អានតួអត្ថបទ
កម្ពុជា

ជំនួបស ខេង និង សម រង្ស៊ី គ្មានលទ្ធផល

មេដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​នៅ​ល្ងាច​ថ្ងៃ​ទី​២៣ កញ្ញា​នេះ បាន​ជួប​ប្រជុំគ្នា​ដូច​ការ​គ្រោងទុក។ កិច្ច​ប្រជុំ​មាន​សមាស​ភាព​ម្ខាង​៥​រូប នេះ​បាន​ពិភាក្សា​លើ​ច្បាប់​បោះឆ្នោត​ថ្មី។ យ៉ាង​ណាក៏​ដោយ កិច្ច​ប្រជុំ​នេះ គឺ​គ្មាន​លទ្ធផល​អ្វីនោះ​ទេ ប៉ុន្តែ​ភាគី​ទាំងពីរ​គ្រោង​នឹង​ជួប​គ្នានៅ​សប្តាហ៍​ក្រោយ។

លោក ស ខេង និងលោក សម រង្សី ក្នុង​ជំនួប​កាលពី​ថ្ងៃ​ទី២៣ កញ្ញា។
លោក ស ខេង និងលោក សម រង្សី ក្នុង​ជំនួប​កាលពី​ថ្ងៃ​ទី២៣ កញ្ញា។ © siv channa
ផ្សាយពាណិជ្ជកម្ម

កិច្ច​ប្រជុំ​រយៈ​ពេល​មួយ​ម៉ោង​កន្លះ​រវាង​លោក ស ខេង និង​លោក សម រង្ស៊ី មិនមាន​លទ្ធ​ផល​នោះ​ទេ។ លោក​ស ខេង និងលោក សម​រង្ស៊ី មិន​បាន​ធ្វើសន្និ​សីទ​សារព័ត៌មាន​នោះ​ឡើយ។ ប៉ុន្តែ​អ្នកនាំ​ពាក្យ​កិច្ចប្រជុំទាំងពីរ​គណបក្ស​គឺលោក​សក់ ស៊ីថា និងលោក អេង ឆៃអ៊ាង បាន​ប្រាប់​អ្នកសារ​ព័ត៌មាន​នៅក្រោយ​កិច្ច​ប្រជុំ​ថា គណបក្ស​នៅ​ខ្វែង​គំនិត​គ្នា​ចំនួន​៥ចំណុច​លើច្បាប់​បោះឆ្នោតថ្មី។ ​ចំណុច​ទាំង៥​នោះគឺ ទី១ ការ​ហែក្បួន​ឃោសនា​បោះឆ្នោត ២ ការលើក​បដា​គណបក្ស​នៅ​ទី​សាធារណៈ ទី៣ រយៈ​ពេល​នៃការ​ឃោស​នា ទី៤ ទោស​បញ្ញត្តិ និង​ការឈរ​ឈ្មោះ​បោះឆ្នោត និង​ចុងក្រោយ​គឺការ​បន្ថែម​ទោស​ពិន័យ។

 
ដោយ​ឡែក​លោក សក់ ស៊ីថា បាន​បន្ថែម​ថា មេ​ដឹក​នាំ​ទាំង​ពីរ​ត្រូវ​ការ​ពេលវេលា​ដើម្បី​សិក្សា​លើ​ចំណុចទាំង​៥​នេះ​ព្រោះ​ថា ជំនួប​នៅ​ថ្ងៃ​នេះ​គឺជា​ស្វែង​យល់​ពី​គំនិត​និង​បំណង​របស់​ភាគី​ម្ខាងៗ​តែប៉ុណ្ណោះ។អ្នកនាំពាក្យ​កិច្ច​ប្រជុំ​ដដែល​បាន​គូស​បញ្ជាក់​ថា ក្រុម​ការ​ងារ​នៃ​គណបក្ស​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​លើច្បាប់​បោះ​ឆ្នោតថ្មី​នេះ ប្រមាណ៩៨​ភាគ​រយ​ហើយ។

ជំនួប​នៅ​ថ្ងៃពុធ​ទី​២៣ កញ្ញា​នេះ បាន​ពិភាក្សា​តែ​ប្រធាន​បទ​តែ​មួយ​ប៉ុណ្ណោះ​គឺច្បាប់​នៃការ​បោះឆ្នោត​ថ្មីដែល​មាន​ប្រមាណ​១៩០​មាត្រា។ ច្បាប់​នេះ​ត្រូវ​បាន​តាក់​តែង​សារ​ឡើង​វិញ​ក្រោយ​គណបក្ស​សង្គ្រោះជាតិ​ចូល​សភា និង​ជាផ្នែក​មួយ​នៃ​កំណែ​ទម្រង់​បោះឆ្នោត​ផង​ដែរ។ ប្រធាន​បទ​ផ្សេងៗ​ដូច​ជា​ការ​ឃុំ​ខ្លួនសកម្មជន​គណបក្ស​សង្គ្រោះជាតិ និង​តំណាង​រាស្ត្រ​ព្រឹទ្ធសភា និង​របៀប​វារៈ​វិសោធន​កម្ម​បទ​បញ្ជា​ផ្ទៃក្នុង​របស់​រដ្ឋសភា​គឺ​មិន​ត្រូវ​បាន​យក​មក​ពិភាក្សា​នោះ​ទេ។

សមាស​ភាព​ចូល​រួមកិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី២៣ កញ្ញា មាន​ម្ខាងៗ​ចំនួន​៥​រូប​គណបក្ស​ប្រជា​ជន​កម្ពុជា​ដឹក​នាំដោយ​លោក​ ស ខេង ជា​ប្រធាន លោក គាត ឈន់ លោក​ស្រី​ម៉ែន សំ​អន លោក សក់ ស៊ីថា និង លោក​កើត រិទ្ធ។ ដោយ​ឡែក​គណបក្ស​សង្គ្រោះ​ជាតិ ដឹក​នាំ​ដោយ លោក សម រង្ស៊ី ជា​ប្រធាន លោក កឹម​សុខា ជា​អនុ​ប្រធាន លោក​យឹម សុវណ្ណ លោក អេង​ឆៃអ៊ាង និងលោក យ៉ែម បុញ្ញឫទ្ធិ។

បើទោះ​បីជា​ជំនួប​រវាង​លោក ស ខេង និង​លោក សម រង្ស៊ី​មិន​មាន​លទ្ធផល​អ្វី​ជា​ផ្លែផ្កា​នៅ​ពេល​នេះ​ក៏ដោយ ក៏​គណបក្ស​ទាំងពីរ​ព្រមព្រៀង​គ្នា​នឹង​ជួបសារ​ជាថ្មី​នៅ​សប្តាហ៍​បន្ត​ទៀត​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ