ព្រះសង្ឃ ប៊ុត ប៊ុនទីញ សុំបិណ្ឌបាតនាយករដ្ឋមន្ត្រី រឿងកាប់ព្រៃឈើនៅតំបន់ព្រៃឡង់
ព្រះតេជព្រះគុណ ប៊ុត ប៊ុន ទិញ ប្រធានបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម នៅថ្ងៃនេះ បានសុំបិណ្ឌបាតពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យទប់ស្កាត់ការកាប់បំផ្លាញ់ព្រៃឈើនៅតំបន់ព្រៃឡង់ ដែលព្រះតេជគុណបានរកឃើញថា មានការកាប់បំផ្លាញ់រាប់ម៉ឺនហិចតា។ ការសុំបិណ្ឌបាតនេះ បានធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយនៅឯភូជនីយដ្ឋានបៃតងក្នុងទីក្រុងភ្នំពេញកាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅក្រោយពីការចុះសិក្សាស្រាវជ្រាវរបស់បណ្តាញព្រះសង្ឃ និងបណ្តាញយុវជនចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៧ឧសភាកន្លងទៅ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣០
សំណើរសុំបិណ្ឌបាតរបស់ព្រះតេជគុណ ប៊ុត ប៊ុនទីញ ដែលបានហៅព្រះអង្គឯងថា ជាព្រះសង្ឃឯករាជ្យនេះ បានធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយនាព្រឹកថ្ងៃព្រហស្បត្តិ៍ទី២១ឧសភានេះ នៅឯភូជនីយដ្ឋានបៃតងក្នុងទីក្រុងភ្នំពេញ។ ព្រះតេជគុណ ប៊ុត ប៊ុនទីញ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យដើម្បីអភិវឌ្ឍន៍សង្គម រួមជាមួយ លោក ទឹម ម៉ាល័យ ប្រធានបណ្តាញយុវជនកម្ពុជា និងលោក កែម ឡី អ្នកសិក្សាស្រាវជ្រាវសង្គម ដែលទើបតែបានដឹកនាំនិស្សិតចុះទៅសិក្សាស្រាវជ្រាវជុំវិញសកម្មភាពនៃការកាប់បំផ្លាញ់ព្រៃឈើ នៅតំបន់ព្រៃឡង់ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៧ឧសភាកន្លងទៅនេះ បានបង្ហាញការព្រួយបារម្ភរួមគ្នាថា សកម្មភាពនៃការកាប់បំផ្លាញ់ព្រៃឈើនៅតំបន់ព្រៃឡង់នៅតែកើតមាន ហើយកាន់តែផុសផុលឡើង។
បើតាមវាគ្មិនទាំងទាំងបី វិនាសកម្មព្រៃឈើនៅតំបន់ព្រៃឡង់នឹងកើតឡើងក្នុងរយៈពេល៥ខែទៅមុខ បើមិនមានវិធានការទប់ស្កាត់ការកាប់បំផ្លាញ់ព្រៃឈើ រឺការដាំឡើងវិញទេនោះ។ បណ្តាញព្រះសង្ឃ និងយុវជន ក៍បានបង្ហាញពីឧបសគ្គរារាំងមួយចំនួនរបស់អាជ្ញាធរខេត្ត ចំពោះដំណើរទស្សនកិច្ចសិក្សារបស់បណ្តាញព្រះសង្ឃ និងនិស្សិតទាំងនេះផងដែរ ពិសេសគឺអាជ្ញាធរស្រុកថាឡាបរិវ៉ាត់ ក្នុងខេត្តស្ទឹងត្រែង ដែលមានភាពប្រទាំងប្រទើសគ្នាជាខ្លាំង។
បើក្រុមហ៊ុនមួយទទួលបានដីសម្បទានសេដ្ឋកិច្ចដល់ទៅជាង១ម៉ឺនហិចតា ហើយបើគុណនឹង៥២ក្រុមហ៊ុន នោះព្រៃឡង់អាចនឹងបាត់បង់ទាំងស្រុង។ អញ្ចឹងហើយបានជានៅក្នុងសន្និសីទកាសែតនៅថ្ងៃនេះ ព្រះតេជគុណ ប៊ុត ប៊ុនទីញ បានសុំបិណ្ឌបាតទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យទប់ស្កាត់ការកាប់បំផ្លាញ់ព្រៃឈើនៅតំបន់ព្រៃឡង់ដែលគ្រប់ដណ្តប់លើផ្ទៃដីជាង៥០ម៉ឺនហិចតានេះ។
ព្រៃឡង់គឺជាព្រៃដែលមានឈើប្រណិតគ្រប់ដណ្តប់ក្នុងភូមិចំនួន៣៤០ ក្នុងឃុំចំនួន៣៣ នៃខេត្តចំនួន៤ គឺខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងខេត្តព្រះវិហារ។ មានប្រជាជនប្រមាណជា២៥ម៉ឺននាក់ កំពុងរស់នៅនិងអាស្រ័យផលលើអនុផលព្រៃឈើ និងការប្រកបរបរកសិកម្ម។ ហើយបើតាមរបាយការណ៍ស្រាវជ្រាវរបស់បណ្តាញព្រៃឡង់កាលពីឆ្នាំ២០១៤បានបញ្ជាក់ថា មានក្រុមហ៊ុនចំនួន៥២បានទទួលដីសម្បទានសេដ្ឋកិច្ច សម្បទានរ៉ែ និងដីសម្បទានសង្គមកិច្ចលើដីព្រៃឡង់។
ការជួបជាមួយនាយករដ្ឋមន្ត្រីមិនមែនជាការងាយស្រួលនោះទេ ប៉ុន្តែសម្រាប់ព្រះតេជគុណ ប៊ុត ប៊ុនទីញ រំពឹងថា ព្រះអង្គនឹងមានឱកាស ហើយបើឱកាសបានផ្តល់ឱ្យមែន នោះអ្វីដែលព្រះអង្គសុំបិណ្ឌបាតពីនាយករដ្ឋមន្ត្រីកម្ពុជានោះ គឺពុំមែនជាបច្ច័យ រឺវត្ថុមានតម្លៃអ្វីនោះទេ តែគឺការស្នើសុំបិណ្ឌបាទ ទប់ស្កាត់វិនាសកម្មព្រៃឈើនៅតំបន់ព្រៃឡង់ និងការស្នើសុំឱ្យមានការដាំដុះព្រៃឈើឡើងវិញនៅតំបន់ដែលគេកាប់រួច៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ