អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តើ​​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​ នៅ​មាន​តម្លៃ​ដែរ​ឬទេ​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

២៣ ​តុលា ​១៩៩១​ - ២៣​ តុលា ​២០១៥។ ​ថ្ងៃ​ទី​២៣​តុលានេះ​ គឺ​ជា​ខួប​គម្រប់​២៤​ឆ្នាំ​ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស។ ២៤​ឆ្នាំ​មុន​ ភាគី​ជម្លោះ​ទាំង​៤​ក្រុម​របស់​កម្ពុជា​ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ ក្រោម​វត្តមាន​សាក្សី​ដែល​មក​ពី​១៨​ប្រទេស ​និង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។ រហូត​មក​ទល់​ពេល​នេះ ​តើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ​ត្រូវ​បាន​អនុវត្ត​ពេញ​លេញ​ហើយ​ឬ​នៅ?​ និង​ថា​តើ​កិច្ច​ព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​នេះ​ នៅ​មាន​តម្លៃ​ដែរ​ឬ​ទេ?​

រូបភាព​ទីក្រុង​ភ្នំពេញ​មើលពី​លើ
រូបភាព​ទីក្រុង​ភ្នំពេញ​មើលពី​លើ RFI/Khmer
ផ្សាយពាណិជ្ជកម្ម

កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ ថ្ងៃ​ទី​២៣ ​តុលា ​១៩៩១ ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​អង្គការ​សហប្រជាជាតិ ​ប្រមុខ​ការ​ទូត​នៃ​ប្រទេស​ចំនួន​១៨ ​និង​ភាគី​ជម្លោះ​ខ្មែរ​ទាំង​៤​ក្រុម​ គឺ​ក្រុម​សីហនុ​និយម ​ក្រុម​អ្នក​ជាតិ​និយម​របស់​លោក ​សឺន សាន ​ក្រុម​ខ្មែរ​ក្រហម​របស់​ប៉ុល ពត​ និង​របប​រដ្ឋ​កម្ពុជា​របស់​លោក ​ហ៊ុន សែន ​នាយក​រដ្ឋ​មន្ដ្រី​ខ្មែរ​បច្ចុប្បន្ន​។

​កិច្ច​ព្រមព្រៀង​ជា​ប្រវត្តិ​សាស្ត្រ​នេះ ​មាន​គោលដៅ​សំខាន់​ៗ​បី​យ៉ាង​។ ទី​១៖​ រៀប​ចំ​ឲ្យ​មាន​សន្តិភាព​ឡើង​វិញ​នៅ​ប្រទេស​កម្ពុជា​ តាម​រយៈការ​អនុវត្ត​កិច្ច​ឈប់​បាញ់​ និង​ការ​រំសាយ​អាវុធ​នៅ​ក្នុង​ជួរ​កង​ទ័ព​នៃ​ភាគី​ជម្លោះ​ខ្មែរ​ទាំង​អស់។​ គោល​ដៅ​ទី​២៖​ ចាក់​គ្រឹះ​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ តាម​រយៈ​ការ​រៀបចំ​ការ​បោះឆ្នោត​សភា​ធម្មនុញ្ញ។​ ទី​៣៖​ ការពារ​អធិបតេយ្យ ឯករាជ្យ​ បូរណភាព និង​ភាព​ពុំ​អាច​រំលោភ​បំពាន​បាន​ឡើយ ​នូវ​ទឹកដី​អព្យា​ក្រឹត​ភាព ​និង​ឯកភាព​ជាតិ​របស់​ប្រទេស​កម្ពុជា។​

នៅ​ពេល​និយាយ​ដល់​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ច្បាស់ណាស់ ​អ្វី​ដែល​មជ្ឈដ្ឋាន​ទូទៅ​នឹក​ឃើញ ​គឺ​ការ​បិទ​បញ្ចប់​សង្គ្រាម​ឥណ្ឌូចិន​លើក​ទី​៣​ និង​ជម្លោះ​ផ្ទៃ​ក្នុង​នៅ​កម្ពុជា​ ដែល​អូស​បន្លាយ​អស់​រយៈ​ពេល​២១​ឆ្នាំ។ ​ក្នុង​បរិបទ​អតីតកាល ​នៅ​ពេល​ដែល​កម្ពុជា​ត្រូវ​ហែកហួរ​ដោយ​សង្គ្រាម​ និង​ភាគី​ជម្លោះ​ច្រើន​ភាគី​ កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ មាន​តម្លៃ​ណាស់​សម្រាប់​ប្រជាជាតិ​កម្ពុជា! ​ប៉ុន្តែ​ ២៤​ឆ្នាំ​កន្ល​ងទៅ​នេះ ​សួរ​ថា​តើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ​នៅមា​នត​ម្លៃ​ដែរ​ឬទេ?​

កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ​២៣ តុលា ​ឆ្នាំ១​៩៩១ ​គឺ​ជារ​​បត់​នយោបាយ​ថ្មី​ដ៏​សំខាន់​មួយ​ទៀត ​ក្នុង​ការ​បើក​ផ្លូវ​ឲ្យ​កម្ពុជា​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម។ ​ក្រៅ​ពី​ការ​បោះឆ្នោត​ កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ​២៣ ​តុលា ​ឆ្នាំ​១៩៩១ ​ក៏​មាន​ចែង​ផង​ដែរ ​អំពី​ការ​ធានា​ឲ្យ​កម្ពុជា​មាន​ប្រជាធិបតេយ្យ​ សេរី​ពហុ​បក្ស​មាន​ការ​គោរពសិ​ទ្ធិ​មនុស្ស​ និង​មាន​អធិបតេយ្យភាព ​បូរណភាព​ទឹកដី​ ដែល​គ្មាន​នរណា​អាច​បំពាន​បាន។ ដូច្នេះ​រហូត​មក​ទល់​បច្ចុប្បន្ន​ កិច្ច​ព្រម​ព្រៀង​នេះ នៅ​មាន​តម្លៃ​យ៉ាង​ធំ​ធេង ​សម្រាប់​កម្ពុជា។ ​ប្រជាពលរដ្ឋ​ ជា​ពិសេស​អ្នក​នយោបាយ​ខ្មែរ​ បើ​ទោះ​បី​ជា​មាន​ជំហ​ផ្សេង​គ្នា​​ក៏​ពិត​មែន ​ក៏​ប៉ុន្តែ​ ទាំងអស់​គ្នា​សុទ្ធ​តែ​ទទួល​ស្គាល់​នូវ​តម្លៃ​ជា​ប្រវត្តិសាស្ត្រ​របស់​កិច្ច​ព្រម​ព្រៀង​នេះ។

មែ​នទែន​ទៅ​​ ស្មារតី​សំខាន់​ៗ​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ឆ្នាំ ​១៩៩៣ ​រួច​ហើយ។ ​ការ​បញ្ចូល​ខ្លឹមសារ​កិច្ច​ព្រម​ព្រៀង​នេះ​ទៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ គឺ​ជា​ភស្តុតាង​មួយទៀ​ត​ ដែល​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស ​នៅ​តែ​មាន​តម្លៃ​ជា​អមតៈ។

​បច្ចុប្បន្ន ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ត្រូវ​បាន​គេ​លើក​មក​និយាយ​ជា​ញឹកញាប់ ប៉ុន្តែ​ ខ្លឹមសារ​របស់​វា​មិន​ត្រូវ​បាន​គេ​យក​វា​មក​ប្រើប្រាស់​ឲ្យ​ពិត​ប្រាកដ​ឡើយ។ ​ប្រៀប​ដូចជា​ រដ្ឋ​ធម្មនុញ្ញ​ដែល​កំពុង​នៅ​ជា​ធរមាន​សព្វ​ថ្ងៃ​ ដែល​ត្រូវ​គេ​ចាត់​ទុក​ថា​ជា​អត្ថបទ​ច្បាប់​ដ៏​ល្អមួ​យ​ដែរ​ ប៉ុន្តែ​ ការ​អនុវត្ត​មិន​ទាន់​បាន​ពេញ​លេញ​ល្អ​ប្រសើរ​ដូច្នោះ​ដែរ។​

ប៉ុន្តែ​ដោយសារ​តែ​ត្រូ​វបាន​ចុះ​ហត្ថលេខា​ក្រោម​វត្ត​មាន​សាក្សី​ដែល​មក​ពី​១៨​ប្រទេស​ និង​អគ្គលេខាធិកា​រអង្គការ​សហប្រជាជាតិ ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ ថ្ងៃ​ទី​២៣​ តុលា ​ឆ្នាំ​១៩៩១​ នៅ​តែ​មាន​តម្លៃ​ ហើយ​អាច​នឹង​បន្ត​បម្រើ​ប្រយោជន៍​ដល់​កម្ពុជា​តទៅ​ទៀត​បាន។​

យ៉ាង​ណា​ក៏​ដោយ​ កិច្ច​ព្រមព្រៀង​ដ៏​មាន​តម្លៃ ​ប្រសិន​បើ​អនុវត្ត​មិន​បាន​ពេញលេ​ញ ​នោះ​តម្លៃ​របស់​វា​ក៏នឹ​ង​សាប​រលាប​ទៅ​តាម​នោះ​ដែរ។ ប្រៀប​ដូចជា ​ត្បូង​ពេជ្រ​ដ៏​មាន​តម្លៃ​ បើគេ​កប់​វា​ទុក​ចោល​នៅ​ក្នុង​ដី ​នោះ​តម្លៃ​របស់​វា​នឹង​ត្រូ​វបាត់បង់​ជាក់​ជាមិ​នខាន។ ​ដូច្នេះ ​អ្នក​នយោបាយ​ខ្មែរ​គួរ​តែ​អនុវត្ត​ខ្លឹមសារ​សំខាន់​ៗ​ដែល​មាន​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នេះ​ឲ្យ​បាន។​ ចំណែក​ប្រជាពលរដ្ឋ​ ក៏​ត្រូវ​រួមគ្នា​ឃ្លាំ​មើល​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​នេះ​ ឲ្យ​បាន​ដិត​ដល់​ផង​ដែរ។​ គឺ​មាន​តែ​ការ​រួម​ដៃ​គ្នារ​វាង​ប្រជាជាតិ​ខ្មែរ​ទាំង​មូល​ដូច្នេះ​ទេ ​ទើប​អាច​ថែរ​ក្សា​តម្លៃ​របស់កិ​ច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ