អានតួអត្ថបទ
កម្ពុជា

គិត​ត្រឹមថ្ងៃទី​១១មករា, CNRP បាន​ប្តឹង​ទៅ​គ.ជ.ប. ៥ ករណី សង្ស័យ​​ជន​បរទេស​មាន​ឈ្មោះបោះឆ្នោត

ប្រធាន​នាយកដ្ឋាន​បោះឆ្នោត​និង​នីតិកម្ម របស់​គណបក្ស​សង្គ្រោះជាតិ​ ​អ្នក​ស្រី ម៉េង សុភារី ប្រាប់វិទ្យុ​បារាំងអន្តរជាតិ​​​ថា គិត​ត្រឹមថ្ងៃទី​១១មករា ល្ងាច​ម្សិលមិញនេះ បក្ស​សង្គ្រោះជាតិ​​ បាន​ប្តឹងទៅ​​គ.ជ.ប. ចំនួន​៥ករណី ​ទាក់​ទងទៅនឹង​ការ​សង្ស័យ​​ជន​បរទេស ​មាន​ឈ្មោះក្នុង​បញ្ជី​បោះឆ្នោតឃុំ​សង្កាត់​។ ពាក្យ​បណ្តឹង​ទាំងនោះ មាន​មកពី​ខេត្តកំពង់​ឆ្នាំង​ កំពង់ស្ពឺ​ ព្រះ​សីហនុ ប៉ៃលិន​ និង ព្រៃវែង។ បើតាម​អ្នក​ស្រី ម៉េង សុភារី, ភាគ​ច្រើន​នៃបណ្តឹង​ទាំង​នោះ គឺបក្ស​ប្រឆាំង​ប្តឹងចំពោះ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ដែល​សម្រេច​រក្សា​ទុក​ឈ្មោះ​របស់ជន​បរទេស​។​​​ សូម​ស្តាប់ប្រាសាសន៍​របស់​អ្នក​ស្រី ម៉េង សុភារី ប្រធាន​នាយកដ្ឋាន​បោះឆ្នោត​និង​នីតិកម្ម របស់​គណៈបក្ស​សង្គ្រោះជាតិ​៖​

ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោតនៅ​សង្កាត់ផ្សារដេប៉ូ២ ក្នុងរាជធានីភ្នំពេញ
ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោតនៅ​សង្កាត់ផ្សារដេប៉ូ២ ក្នុងរាជធានីភ្នំពេញ © ស៊ុន មេសា
ផ្សាយពាណិជ្ជកម្ម

ក៏ប៉ុន្តែ​អ្នក​នាំពាក្យ​គ.ជ.ប.ប្រាប់វិទ្យុបារាំងនៅល្ងាចថ្ងៃពុធថា រហូត​មក​ដល់ល្ងាច​ថ្ងៃទី​១១​មករា​​ម្សិល​មិញ​នេះ មាន​អ្នក​ប្តឹង​តវ៉ា​ទៅគណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គឺមាន​តែ​ជាង​៥រយករណី​តែប៉ុណ្ណោះ។  តាម​ប្រភព​ដដែល, អ្នក​ដែល​ប្តឹង​ទាំង​ជាង​៥រយនាក់នោះ គឺភាគ​ច្រើន​ទាក់​ទង​នឹង​រឿង​ខុស​ឈ្មោះ​ និង​ខុស​ទិន្នន័យ​ផ្ទាល់​ខ្លួន។

ចំណែក​បណ្តឹង​តវ៉ា​ពី​សំណាក់​បក្ស​ប្រឆាំង​ ត្រូវ​លោក ហង្ស ពុទ្ធា បញ្ជាក់ថា គ្មាន​ទាន់​ឃើញ​មាន​ពាក្យ​ប្តឹង​​ណាមួយ​ពី​តំណាងគណបក្ស​សង្គ្រោះជាតិ​នៅឡើយ​ទេ។ លោកថា ការ​ប្តឹង​ប្តល់នេះ គឺទាល់​តែ​មានភស្តុតាង​​ច្បាស់​លាស់។

សូម​រម្លឹក​ដែរថា ​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​បក្ស​សង្គ្រោះជាតិ ធ្លាប់​បាន​​​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI​ នៅថ្ងៃទី​៣មករា​ថា បក្ស​សង្គ្រោះជាតិ នឹង​ដាក់​ពាក្យ​ប្តឹង​​ទៅ​ គ.ជ.ប.​ ចំពោះ​​ឈ្មោះ​ជន​បរទេស​ ពី​៣ពាន់ទៅ​៤ករណី។ ហើយ​នឹង​​ប្តឹង​ផ្តល់​ថែមទៀត ចំពោះករណី​មេឃុំ​ចៅសង្កាត់ ដែល​មាន​ភាព​អើស​រើង​ មិន​ព្រម​ចេញ​លិខិត​បញ្ជាក់​ទីលំនៅ ដោយ​យក​លេស​ផ្សេងៗ​។ អ្ន​កនាំពាក្យ​បក្សប្រឆាំង​ថា នឹង​ប្តឹង​ដែរ ចំពោះ​ករណី​មាន​កង​ទាហាន​ទៅចុះ​ឈ្មោះ​បោះឆ្នោត​នៅកន្លែង​តែម្តង ព្រម​គ្នា ដោយ​មាន​ការ​រៀបចំ​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ