អានតួអត្ថបទ
កម្ពុជា-អប់រំ

នាយករដ្ឋមន្ត្រី ​ប្រាប់​រដ្ឋមន្ត្រី​ឲ្យ​ពិនិត្យ​លទ្ធភាព​សិស្ស​ជាប់​បាក់​ឌុប​គ្រប់​និទ្ទេស​ប្រឡង​ចូល​គ្រូ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បាន​ប្រាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន ឲ្យ​ពិនិត្យ​លទ្ធភាព​ដល់​សិស្ស​ប្រឡង​ជាប់​បាក់​ឌុប​គ្រប់​និទ្ទេស​រាប់​ចាប់​តាំង​ពី A ដល់E ដើម្បី​ឲ្យ​ពួកគេ​ប្រឡង​ចូល​ក្រប​ខណ្ឌ​គ្រូ​ដោយ​ស្មើ​ភាព។ នេះ​ជា​លទ្ធភាព​ថ្មី ព្រោះ​កន្លង​មកសិស្ស​ទទួល​បាន​និទ្ទេស A B C ពួក​គេ​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ក្រប​ខណ្ឌ​គ្រូ​ដោយ​ស្វ័យ​ប្រវត្តិ។

លោក​រដ្ឋ​មន្ដ្រី​ក្រសួង​អប់រំ ហង់ ជួន ណារ៉ុន បើក​កញ្ចប់​វិញ្ញាសា​ប្រឡង​បាក់​ឌុប នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ព្រឹក​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០១៤
លោក​រដ្ឋ​មន្ដ្រី​ក្រសួង​អប់រំ ហង់ ជួន ណារ៉ុន បើក​កញ្ចប់​វិញ្ញាសា​ប្រឡង​បាក់​ឌុប នៅ​វិទ្យាល័យ​ព្រះ​ស៊ីសុវត្ថិ ព្រឹក​ថ្ងៃ​ទី​០៤ ខែ​សីហា ឆ្នាំ​២០១៤ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ការ​ជម្រុញ​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ដូច្នេះ​បន្ទាប់​ពី​លោក​ទទួល​បាន​សំណើរ​ក្នុងទំព័រ​ហ្វេសប៊ុក​ថា វាជា​រឿង​អយុត្តិធម៌​សម្រាប់​សិស្ស​ទទួល​បាន​និទ្ទេស DនិងE​នៅ​ពេល​ដែលក្រសួង​បញ្ចូល​សិស្ស​ទទួល​បាន​និទ្ទេស A B C ក្នុង​ក្រប​ខណ្ឌ​គ្រូ​ដោយ​ស្វ័យ​ប្រវត្តិ​។ មតិ​ខ្លះទៀត​បាន​ប្រាប់​មក​កាន់​លោកនាយករដ្ឋមន្ត្រីថា ទុក​តែ​និទ្ទេស A និង B បាន​ហើយដាក់​បញ្ចូលក្នុង​ក្រប​ខណ្ឌ​គ្រូ។

ប៉ុន្តែ​មតិ​ទាំង​នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​ទាន់​បាន​ធ្វើ​ការ​ឆ្លើយ​តប​ភ្លាមៗ​ទេ​ដោយលោក​បាន​គូសបញ្ជាក់ថា រង​ចាំ​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន ​ជាមុន​សិន។ ប្រសិន​បើ​សំណើរ​ទទួល​បាន​ការ​ឯកភាព លោកនាយករដ្ឋមន្ត្រី​បាន​លើក​ចិត្ត​ទុក​ជាមុន​ឲ្យ​សិស្ស​ជាប់​និទ្ទេស A B C កុំ​ខ្លាច​នៅ​ក្នុង​ការ​ប្រឡង​ចូល​ក្របខណ្ឌ​គ្រូ​ទាំង​អស់​គ្នា​ជាមួយសិស្ស​និទ្ទេស D និង E។ មុន​មាន​ការ​លើក​ចិត្ត​នេះ លោក ហ៊ុន សែន បង្ហើបថា គួរ​តែ​អនុគ្រោះដល់​និទ្ទេស A ដោយ​ឲ្យ​ពួក​គេ​ចូល​ក្រប​ខណ្ឌ​គ្រូ​ដោយ​ស្វ័យ​ប្រវត្តិ។ ប៉ុន្តែ​ផ្ទុយ​មក​វិញ​លោក​នៅតែ​ចង់ A ចូល​រួមប្រឡង​ដោយ​ស្មើ​គ្នា​ព្រោះ​គេ​មាន​សមត្ថភាព​រួច​ទៅ​ហើយ។

បច្ចុប្បន្ន​តម្រូវ​ការ​គ្រូ​មាន​ចំនួន ៣០០០ នាក់​ក្នុង​មួយ​ឆ្នាំ។ បើ​តាម​ការ​ប៉ាន់​ស្មាន​របស់​លោក​នាយករដ្ឋមន្ត្រី​យ៉ាង​ហោច​ណាស់​ក៏​មាន​សិស្ស​២ម៉ឺន​នាក់​ដាក់​ពាក្យ​ប្រឡង​ធ្វើ​គ្រូ​ដែរ។ ដូច្នេះលោក​បន្ថែមថា គួរ​តែ​មាន​ការ​ប្រឡង​ដើម្បី​ជម្រាញ់​ជ្រើស​រើស​គ្រូ​ដែល​ពូកែ ទោះ​ត្រូវ​ចំណាយថវិកា​ក៏​ដោយ​ដើម្បី​ទទួល​បាន​មក​វិញ​នូវ​សមធម៌​សង្គម។

លោក សន ជ័យ តំណាង​សម្ព័ន្ធ​គណនេយ្យ​ភាព​​សង្គម​ប្រចាំ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក យល់​ថា ក្រសួង​គួរ​តែ​រក្សា​ទុក​អាទិភាព​ដដែល​ដល់​សិស្ស​ជាប់ A B C​ មិន​គួរ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ភ្លាមៗ​ទេ។ ព្រោះ​សិស្ស​ដែល​ទទួល​បាន​និទ្ទេស​ទាំងបី​នេះ​មិន​ប្រាកដ​ថា ​ពួក​គេ​ប្រឡង​ចូល​ក្រប​ខណ្ឌ​គ្រូ​ទេ។

លោក​មើល​ឃើញ សំណូមពរ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អាច​ធ្វើ​ឲ្យ​មាន​ការ​លំបាក់​ដល់​ក្រសួង​អប់រំ​ព្រោះ​ក្រសួង​ធ្លាប់​បាន​អះអាង​ក្នុង​ការ​រក្សា​នូវ​គោលការណ៍​ដដែល។ សម្រាប់លោក សន ជ័យ ចាត់​ទុក​ការ​ជម្រុញ​របស់​លោក ហ៊ុន សែន គឺជា​ការ​ចង់​បាន​ប្រជាប្រិយ​បន្ថែមពី​សិស្ស​ជាប់​និទ្ទេស D និង E។

សូមបញ្ជាក់ថា នៅឆ្នាំនេះមាន​បេក្ខជន​ជាង៥ម៉ឺននាក់ប្រឡងជាប់។បេក្ខជន​ជាប់​និទ្ទេស​A​មាន​ចំនួន​ដល់​ទៅ៤០៥នាក់ និទ្ទេស B មាន​ចំនួន២ពាន់៨រយ១នាក់ និទ្ទេស C មាន​ចំនួន​ជាង៥ពាន់នាក់ និទ្ទេស D មាន​ចំនួនជាង៨ពាន់នាក់និង​និទ្ទេស E មាន​ចំនួនជាង៣ម៉ឺន៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ