អានតួអត្ថបទ
កម្ពុជា

សង្គ្រោះជាតិ​គ្រោង​ស្នើ​លុប​ចោល​សន្ធិ​សញ្ញា​ព្រំដែន​ឆ្នាំ​២០០៥​ ខណៈ​មន្ត្រី​រដ្ឋាភិបាល​ថា​ មិន​អាច​ទៅ​រួច

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ គ្រោង​នឹង​ស្នើ​ឲ្យ​សភា បោះឆ្នោត​លុប​ចោល​នូវ​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥។ ប៉ុន្តែ​គម្រោង​នេះ​ ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ អះអាង​ថា​ មិន​អាច​ទៅ​រួច​នោះ​ទេ ​ព្រោះ​នេះ​ជា​សន្ធិ​សញ្ញា​អន្តរជាតិ​ ដែល​មាន​ទាំង​ការ​ទទួល​ស្គាល់​ពី​អតីត​ព្រះ​មហាក្សត្រ​ថែម​ទៀត​ផង។

លោក សម រង្ស៊ី និង លោក កឹម សុខា មេដឹកនាំ​គណបក្ស​​សង្គ្រោះ​ជាតិ​
លោក សម រង្ស៊ី និង លោក កឹម សុខា មេដឹកនាំ​គណបក្ស​​សង្គ្រោះ​ជាតិ​ @rfi/channa
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​ទៅ​ពិនិត្យ​មើល​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ខេត្ត​រតនគិរី​ កាល​ពី​ដើម​សប្តាហ៍​នេះ ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ កំពុង​រៀបចំ​របាយការណ៍ ដាក់​ទៅ​កាន់​ក្រសួង​ការ​បរទេស នៅ​សប្តាហ៍​ក្រោយ​ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​សរសេរ​កំណត់​ទូត ទៅ​ភាគី​វៀតណាម។ ហើយ​ប្រសិន​បើ​រដ្ឋាភិបាល​ កម្ពុជា នៅ​តែ​មិន​ព្រម​អើពើ ​គណបក្ស​ប្រឆាំង​ នឹង​កោះ​ហៅ​រដ្ឋមន្ត្រី​ដែល​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​ ឲ្យ​ចូល​ទៅ​ឆ្លើយ​បំភ្លឺ នៅ​រដ្ឋសភា​ទៀត។ លើស​ពី​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បញ្ជាក់​ថា​ នឹង​ស្នើ​ឲ្យ​លុប​ចោល​ នូវ​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ ដែល​ធ្វើ​ឡើង ដោយ​រដ្ឋាភិបាល​កម្ពុជា​ និង​វៀតណាម ​កាល​ពី​ឆ្នាំ​ ២០០៥។

 
លោក​អ៊ុំ សំអាន តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​នៅ​ថ្ងៃ​ពុធ​នេះ​ថា សន្ធិ​សញ្ញា​បំពេញ​បន្ថែម​នោះ​ បាន​ធ្វើ​ឲ្យ​កម្ពុជា​បាត់បង់​ទឹក​ដី ដោយ​សារ​តែ​ការ​កំណត់​បង្គោល​ព្រំដែន ជាមួយ​វៀតណាម​។ លោក​អ៊ុំ សំអាន បាន​បន្ត​ថា​ ដើម្បី​លុបចោល​សន្ធិសញ្ញា​នោះ​បាន​ គឺ​សភា ត្រូវ​ការ​សម្លេង​គាំទ្រ​ ៥០​ភាគរយ​ បូក១។ ទោះបី​ជា​បច្ចុប្បន្ន​ គណបក្ស​សង្គ្រោះ​ជាតិ​ មាន​សម្លេង​តែ​ ៥៥​ក៏​ដោយ ​ប៉ុន្តែ​បក្ស​ប្រឆាំង​នឹង​គៀងគរ​សម្លេង​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ខ្លួន​អះអាង​ថា​ នៅ​មាន​អ្នក​ស្នេហា​ជាតិ​ខ្លះ​ដែរ មក​បង្ក្រប់​សម្លេង​ ដែល​ខ្វះ​នោះ។ នេះ​បើ​តាម​លោក​អ៊ុំ សំអាន ដដែល។

តាម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ការ​លុប​ចោល​នូវ​សន្ធិសញ្ញា​អន្តរជាតិ​នេះ​ អាច​ធ្វើ​បាន​ដោយ​យោង​ទៅ​លើ​មាត្រា ​៩០ ​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា។

ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ ​លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​កម្ពុជា​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន បាន​អះអាង​ដែរ​ថា​ រឿង​លុប​ចោល​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ។ លោក​វ៉ា គឹមហុង ​បាន​បន្ថែម​ថា ការ​ពិត​បញ្ហា​ព្រំដែន គឺ​កម្ពុជា និង​វៀតណាម បាន​ធ្វើការ​រួមគ្នា​ជា​រៀងរាល់​ថ្ងៃ​រួច​ហើយ។ ហើយ​រាល់​ការ​ចោទ​ប្រកាន់​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ គឺ​ជា​រឿង​ភូត​កុហក​ទាំង​អស់។​

សូម​បញ្ជាក់​ថា​ បញ្ហា​ព្រំដែន​កម្ពុជា-វៀតណាម គឺ​នៅ​តែ​ជា​ប្រធាន​បទ​ក្តៅ​ក្នុង​ពេល​បច្ចុប្បន្ន។ កាល​ពី​ដើម​សប្តាហ៍​នេះ​ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ​នៅ​ព្រំដែន ខេត្តរតនគិរី បាន​អះអាង​ថា មាន​ស្រះ​ទឹក​យ៉ាង​ហោច​ណាស់​ចំនួន​៧ ដែល​វៀតណាម​បាន​លួច​ជីក​នៅ​ក្នុង​តំបន់​ស ដែល​ជា​តំបន់​ហាម​ឃាត់។ តំបន់​ហាម​ឃាត់ ដែល​ភាគី​កម្ពុជា-វៀតណាម នៅ​មិន​ទាន់​បាន​ឯកភាព​គ្នា​បោះ​បង្គោល​ព្រំដែន​នៅ​ឡើយ​ បែរ​ជា​អាជ្ញាធរ​វៀតណាម បាន​ជីក​ស្រះ​ជា​ឯកតោ​ភាគី ​ដើម្បី​យក​ទៅ​ស្រោច​ស្រព​ដំណាំ​ម្រេច​ និង​កៅស៊ូ​នៅ​ក្បែរ​នោះ​ទៅ​វិញ។ ចំពោះ​រឿង​នេះ​ លោក​វ៉ា គឹមហុង បាន​និយាយ​ថា ​នេះ​ជា​រឿង​ដែល​មិន​ខុស​ច្បាប់​នោះ​ទេ ហើយ​ការ​ជីកស្រះ​ ក៏​មិន​អាច​ធ្វើ​ឲ្យ​បាត់បង់​ដី​នោះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ