អានតួអត្ថបទ
កម្ពុជា

លោកហ៊ុន ​សែន ​ពន្យល់​ពី​ដំណើរ​ស្វែង​រក​សន្តិភាព​ មុន​ខួប​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ​២៣​តុលា​មក​ដល់​

ដូច​ការ​សន្យា​ លោក​នាយក​រដ្ឋ​មន្រ្តីហ៊ុន សែន ​កាល​ពី​ម្សិលមិញ ​បាន​បង្ហោះ​នៅ​ក្នុង​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​លោក​នូវ​អត្ថបទ​ និង​សេចក្តី​ប្រកាស​រួម​មួយ​ចំនួន​រវាង​លោក ​និង​ សម្តេច​ព្រះ​​នរោត្តម សីហនុ ទាក់ទង​នឹង​ដំណើរ​ការ​ស្វែង​រក​ដំណោះ​ស្រាយ​សន្តិភាព​ និង​ការ​បញ្ចប់​សង្រ្គាម​ទាំង​ស្រុង​នៅ​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​​១៩៨៧​មក។ ការ​ចុះផ្សាយ​នេះ​ បាន​ធ្វើ​ឡើង​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ ​មុន​ខួប​លើក​ទី​២៤ ​នៃ​កិច្ច​ព្រមព្រៀងស​ន្តិភាព​ទីក្រុង​ប៉ារីស​​ ដែល​នឹង​មក​ដល់​នៅ​ថ្ងៃ​សុក្រ​ សប្តាហ៍នេះ​។

សម្តេចព្រះនរោត្តម សីហនុ និងលោក ហ៊ុន សែន បាន​កំពុង​ចរចា​គ្នា​ស្វែង​រក​សន្តិភាព ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។
សម្តេចព្រះនរោត្តម សីហនុ និងលោក ហ៊ុន សែន បាន​កំពុង​ចរចា​គ្នា​ស្វែង​រក​សន្តិភាព ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​។ @Samdech Hun Sen
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ឯកសារ​ចំនួន​៧​ទំព័រ​ដែល​បាន​បង្ហោះនៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​រៀបរាប់​ដោយ​សង្ខេប​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​ជាមួយ​សម្តេច​ព្រះ នរោត្តម សីហនុ ​ព្រះ​មហាវីរក្សត្រ​ខ្មែរ​ក្នុង​ដំណើរ​ស្វែង​រក​សុខ​សន្តិភាព​ជូន​ប្រជាពល​រដ្ឋ​កម្ពុជា។ លោកហ៊ុន សែន បាន​តស៊ូ​ស្វែង​រក​សន្តិភាព​ចុងក្រោយ​សម្រាប់​កម្ពុជា​នេះ ​តាំង​ពី​លោក​កាន់​ដំណែង​ជា​រដ្ឋ​មន្រ្តី​ការ​បរទេស ​រហូត​ក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​នៅ​ក្នុង​ខែ​មករា​ ឆ្នាំ​១៩៨៥ ។ គឺ​នៅ​ក្នុង​ដំណែង​ជា​នាយក​រដ្ឋ​មន្រ្តី​នេះ​ហើយ ​ដែល​លោក​ហ៊ុន សែន ​ទទួល​បាន​ជោគជ័យ​ក្នុងការ​​ជួប​ចរចា​ទ្វេភាគី​ជាមួយ​សម្តេច​ព្រះ​នរោត្តម សីហនុ។​

ការ​ចរចា​ដំបូង​រវាង​ឥស្សរជន​នយោបាយ​កំពូល​ទាំងពីរ​របស់​កម្ពុ​ជានេះ ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​​ទី​២​ ​ខែ​ធ្នូ ឆ្នាំ១៩៨៧​ នៅ​FERE-EN-TARDENOIS នៅ​ក្នុង​ប្រទេស​បារាំង។ លោក​នាយក​មន្រ្តី​ បាន​គូស​បញ្ជាក់​នៅ​ក្នុង​ឯក​សារ​ថា ​បើទោះបី​មាន​ការ​លំបាក​ដោយសារ​តែ​ប្រទេស​១​ចំនួន ​និង​ ភាគី​ខ្មែរ​ក្រហម ​ព្រម​ទាំង​រណសិរ្ស​រំដោះប្រជាពលរដ្ឋ​ខ្មែរ​ជំទាស់ ​ប៉ុន្តែ​សម្តេច​ព្រះនរោត្តម សីហនុ បាន​សម្រេច​ព្រះទ័យ​ធ្វើ​ការ​ចរចា​ជាមួយ​លោក។​

បន្ទាប់​ពី​នោះ ​កិច្ច​ចរចា​ទ្វេ​ភាគី ​និង​ត្រី​ភាគី​ដែល​មាន​ការ​ចូលរួម​ពី​ប្រទេស​មួយ​ចំនួន​ត្រូវ​បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​។ កិច្ច​ចរចា​សំខាន់​ៗ​ រួម​មាន​ដូចជា ​ការ​ចរចា​បង្កើត​នូវ​ក្រុម​ប្រឹក្សា​ជាតិ​ជាន់​ខ្ពស់​នៅ​ក្នុង​ឆ្នាំ​១៩៩០ ការ​សម្រេ​ចដោះស្រាយ​ជម្លោះ​នៅ​កម្ពុ​ជាតាម​ផ្លូវ​នយោបាយ ​ការ​ចរចា​លើ​បទ​ឈប់​បាញ់និ​ងរំសាយ​កង​ទ័ព​ និង​ការ​ចរចា​រៀប​ចំ​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា​ជា​ដើម។ នៅ​ថ្ងៃ​ទី​២៣ ​ខែ​តុលា ​ឆ្នាំ១​៩៩១ ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ត្រូវ​បាន​ចុះហេត្ថលេខា ​និង​ ឈាន​ដល់​ការ​បោះឆ្នោត​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​រៀប​ចំ​ឡើង​ដោយ​ប្រធាន​អាជ្ញាធរ​អាសន្ន​របស់​អង្គការ​សហប្រជាជាតិ ​ហៅ​កាត់ថា ​អ៊ុនតាក់​ នៅ​ឆ្នាំ​១៩៩៣។

យ៉ាងណា​ក៏ដោយ លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន បាន​សង្កត់​ធ្ងន់​ថា ​អ្វី​ដែល​កិច្ច​ព្រមព្រៀ​ទីក្រុង​ប៉ារីស​ចង់​បាន​ តែ​អ៊ុនតាក់​មិន​អាចសំរេច​បា​ន​នោះ​ គឺ​នៅ​ពេល​ដែល​អ៊ុនតាក់​ដក​ចេញ ​បាន​បន្សល់​ទុក​ឲ្យ​កម្ពុជា​ មាន​តំបន់​ត្រួតត្រាពីរ​ និង​រដ្ឋាភិបាល​ពីរ​។ បើ​តាម​លោក​ហ៊ុន សែន ​ជំរើស​ចុងក្រោយ សំរាប់​សន្តិភាព​ទាំង​ស្រុង​នៅ​កម្ពុជា​ គឺ​ការ​ដាក់​ចេញ ​និង​អនុវត្ត​នូវ​នយោបាយ​ឈ្នះ​ឈ្នះ​ពី​ឆ្នាំ​១៩៩៦ ដល់​ឆ្នាំ​១៩៩៨។ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​ថា ​នេះ​គឺ​ជា​សន្តិភាព​ដែល​ជនជាតិ​កម្ពុជា​បាន​រួមគ្នា​បង្កើត​ឡើង​ដោយ​ខ្លួនឯង ​គ្មាន​អ្នក​ឈ្នះ ​គ្មាន​អ្ន​កចាញ់ និងឯកភាពជាតិ ឯកភាពទឹកដី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ