អានតួអត្ថបទ
កម្ពុជា

លោកហ៊ុន សែន ​ទាមទារ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ប្រវត្តិ​សាស្រ្ត​មុន​មាន​កិច្ច​ព្រម​ព្រៀង​២៣​តុលា​

នៅ​មុន​មួយ​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ខួប​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​មក​ដល់​ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ប្រវត្តិសាស្រ្ត​ មុន​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។ បើ​តាម​លោក​នាយក​រដ្ឋ​មន្រ្តី​ មាន​មនុស្ស​មួយ​ចំនួន​និយាយ​តែ​ពី​ស្លឹក​ឈើ ​តែមិ​នព្រម​និយាយ​ពី​ឬស​គល់​នៃ​ដើម​ឈើ​នោះ​ទេ។​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ពោល​គឺ​នៅ​ថ្ងៃ​ទី​២២​តុលា ​មុន​មួយ​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី​២៤​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃ​២៣​តុលា​មក​ដល់ ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន​ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ការ​ពិត​ នៃ​ប្រវត្តិសាស្រ្ត​ប្រទេស​កម្ពុជា​ មុន​ពេល​មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃ​២៣​តុលា​ឆ្នាំ​១៩៩១​នេះ។​ នៅ​ក្នុង​សុន្ទរកថា​រយៈ​ពេល​ជិត​មួយ​ម៉ោង ​របស់​លោក​នាយករដ្ឋ​មន្រ្តី​ នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​មិត្តភាព​ កម្ពុជា-ចិន​ ឬស្ពាន​ជ្រោយ​ចង្វា​ទី​២ ​ថ្ងៃ​ទី​២២​តុលា​នេះ ​លោក​ ហ៊ុន សែន ​បាន​អះអាង​ថា​ «មាន​មនុស្ស​មួយ​ចំនួន​បាន​ចាប់​យក​តែ​ចំណុច​មួយ​មក​និយាយ​ តែ​ពួកគេ​មិន​បាន​និយាយ​ពី​ប្រវត្តិសាស្រ្ត​ទាំង​មូល​នោះ​ទេ»។

​ថ្ងៃ​ទី​២៣​តុលា​ ឆ្នាំ​១៩៩១-២៣​តុលា​ឆ្នាំ​២០១៥ ​គឺ​ជា​ខួប​លើក​ទី​២៤ ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ដែល​បាន​ឈាន​ទៅ​រក​តុ​ចរចា​៤ភា​គី ​ដើម្បី​ឈាន​ទៅ​បញ្ចប់​សង្រ្គាម​ស៊ីវិល​ជាង​២​ទស្សវត្សន៍​នៅ​កម្ពុជា​ តាម​រយៈ​ការ​បោះឆ្នោត​ជាតិ​មួយ​កាល​ពី​ឆ្នាំ​១៩៩៣។​

អ្វីជាការ​កត់​សំគាល់ ​ឲ្យ​តែ​ដល់​ការ​ប្រារព្ធ​ខួប​នេះ​ម្តង​ៗ​ ភាគី​អ្នក​នយោបាយ​ខ្មែរ​ តែងតែ​ឲ្យ​តម្លៃ​ផ្សេ​ងៗ​គ្នា​នៃ​ប្រវត្តិសាស្រ្ត​នេះ។ ​ភាគី​ម្ខាង​ បាន​ឲ្យ​តម្លៃ​ទៅ​លើ​កិច្ច​ព្រមព្រៀង​សន្តិភាព​២៣​តុលា​ថា ​បាន​នាំមក​នូវ​សន្តិភាព​នៅ​កម្ពុជា​ ហើយ​ថា​ ថ្ងៃ​រំដោះ​៧​មករា​ឆ្នាំ​១៩៧៩ ​គឺជា​ពេល​ដែល​ទាហ៊ាន​វៀតណាម​បាន​ចូល​មក​ឈ្លាន​ពាន​កម្ពុ​ជា ​ក្រោម​ហេតុផល​វាយ​រំដោះ​ប្រទេស​កម្ពុជា​ពី​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុល​ពត។ ​ចំណែក​ឯ​ភាគី​ខាង​រដ្ឋាភិបាល​វិញ​ ក៏​បាន​ការពារ​អំណះ​អំណាង​របស់​ខ្លួន​ថា​ បើ​គ្មាន​ថ្ងៃ​រំដោះ​៧​មករា​ឆ្នាំ​១៩៧៩​ទេ ​ក៏​គ្មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​នៅ​ទីក្រុង​ប៉ារីស​២៣​តុលា​នោះ​ដែរ។​ ថ្ងៃ​២៣​តុលា ​ត្រូវ​បាន​រដ្ឋាភិបាល​សម្រេច​លុប​ចេញ​ពី​ប្រតិទិន​នៃ​បុណ្យ​ជាតិ​ម្តង​កាល​ពី​ឆ្នាំ​២០០៤​ ប៉ុន្តែ​ក្រោយ​មក​បាន​ដាក់​បញ្ចូល​ឡើង​វិញ​ ចាប់​តាំង​ពី​ឆ្នាំ​២០១២។

​បើតាម​ប្រសាសន៍​របស់​នាយក​រដ្ឋ​មន្រ្តីហ៊ុន សែន ​បើ​គ្មាន​រដ្ឋ​ប្រហារ​ទំលាក់​សម្តេច​ នរោត្តម​ សីហនុនៅ​ឆ្នាំ​១៩៧០​ ក៏​គ្មាន​របប​ប្រល័យ​ពូជ​សាសន៍​ប៉ុលពត​នៅ​ឆ្នាំ​១៩៧៥ ​ហើយ​បើ​គ្មាន​របប​ប៉ុលពត​ឆ្នាំ​១៩៧៥ ​ក៏គ្មាន​ថ្ងៃ​រំដោះ​៧​មករា​ឆ្នាំ​១៩៧៩ ​ហើយ​បើ​គ្មាន​ថ្ងៃ​រំដោះ​៧​មករា​ឆ្នាំ​១៩៧៩ ​ក៏​គ្មា​នថ្ងៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារី​ស២៣​តុលា​ ឆ្នាំ​១៩៩១​នេះ​ដែរ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ