អានតួអត្ថបទ
កម្ពុជា

បេក្ខភាព​​សមាជិក​​គ.ជ.ប​ ថ្មី​ នៅ​​មិន​ទាន់​​បើក​គ្រប​​អស់​​នៅ​ឡើយ​

ទោះជា​កាលកំណត់​នៃ​ការទទួល​ពាក្យ​សម្រាប់​តំណែង​សមាជិក គ.ជ.ប ថ្មី ដែល​បាន កំណត់ ៤នាក់​ម្ខាង​ពី​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​ជិត​ដល់ទី​បញ្ចប់ទៅ​ហើយក៏​ដោយ ក៏​គេ​នៅ​មិនទាន់អាច​ដឹងបាន​ពី​ឥស្សរជន​ណាខ្លះ​នៅឡើយ ក្រៅពី​លោក​ហង្ស ពុទ្ធា និង​លោក គួយ​ ប៊ុន​រឿន។នៅថ្ងៃនេះ​ដែរ ក្រុម​អង្គការ​សង្គម​ស៊ីវិល មួយចំនួន​កំពុងមាន​ការចាប់អារម្មណ៍​ហើយ​បាន​ទៅ​ដាក់ពាក្យ​ជា​បន្តបន្ទាប់​ចាប់តាំងពី​ម្សិលមិញ​នៅ​រដ្ឋសភា​តាមរយៈ​កូតា​គណបក្ស​សង្គ្រោះ​ជាតិ។

សកម្មភាព​សុំ​ពាក្យ​ឈរ​ឈ្មោះ​នៃ​សមាជិក​ គ.ជ.ប.
សកម្មភាព​សុំ​ពាក្យ​ឈរ​ឈ្មោះ​នៃ​សមាជិក​ គ.ជ.ប. សហការី
ផ្សាយពាណិជ្ជកម្ម

នៅសល់​ប្រមាណ​ជា៣ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការទទួល​ពាក្យ​សម្រាប់​បេក្ខភាព​សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប)ថ្មី​នឹងត្រូវ​បញ្ចប់។ ក៏ប៉ុន្តែ​គេ​នៅតែ​មិនទាន់​ដឹង​ច្បាស់១០០ ភាគរយ​នៅឡើយ​ទេ​ថា បេក្ខជន​ដែល​គណបក្ស​ទាំងពីរ​សម្លឹង​ឃើញ​ពិតប្រាកដ​ចំនួន ៨នាក់​នោះ​ជា​អ្នកណា​នៅឡើយ ខណៈដែល​លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើលការបោះឆ្នោត​នៅ​កម្ពុជា និចហ្វិក ត្រូវបាន​ជ្រើសរើស​ដោយ​មានការ​យល់ព្រម​ពី​មេដឹកនាំគណបក្សនយោបាយ​ជាប់ឆ្នោត​ទាំងពីរ​កាលពីពេលថ្មីៗនេះ។

ក៏ប៉ុន្តែ​ក្រៅពី​លោក ហង្ស ពុទ្ធា ដែលជា​សមាជិក​ទី៩ មកពី​សង្គម​ស៊ីវិល ជំនួស លោកស្រី
វេជ្ជបណ្ឌិត ពុង ឈីវកេក ដែល​មិន​ទទួលយក​តំណែង​នេះ គេ​អាច​ដឹងបានខ្លះៗថា មាន​បេក្ខជន មួយចំនួន​ហើយ​ដែល​អាច​នឹង​បង្ហាញមុខ​នៅក្នុង គ.ជ.ប ថ្មី​នោះ គឺមាន​លោក គួ​យ
ប៊ុន​រឿន មកពី​កូតា​គណបក្ស​សង្គ្រោះ​ជាតិ និង​បេក្ខភាព៤រូប​ទៀត​មកពី​ខាង​កូតា​គណបក្សកាន់អំណាច។

លោក ​សួស យ៉ារ៉ា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ឲ្យ​វិទ្យុ​បារាំង​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ជា​ផ្លូវការ​ដំណាក់កាល​ចុងក្រោយ​ក៏មាន​ការផ្លាស់ប្តូ​រដែរ បើ​ទោះណាជា​ថ្នាក់ដឹកនាំ​បានកំណត់​ឈ្មោះ​បេក្ខជន​រួចហើយ​ក៏ដោយ។ លោ​កថា​រឿងនេះ​អាស្រ័យទៅលើ​ការសម្រេច
ចិត្ត​ខ្ពស់​របស់​បុគ្គល ដែល​ត្រូវ​លះបង់​តំណែង​និង​តួនាទី​បច្ចុប្បន្ន ហើយ​ទៅ​ចូលរួម​ជាមួយ ស្ថាប័ន​គ.ជ.ប មួយ​ដែល​ឯករាជ្យ។

ដោយឡែក មកទល់​ថ្ងៃ​នេះដែរ​គេ​សង្កេតឃើញ​សមាសភាព​មកពី​អង្គការ​សង្គម​ស៊ីវិល​មួយចំនួនទៀត បានដាក់​ពាក្យ​ទៅ​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា ក្នុងនោះ​មាន​លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ផងដែរ ដែល​បានដាក់​ពាក្យ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ សម្រាប់​កូតា​គណបក្ស​សង្គ្រោះ​ជាតិ។

លោក យ៉ែម បុញ្ញរិទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថ្ងៃនេះ​ដែរ​ថា គណបក្ស​លោក​កំពុង​រង់ចាំ​បញ្ជី​ឈ្មោះ​ពី​រដ្ឋសភា​វិញ ដើម្បី​ធ្វើការ​ពិនិត្យមើល​ពីស​ម្ថ​ភាព និង​លក្ខណៈសម្បត្តិ​របស់​បេក្ខជន​បី​រូប​ទៀត ដោយ​ក្នុងនោះ​មាន​ពីររូប​មកពី​អង្គការ​សង្គម​ស៊ីវិល។
សូមបញ្ជាក់ថា​រហូតមក​ទល់​ថ្ងៃ​ម្សិលមិញ អ្នក​ដែល​ទៅសុំ​ពាក្យ​នៅ​រដ្ឋសភា មាន​ប្រមាណ​ជាង ៥០នាក់ ក៏ប៉ុន្តែ​ចំនួន​ពាក្យ​ដែល​បានដាក់​ដើម្បី​ប្រជែង​គ្នា​ជា​បេក្ខជន​ចូល​បំរើ​ការងារ​ជា​សមាជិក គ.ជ.ប ថ្មី មាន​ប្រហែល​ពី ៤ ទៅ៥នាក់​នៅឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ