អានតួអត្ថបទ
កម្ពុជា

ខេត្ត​បាត់ដំបង​នឹង​ត្រូវ​ដាក់​ឲ្យ​អនុវត្ត​កម្មវិធី​ផ្ទេរ​ស្វយ័ត​អប់រំ​ពី​ថ្នាក់​ក្រសួង​ទៅ​ថ្នាក់​ក្រុង-ស្រុក

លោក​ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​ឲ្យ​ដឹង​ថា ខេត្ត​បាត់​ដំបង នឹង​ត្រូវ​អនុវត្ត​កម្មវិធី​ផ្ទេរ​ស្វយ័ត​អប់រំ​ពី​ថ្នាក់​ក្រសួង ទៅ​ថ្នាក់​ក្រុង-ស្រុក ដើម្បី​ពង្រឹង​គុណភាព អប់រំ​ថ្នាក់​មូលដ្ឋាន​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ។ ចំណែក​អង្គការ​ផ្នែក​អប់រំ​ថា វិមជ្ឈការ​អំណាច​បែប​នេះ គួរ​តែ​ធ្វើ​ឲ្យ​ដល់​ថ្នាក់​ឃុំ។

ខេត្តបាត់ដំបងនឹងត្រូវដាក់ឲ្យអនុវត្តកម្មវិធីផ្ទេរស្វយ័តអប់រំពីថ្នាក់ក្រសួងទៅថ្នាក់ក្រុង ស្រុក
ខេត្តបាត់ដំបងនឹងត្រូវដាក់ឲ្យអនុវត្តកម្មវិធីផ្ទេរស្វយ័តអប់រំពីថ្នាក់ក្រសួងទៅថ្នាក់ក្រុង ស្រុក RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ជាតិ​ កាល​ពី​ថ្ងៃ​ទី​ ២៨ កញ្ញា បាន​ប្រកាស​យក​ខេត្ត​បាត់​ដំបង​ ក្នុង​ការ​អនុវត្ត​វិមជ្ឈការ​អំណាច​លើ​វិស័យ​អប់រំ​ដំបូង​គេ រួម​ចំណែក​ធ្វើ​ឲ្យ​គុណភាព​អប់រំ​នៅ​ថ្នាក់​មូលដ្ឋាន​កាន់​តែ​ប្រសើរ​ឡើង។ លោក​រដ្ឋ​មន្ត្រី​បាន​ឲ្យ​ដឹង​ទៀត​ថា​ថ្នាក់​ស្រុក​ស្ថិត​នៅ​គៀក​នឹង​ប្រជាពលរដ្ឋ​ជាង និង​ងាយ​ស្រួល​ក្នុង​ការ​ឆ្លើយ​តប​ឲ្យ​ចំ​ទិសដៅ និង​ទាន់​ពេល​វេលា។

តាម​ទីភ្នាក់ងារ​ព័ត៌មាន​ជាតិ​ដដែល​បាន​ដក​ស្រង់​ការ​បញ្ជាក់​របស់​លោក​ស ខេង ថា​ថ្នាក់​ស្រុក​នឹង​គ្រប់​គ្រង​គ្រូ​បង្រៀន​ដោយ​ផ្ទាល់ ដូច​ជា​ការ​បើក​ប្រាក់​បៀវត្សរ៍ ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ ការ​ជួស​ជុល សាលារៀន និង​ការ​ជ្រើសរើស​គ្រូ​បង្រៀន​ជា​ដើម។

លោក សន ជ័យ នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា និង​ជា​អ្នក​តាម​ដាន​បញ្ហា​សង្គម​ដែរ​នោះ បាន​ឲ្យ​ដឹង​ថា​រដ្ឋាភិបាល​គួរ​តែ​ប្រគល់​ការ​គ្រប់​គ្រង​នេះ​ទៅ​ឲ្យ​ថ្នាក់​ឃុំ​ទើប​ត្រូវ ព្រោះ​ថ្នាក់​ឃុំ​សង្កាត់​នៅ​ជិត​ប្រជាពលរដ្ឋ​ជាង។ យ៉ាង​ណាមិញ​លោក​យល់​ថា​ការ​ធ្វើ​វិមជ្ឈការ​លើ​វិស័យ​អប់រំ​នៅ​ពេល​នេះ​ ជា​ការ​ប្រសើរ ព្រោះ​សាលា​រៀន​មិន​ចាំ​បាច់​រងចាំ​ការ​ឆ្លើយ​តប​ណាមួយ​ពី​រដ្ឋាភិបាល​នោះ​ទេ។

ជុំវិញ​ការ​ធ្វើ​វិមជ្ឈការ​នៃ​ប្រព័ន្ធ​អប់រំ​នេះ វិទ្យុ​បារាំង​អន្តរជាតិ​មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​ក្រសួង​អប់រំ​បាន​ទេ​នៅ​ថ្ងៃ​ទី​ ៣០ កញ្ញា​នេះ។

លោក​ចាន់ សុផល អភិបាល​ខេត្ត​បាត់​ដំបង​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​ថា ការ​ផ្ទេរ​ភារៈកិច្ច​នេះ​មក​ថ្នាក់​ស្រុក​ជា​អ្នក​គ្រប់គ្រង គឺ​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ប្រទេស​កម្ពុជា។ លោក​បញ្ជាក់​ថា ប្រសិន​បើ​ការ​ផ្ទេរ​មក​ឲ្យ​ថ្នាក់​ឃុំ​ជា​អ្នក​គ្រប់​គ្រង​ គឺ​មិន​អាច​ធ្វើ​ទៅ​រួច​ទេ ដោយសារ​តែ​ថ្នាក់​ឃុំ​មិន​មាន​សមត្ថភាព​គ្រប់​គ្រាន់ និង​មិន​មាន​មន្ត្រី​សម្រាប់​អនុវត្ត។ ចំណែក​ថ្នាក់​ស្រុក គឺ​ជា​ថ្នាក់​មួយ ដែល​សម​ស្រប​នឹង​កំណែ​ទម្រង់​រដ្ឋាភិបាល។​

យោង​តាម​គោល​នយោបាយ​ស្តីពី កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ក្នុង​វិស័យ​អប់រំ ចេញ​ផ្សាយ​កាល​ពី​ដើម​ខែ​កញ្ញា បាន​ឲ្យ​ដឹង​ថា គោល​នយោបាយ​នេះ មាន​គោល​បំណង​ពង្រឹង​ការ​ចូលរួម ការ​ទទួល​ខុស​ត្រូវ ធានា​តម្លាភាព និង​ប្រសិទ្ធិភាព​របស់​រដ្ឋ​បាល​ថ្នាក់​ក្រោម​ជាតិ និង​គ្រឹះ​ស្ថាន​សិក្សា​សាធារណៈ ក្នុង​ការ​ពង្រឹង​យន្ត​ការ​ស្វ័យ​ភាព​គ្រឹះស្ថាន​សិក្សា​សាធារណៈ។

សូម​បញ្ជាក់​ថា​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា​រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ និង​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ បាន​ប្រកាស​ ដាក់ដំណើរ​ការ​កម្មវិធី​ផ្ទេរ ការ​អប់រំ​ថ្នាក់​បឋម​សិក្សា មតេយ្យ​សាលា និង​ការ​អប់រំ​កុមារ​តូច​ទំាង​ក្នុង និង​ក្រៅ​ប្រព័ន្ធ​ទៅ​ថ្នាក់​ក្រុង​ស្រុក​ទំាង​១៤ ក្នុង​ខេត្ត​បាត់​ដំបង។ តាម​គម្រោង​​កម្មវិធី​នេះ​នឹង​ត្រូវ​ដាក់​ឲ្យ​អនុវត្ត​ទូទាំង​ប្រទេស​​នៅ​ឆ្នាំ​២០១៩​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ