អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

ជន​បរទេស​ជាង​៣០០​នាក់​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បោះ​ឆ្នោត

ការ​បិទ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដំបូង​នឹង​បិទ​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​ទី​១៤​មករា​នេះ តាម​ការគ្រោង​ទុក​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត។ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គជប​បាន​វាយ​តម្លៃ​ថា ការ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​នេះ​ដំណើរ​ការ​ទៅ​ល្អ​ហើយ​ពលរដ្ឋយ៉ាង​ច្រើន​កុះករ​បាន​អញ្ជើញ​ទៅ​ពិនិត្យ​ឈ្មោះ។ រយៈ​ពេល​១៤​ថ្ងៃ​នៃ​ការ​ពិនិត្យ​ឈ្មោះ​គជប​ថា មាន​ជនបរទេស​ជាង​៣០០​នាក់​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត។ នេះ​បើយោង​តាម​បណ្ដឹង​ដែល​គជប​ទទួល​បាន។ ហើយ​ជន​បរទេស​ជាង​៣០០​នេះ​ក៏​មិន​ទាន់ត្រូវ​លុប​ឈ្មោះ​ចេញ​ដែរ​ដោយ​រង​ចាំ​ការ​បញ្ជាក់​សញ្ជាតិ​ពី​ក្រសួង​មហា​ផ្ទៃ​និង​អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេស​ន៍​។

ផ្សាយពាណិជ្ជកម្ម

១៤​ថ្ងៃ​នៃ​ការ​បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នេះ គឺ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ទទួល​បានបណ្ដឹង​​​ជាង​៧០០​ករណី។ ហើយ​១៦​ករណី​បាន​មក​ដល់​ដៃ​គជប​ដែល​ជា​ប្រភេទ​បណ្ដឹ​ង​សង្ស័យ​ថា ជន​ជាតិ​រៀតណាម​និង​ជាតិ​សាសន៍​ផ្សេង​ទៀត​បាន​មក​ចុះ​ឈ្មោះបោះឆ្នោត​រហូត​ដល់​ទៅ​ជាង​៣០០​នាក់។

សម្រាប់​ដំណោះ​ស្រាយ​ចំពោះ​ការ​រក​ឃើញ​ជន​បរទេស​ជាង​៣០០​នាក់​នៅ​ក្នុង​បញ្ជីឈ្មោះ​បោះ​ឆ្នោត​ដែល​បណ្ដឹង​ភាគ​ច្រើន​ចេញ​ពី​គណបក្ស​សង្គ្រោះជាតិ​នេះ គជប​កំពុងរៀប​ចំ​ឯក​សារ​បញ្ជូន​ទៅ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​មាន​សមត្ថកិច្ច​ចេញ​អត្ត​សញ្ញា​ណបណ្ណ​ទៅ​ប្រជា​ពល​រដ្ឋ។

ហើយ​ក៏​គ្រោង​រៀប​ចំ​ឯកសារ​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​ឲ្យ​ស្ថាប័នទាំង​នេះ​បញ្ជាក់​មក​គជប​វិញ​ថា ឈ្មោះ​ជន​បរទេស​ដែល​មាន​នៅ​ក្នុង​បញ្ជី​ឈ្មោះបោះឆ្នោត​ជា​ប្រភេទ​ជន​អន្តោ​ប្រវេសន៍​ឬ​ក៏​ពួក​គេ​ទទួល​បាន​សញ្ជាតិ​ជា​ជន​ជាតិ​ខ្មែរ​ហើយ។ ក្រោយ​ទទួល​បាន​ការ​ឆ្លើយ​តប​គជប​នឹង​កោះ​ប្រជុំ​ជា​មួយ​ម្ចាស់​បណ្ដឹង​ជជែក​លើ​បញ្ហានេះ។

លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គជប​អះអាង​ថា ជា​នីតិវិធី​គជប​មិន​អាច​លុប​ឈ្មោះ​ជនបរទេស​ទាំង​នោះ​ភ្លាមៗ​ទេ​ពោល​គឺ​អ្នក​ប្ដឹង​ត្រូវ​មាន​សាក្សី​និង​ភស្ដុ​តាង។ លោក​បន្ថែម​ថា​សម្រាប់​គជប​មិន​មែន​ចេះ​តែ​ដោះស្រាយ​ពាក្យ​បណ្ដឹង​ដោយ​គ្មាន​ហេតុផល​នោះ​ទេ។

ដោយ​ឡែក​ចំពោះ​ពាក្យ​បណ្ដឹង​ជាង​៧០០​ករណី​ផ្សេង​ទៀត​ជា​ប្រភេទ​បណ្ដឹង​កែទិន្នន័យ​ឈ្មោះ​ខុស​អក្សរាវិរុទ្ធ​និង​ភេទ​ជា​ដើម។ លោក ហង្ស ពុទ្ធា បន្ត​វាយ​តម្លៃ​ថាពលរដ្ឋ​មិន​ទាំង​អស់​ទេ​ដែល​អញ្ជើញ​ទៅ​ពិនិត្យ​ឈ្មោះ​ព្រោះ​ថា ករណី​ខ្លះ​ពលរដ្ឋ​ចុះឈ្មោះ​រួច​ហើយ​ពួក​គេ​ត្រឡប់​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​វិញ។

លោក ហង្ស ពុទ្ធា ក៏​បាន​លើក​ចិត្ត​ដល់​ពលរដ្ឋ​ខ្មែរ​ផ្សេង​ទៀត​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភនៅ​ពេល​ដែល​មិន​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ឲ្យ​តែ​ពួក​គេ​មាន​បង្កាន់​ដៃ។ម្យ៉ាង​ទៀត​ឈ្មោះ​ពួក​គេ​អាច​នៅ​ការិយាល័យ​ផ្សេង​ក្រៅ​ពី​ការិយា​ដែល​ចុះ​ឈ្មោះ។ក្រោយ​ការ​ដោះ​ស្រាយ​ពាក្យ​បណ្ដឹង​ចប់​សព្វ​គ្រប់​គជប​នឹង​ប្រកាស​សុពល​ភាព​នៃ​បញ្ជីឈ្មោះ​បោះ​ឆ្នោត។ បន្ទាប់​មក​ក៏​ផ្ដើម​ចុះ​ឈ្មោះ​បេក្ខជន​នៃ​គណបក្ស​នយោបាយ។

សូម​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​៩​លាន​៦​សែន​នាក់​ដែល​មាន​សិទ្ធ​ចុះ​ឈ្មោះបោះ​ឆ្នោត​ប៉ុន្តែក្នុង​នោះ​មាន​ប្រជាពលរដ្ឋ​តែចំនួន​៧​លាន​៨​សែន​នាក់​ប៉ុណ្ណោះ​បាន​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ