អានតួអត្ថបទ
សេដ្ឋកិច្ចសកល

មូលនិធិរូបិយវត្ថុអន្តរជាតិ FMI មាន​សុទិដ្ឋិនិយម​ចំពោះ​វឌ្ឍនភាព​សេដ្ឋកិច្ច​សកល​លោក

ទោះបី​ភ្នក់ភ្លើង​សង្គ្រាម​កំពុងតែ​បន្ត​ឆាបឆេះ​នៅ​អ៊ុយក្រែន ហើយ​និង​នៅ​តំបន់​ដើមបូព៌ា​ក្តី តែ​វឌ្ឍនភាព​សេដ្ឋកិច្ច​សកលលោក បន្ត​មា​នសន្ទុះ​កំណើន​។ នេះក៏ព្រោះតែ​ភាព​ស៊ាំ​ធន់​នឹងវិបត្តិ​របស់​ប្រទេស​ជាច្រើន​ ហើយ​សេដ្ឋកិច្ចរបស់​​ប្រទេស​ធំៗ មាន​សុខភាព​ល្អ និង​ មាន​វឌ្ឍនភាពរីកចម្រើន​​។​ នេះបើតាម​របាយការណ៍ព្យាករសេដ្ឋកិច្ច​​របស់ មូលនិធិរូបិយវត្ថុអន្តរជាតិ ដែល​បាន​ចេញផ្សាយ​នៅថ្ងៃទី​១៦មេសា។ ជាមួយ​គ្នា​នេះ FMI ​បាន​ព្រមានអំពី​វិបត្តិ​អតិផរណា​ ដែល​ត្រូវ​ប្រុង​ប្រយ័ត្ន​សម្រាប់​ឆ្នាំ​នេះ និង​ឆ្នាំខាង​មុខ​។​​

ស្លាកសញ្ញាមូលនិធិរូបិយវត្ថុអន្តរជាតិ FMI
ស្លាកសញ្ញាមូលនិធិរូបិយវត្ថុអន្តរជាតិ FMI REUTERS - Yuri Gripas
ផ្សាយពាណិជ្ជកម្ម

សេដ្ឋកិច្ច​សកលលោក ទំនង​ជា​បាន​ធន់ ​ស៊ាំ​នឹង​វិបត្តិ​ ហើយបើ​ទោះបី​នៅ​ជួប​បញ្ហា​កំណើន​អត្រា​កម្ចីការ​ប្រាក់​ខ្ពស់​ក៏ដោយ​​​ក្តី តែ​មាន​​ប្រទេស​ជាច្រើន​បាន​រួចខ្លួន​គេច​ផុត​​​ចេញពីវិបត្តិ​ធ្ងន់ធ្ងរ។ នេះ​បើ​​តាម​​ការគូស​បង្ហាញរបស់ លោក Pierre-Olivier Gourinchas ប្រធានក្រុម​អ្នក​ជំនាញ​សេដ្ឋកិច្ច​ នៃ ​អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ។ អ្ន​កជំនាញរូបនេះ ​បញ្ជាក់ទៀតថា សកលលោក​បន្ត​ជួប​សន្ទុះ​កំណើន​សេដ្ឋកិច្ចបន្ត​ទៅទៀត ទោះបី​ជា​មិន​សូវ​ច្រើន​ខ្លាំងក្តី​ នេះក៏ព្រោះ​តែ​ មួយផ្នែក​ធំ មកពី​សហ​រដ្ឋ​អាមេរិក​​មាន​សុខភាព​សេដ្ឋកិច្ច​មាំទាំល្អ ហើយ​ប្រទេស​ឥណ្ឌា និង​ប្រេស៊ីល ហើយ​និង​ប្រទេស​មួយ​ចំនួន​​ទៀត​ បន្ត​មាន​សន្ទុះ​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ខ្លាំង។

ក្នុង​របាយការណ៍​ព្យាករសេដ្ឋកិច្ច​ប្រចាំត្រីមាស​ របស់​​មូលនិធិរូបិយវត្ថុ​អន្តរជាតិ ហៅកាត់តាម​បារាំង​ថា FMI   គឺ​សហរដ្ឋអាមេរិក​ មាន​វឌ្ឍនភាព​សេដ្ឋកិច្ច​ ប្រមាណ​ជា​ ​៣% ក្នុង​ឆ្នាំ​២០២៤​នេះ។ សន្ទុះ​សេដ្ឋកិច្ច​​ឥណ្ឌា កើត​ឡើង​ខ្លាំង ជិត​៧% ហើយ ប្រេស៊ីល កើន​ជាង​ ២ %។

ប្រទេស​​ចិន បើទោះបី​ជា​ បន្ត​ជួប​វិ​បត្តិ​ក្នុង​ស្រុក ដូចជា វិបត្តិ​អចលនទ្រព្យ យុវជន​អត់​ការងារធ្វើ និង​ការបញ្ជាទិញទំនិញ​ទាប តែ​សេដ្ឋកិច្ច​ចិន នៅតែ​មាន​សន្ទុះ​កើន ក្នុង​រង្វង់​ប្រមាណ​ជា ៥% ក្នុង​ឆ្នាំ​២០២៤ ស្រដៀង​នឹង​ការ​ព្យាកររំពឹង​ទុក​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំងដែរ​។

ជាការ​កត់​សម្គាល់​, តំបន់ប្រទេស​ចាយ​ប្រាក់​អឺរ៉ូ មាន​វឌ្ឍនភាព​សេដ្ឋកិច្ច​កើនឡើង​ទាប​។ ប្រទេស​បារាំង​និង​អាល្លឺម៉ង់ ដែលជា​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ច​សហភាព​អឺរ៉ុប មាន​កំណើន​សេដ្ឋកិច្ច​ តែកើនទាបតិចតួច​តែប៉ុណ្ណោះ។ ក្នុង​ឆ្នាំ២០២៤នេះ សេដ្ឋកិច្ចបារាំង កើនឡើង​តែ ០,៧% ហើយ​ អាល្លឺម៉ង់ ០,២%។ នេះបើតាម​ការ​ព្យាករ​របស់​​​មូលនិធិរូបិយវត្ថុ​អន្តរជាតិ។

ដោយឡែក ប្រទេស​រុស្ស៊ី ទោះបី​ជាត្រូវ​រង​ទណ្ឌកម្មសេដ្ឋកិច្ច​​របស់​ពួក​ប្រទេស​បស្ចិម ព្រោះតែ​បញ្ឆេះ​ភ្លើង​សង្គ្រាម​នៅអ៊ុយក្រែន  ប៉ុន្តែ​​សេដ្ឋកិច្ច​រុស្ស៊ី បន្ត​មាន​កំណើន ១,៨% ពោល​គឺកើនឡើង​ច្រើ​នជាង​ការ​ព្យាករ​ ៣ខែមុន ដែលត្រឹមតែ​១,១%ប៉ុណ្ណោះ​​។ កំណើន​សេដ្ឋកិច្ច​រុស្ស៊ីនេះ ត្រូវ​អ្នក​ជំនាញ​ពន្យល់ថា មកពី​ចំណូល​ពីប្រេងបាន​ច្រើន​, ការ​ចំណាយ​សាធារណៈ​កើនខ្ពស់​ ហើយ​និង​ការ​វិនិយោគទុន​សន្ធឹកសន្ធាប់​​ក្នុង​វិស័យយោធា ព្រមទាំង​តម្រូវ​ការ​ប្រើប្រាស់​ក្នុង​ស្រុក​កើនឡើង​ខ្លាំង​។​ចំណែក សេដ្ឋកិច្ច​អ៊ុយក្រែន ក៏​បន្ត​ជួប​វឌ្ឍនភាព​ជាលំដាប់​ដែរ ព្រោះតែ​ជំនួយ​របស់​បស្ចិម​លោក​។​

​ក្តីបារម្ភ​ខ្លាំង​របស់​អ្នក​ជំនាញ​សេដ្ឋកិច្ច​របស់​ FMI ​គឺនៅ​ប្រទេស​តំបន់​ដើមបូព៌ា ពីព្រោះ​ខ្លាចក្រែងតែ​ ​ស្ថានការណ៍​ធ្លាក់​ដុនដាបខ្លាំងជាងនេះ ​ព្រោះតែ​ផ្សែង​ភ្លើង​សង្គ្រាម​។ ប្រសិនបើ​​ ស្ថានការណ៍​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សាវិវឌ្ឍធំជាងនេះទៅទៀត​ ហើយ​ អ៊ីរ៉ង់​និង​អ៊ីស្រាអែល បញ្ឆេះភ្លើង​​សង្គ្រាម​ពេញ​តំបន់​ដើមបូព៌ា​មែននោះ ប្រាកដជា​តម្លៃ​ប្រេង​នឹងហក់ឡើងខ្ពស់​កប់​ពពក​ជាពុំ​ខាន​៕​

កិច្ចពិភាក្សាមួយ​នៅ​ក្រុង​វ៉ាស៊ីន​តោន ចុងឆ្នាំ២០២៣ ដែលមាន​ការចូលរួម​ពី​លោក Pierre-Olivier Gourinchas ប្រធានក្រុមអ្នកជំនាញសេដ្ឋកិច្ច នៃ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ។
កិច្ចពិភាក្សាមួយ​នៅ​ក្រុង​វ៉ាស៊ីន​តោន ចុងឆ្នាំ២០២៣ ដែលមាន​ការចូលរួម​ពី​លោក Pierre-Olivier Gourinchas ប្រធានក្រុមអ្នកជំនាញសេដ្ឋកិច្ច នៃ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ។ REUTERS - Ken Cedeno

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ