​មក​។ ទិដ្ឋភាព​នៃ​ការ​រើស​អើង ក៏​ជា​របៀប​វារៈ​សំខាន់​មួយ ដែល​លោក​ស្រី​ត្រូវពិនិត្យ​ស្វែង​យល់​ដែរ ដោយ​ចំពោះ​ការ​វាយ​តម្លៃលើ​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច និង​ក្រុម​ដែល​បាត់​បង់​ឱកាស​។

នៅ​ក្នុង​អំឡុង​ពេល​១០​ថ្ងៃ​នេះ លោក​ស្រី រ៉ូណា ស្មីត នឹង​ជួប​ភាគី​ពាក់ព័ន្ធ​នានា ជា​អាថិ៍ មន្ដ្រី​ជាន់​ខ្ពស់​នៃ​រាជរដ្ឋាភិបាល ​តំណាង​អង្គការ​សង្គម​ស៊ីវិល ព្រម​ទាំង​សហគមន៍​ការ​ទូត​ជា​ដើម​។ អ្នក​រាយការណ៍​ពិសេស​រូប​នេះ ក៏​នឹង​អញ្ជើញ​ចុះ​ទៅ​ដល់​មូលដ្ឋាន​ផង​ដែរ ដើម្បី​ប្រមូល​ព័ត៌មាន​ដោយ​ផ្ទាល់​ពី​សហគមន៍​ពលរដ្ឋ​។ លោក​ស្រី​នឹង​ជួប​ជាមួយ​អ្នក​សារព័ត៌មាន នៅ​ក្នុង​សន្និសីទ​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច ចាប់​ពី​ម៉ោង​៣​ដល់​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៩​ខែ​តុលា នៅ​ការិយាល័យ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​​ប្រចាំ​ទីក្រុង​ភ្នំពេញ​។

គួរ​រំលឹក​ជូន​ថា លោក​ស្រី រ៉ូណា ស្មីត ជា​សាស្ត្រាចារ្យ​ច្បាប់​ជន​ជាតិ​អង់គ្លេស​មួយ​រូប ដែល​បន្ត​បេសកកម្ម​ពី​លោក សូរិយា ប្រាសាទ ស៊ូប៊ែរឌី តាំង​ពី​ខែ​មីនា​ឆ្នាំ​២០១៥ ដើម្បី​តាមដាន​និង​រាយការណ៍​ស្ដី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​។ នៅ​ក្នុង​ដំណើរ​ទសន្សកិច្ច​ចុង​ក្រោយ​របស់​លោក​ស្រី​នៅ​កម្ពុជា​កាល​ពី​ខែ​មីនា​ដើម​ឆ្នាំ​នេះ លោក​ស្រី ​រ៉ូណា ស្មីត បាន​គូស​បញ្ជាក់​ថា ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​ខិត​ទៅ​ជិត​ចំណុច​កំពូល​នៃ​គ្រោះ​ថ្នាក់ តាម​រយៈ​ការ​គម្រាម​កំហែង​ដោយ​កង​កម្លាំង ការ​វាយ​ដំ​លើ​រាងកាយ​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង និង​ដំណើរការ​នីតិវិធី​របស់​តុលាការ​លើ​មន្ដ្រី​បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវិល​។ ដោយ​ក្ដី​ព្រួយ​បារម្ភ លោក​ស្រី​បាន​អំពាវនាវ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ដោយ​ស្មើ​ភាព និង​យុត្តិធម៌ ដល់​គ្រប់គណបក្ស​​នយោបាយ ដើម្បី​ការពារ​លំហ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ