អានតួអត្ថបទ
កម្ពុជា

បក្ស​កាន់​អំណាច​ ស្នើ​បក្ស​ប្រឆាំង​ឲ្យ​គោរព​ច្បាប់

បន្ទាប់​ពី​គណបក្ស​សង្គ្រោះជាតិ ​បាន​ចេញ​ថ្លែង​ការណ៍​អំពាវនាវ​ឲ្យ​ដោះលែង​ដោយ​គ្មាន​លក្ខខណ្ឌ​នូវ​សកម្មជន ដែល​ទើប​ត្រូវ​បាន​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​ ៥​សីហា អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី ៦​សីហា​នេះ បាន​ស្នើ​ទៅ​បក្ស​ប្រឆាំង​វិញ ឲ្យ​គោរព​ច្បាប់​របស់​កម្ពុជា​ផង។ គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ថា ខ្លួន​នៅ​តែ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍ ៤​ចំនុច ហើយ​ក៏​បញ្ជាក់​ដដែល​ថា បក្ស​កាន់​អំណាច គ្មាន​សមត្ថកិច្ច​ក្នុង​រឿង​ប្រព័ន្ធ​តុលាការ​នោះ​ទេ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ចាប់ដៃគ្នា ក្រោយជួបប្រជុំកិច្ចព្រមព្រៀងនយោបាយ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក សម រង្ស៊ី ចាប់ដៃគ្នា ក្រោយជួបប្រជុំកិច្ចព្រមព្រៀងនយោបាយ។ @RFI
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សួស យ៉ារ៉ា​ បាន​ប្រាប់​វិទ្យុ​បារាំង​ នៅ​ថ្ងៃ​ទី​ ០៦​សីហា​នេះ​ថា​ គណបក្ស​កាន់​អំណាច នៅ​តែ​ប្រកាន់​គោលការណ៍ ៤​ចំនុច​របស់​ខ្លួន​ដដែល។ គោលការណ៍​ទាំង​ ៤​ចំនុច ដែល​រួម​មាន ការ​ប្រកាន់​ខ្ជាប់​នូវ​វប្បធម៌​សន្ទនា ប៉ុន្តែ​ត្រូវ​ស្ថិត​នៅ​ក្រោម​ឆ័ត្រ​នៃ​រដ្ឋ​ធម្មនុញ្ញ និង​ច្បាប់​នានា។ គោរព​នូវ​កិច្ច​ព្រម​ព្រៀង​ថ្ងៃ​ទី​ ២២កក្កដា ឆ្នាំ ២០១៤។ គោរព​សិទ្ធិ​មនុស្ស និង​សេរីភាព​បុគ្គល​គ្រប់រូប ក្នុង​ការ​អនុវត្ត​សិទ្ធិសេរីភាព​របស់​ខ្លួន​ក្រោម​ច្បាប់​របស់​រដ្ឋ និង​ការ​ពង្រឹង​នីតិរដ្ឋ​នៅ​កម្ពុជា។

ការ​បញ្ចាក់​របស់​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ពេល​នេះ ធ្វើ​ឡើង បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍ សម្តែង​ការ​សោកស្តាយ​ ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្ត​បន្ទាប់ កាល​ពី​ថ្ងៃ​ទី ៥​សីហា។ ការ​ចាប់​ខ្លួន ដែល​បក្ស​ប្រឆាំង អះអាង​ថា បាន​ធ្វើ​ផ្ទុយ​ពី​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​ ថ្ងៃ​ទី ២២​កក្កដា ឆ្នាំ ២០១៤ រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ។ បក្ស​សង្គ្រោះ​ជាតិ ថែម​ទាំង​បាន​ ស្នើ​ឲ្យ​បក្ស​កាន់​អំណាច​បញ្ឃប់​ជា​បន្ទាន់​ ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ ដើម្បី​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​ សកម្មជន​របស់​ខ្លួន​ថែម​ទៀត​ផង។

ផ្ទុយ​ពី​ការ​ចោទ​ប្រកាន់​នេះ អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច បាន​បក​ស្រាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​មាន​អំណាច​លើ​ប្រព័ន្ធ​តុលាការ ដែល​ជា​អំណាច​ឯករាជ្យ​នៅ​កម្ពុជា​នោះ​ទេ។ លោក​សួស យ៉ារ៉ា បាន​បញ្ជាក់​ថា បក្ស​ប្រជាជន ស្វាគមន៍​ចំពោះ​ការ​ចរចា​គ្រប់​រូបភាព ប៉ុន្តែ​ក៏​បាន​ស្នើ​ឲ្យ​បក្ស​សង្គ្រោះជាតិ ហ៊ាន​ប្រឈម​មុខ​ជាមួយ​ច្បាប់​របស់​កម្ពុជា​ផង​ដែរ។

លោក​សួស យ៉ារ៉ា និយាយ​ថា​៖ «ខ្ញុំ​អាច​ជូន​សេចក្តី​ទៅ​គណបក្ស​ដៃ​គូ​ថា បើ​សិន​ជា​ចង់​ចរចា​ ឬ​មួយ​ក៏​យ៉ាង​ម៉េច បើ​ចរចា ក្នុង​ន័យ​សហប្រតិបត្តិការ ដើម្បី​ធ្វើ​ម៉េច​ពង្រឹង​និតិរដ្ឋ​នៅ​កម្ពុជា ប្រហែល​ជា​ល្អ​ជាង​ ការ​ចរចា​ដើម្បី​ដោះលែង​ជន​ផ្សេង​ៗ ព្រោះ​បើ​ចង់​ចរចា​ត្រូវ​តែ​ធ្វើ​តាម​នីតិវិធី​តុលាការ ដើម្បី​ប្តឹង​ទៅ​សាលាឧទ្ធរណ៍ ​ឬ​មួយ​ក៏​ស្វែង​រក​ភស្តុតាង​ណា​ថ្មី ដើម្បី​បញ្ជាក់​ថា​ពួកគេ​គ្មាន​កំហុស អា​នឹង​រឿង​របស់​គាត់។»

សូម​បញ្ជាក់​ថា ស្ថានភាព​នយោបាយ​នៅ​កម្ពុជា ក្នុង​ពេល​ថ្មី​ៗ​នេះ កំពុង​តែ​កើន​កំដៅ ដោយសារ​មាន​ការ​ផ្ទន្តាទោស ចាប់​ខ្លួន និង​កំពុង​តែ​តាម​ចាប់​ខ្លួន​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ជា​បន្ត​បន្ទាប់។ សកម្មភាព​ទាំង​នេះ បាន​ធ្វើ​ឲ្យ​បក្ស​ប្រឆាំង ចោទ​បក្ស​កាន់​អំណាច​ថា បាន​លូកដៃ​ចូល​ក្នុង​ប្រព័ន្ធ​តុលាការ ក្នុង​គោល​ដៅ​គំរាម​កំហែង​សកម្មជន​បក្ស​សង្គ្រោះជាតិ មិន​ឲ្យ​បំពេញ​តួនាទី ស្រប​តាម​លទ្ធិប្រជាធិបតេយ្យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ