អានតួអត្ថបទ
កម្ពុជា

ព្រឹទ្ធសមាជិក​អាមេរិក​រំលឹក​លោក​ហ៊ុន សែន អំពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

ពីទី​ក្រុង​វ៉ាស៊ីនតោន ព្រឹទ្ធសមាជិក​សហរដ្ឋ​អាមេរិក​ចំនួន ៧​រូប បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក​នាយក​​រដ្ឋ​មន្ត្រី​ហ៊ុន សែន ដោយ​សម្តែង​សេចក្តី​ព្រួយ​បារម្ភ​ជា​ថ្មី​ទៀត អំពី​បញ្ហា​សិទ្ធិ​មនុស្ស ការ​រំលោភ​បំពាន​ច្បាប់​ ការ​ជួញដូរ​មនុស្ស និង​បញ្ហា​សំខាន់​ៗ​មួយ​ចំនួន​ទៀត។ ការ​សម្តែង​ក្តី​ព្រួយ​បារម្ភ​នេះ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ម្សិលមិញ គឺ​នៅ​មុន​ពេល​ដែល​​លោក​នាយក​រដ្ឋ​មន្រ្តី​អញ្ជើញ​ទៅ​ចូលរួម ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-អាមេរិក នៅ​សហរដ្ឋ​អាមេរិក នា​ពាក់​កណ្តាល​ខែ​កុម្ភៈ​នេះ។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងនៅក្នុងរដ្ឋសភា។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ថ្លែងនៅក្នុងរដ្ឋសភា។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​លិខិត​ដែល​មាន ៥​កថា​ខណ្ឌ​របស់​ខ្លួន ព្រឹទ្ធសមាជិក​សហរដ្ឋ​អាមេរិក​ទាំង​៧​រូប ចង់​ឃើញ​ចំណង​មិត្តភាព​កម្ពុជា-អាមេរិក កាន់​តែ​ស្អិត​រមួត ប៉ុន្តែ​ក៏​បាន​បង្ហាញ​ការ​ខ្វល់​ខ្វាយ​ផង​ដែរ អំពី​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ។
 
ដោយ​និយាយ​ដល់​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣ និង​ព្រឹត្តិការណ៍​នៃ​ការ​វាយ​ប្រហារ​ទៅ​​លើ​អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​នៅ​មុខ​រដ្ឋសភា លិខិត​នោះ​បាន​រំលឹក​គណបក្ស​ប្រជាជន​កម្ពុជា ឲ្យ​គោរព​ឆន្ទៈ​ប្រជាពលរដ្ឋ និង​អនុញ្ញាតិ​អោយ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​អាច​បំពេញ​ការងារ​របស់​ខ្លួន​ដោយ​សេរី និង​មិន​មាន​ការ​ភ័យ​ខ្លាច។
 
ព្រឹទ្ធ​សមាជិក ក៏​បាន​ស្នើ​ផង​ អោយ​រដ្ឋាភិបាល​កម្ពុជា គោរព​សិទ្ធិ​កាន់​កាប់​ដី​ធ្លី​របស់​ប្រជាពលរដ្ឋ បញ្ឈប់​ការ​រំលោភ​ដី​ធ្លី បញ្ឈប់​ការ​បណ្តេញ​ចេញ​ដោយ​ខុស​ច្បាប់ និង​ស្នើ​អោយ​តុលាការ​នាំ​ខ្លួន​ជន​ដែល​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​ដី​ធ្លី​ខុស​ច្បាប់​មក​ផ្តន្ទាទោស។
 
ជាមួយ​គ្នា​នេះ​ដែរ អ្នក​ទាំង​៧ ទទូច​យ៉ាង​ខ្លាំង​អោយ​កម្ពុជា​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស ដោយ​អនុវត្ត​កម្មវិធី​ទូទាំង​ប្រទេស​មួយ ដើម្បី​កំណត់​ក្រុម​ជន​ងាយ​រង​គ្រោះ បង្កើន​សេវា​គំាពារ​ជន​គ្រោះ និង​ប្រឹងប្រែង​នាំ​យក​អ្នក​ជួញដូរ​មនុស្ស​មក​ផ្តន្ទាទោស​តាម​ផ្លូវ​ច្បាប់។
 
ដោយ​គាំទ្រ​លិខិត​របស់​តំណាង​រាស្ត្រ​អាមេរិក​កាល​ពី​ឆ្នាំ​២០១៥ ព្រឹទ្ធសមាជិក​ទាំង​៧​ស្នើ​អោយ​រដ្ឋាភិបាល​កម្ពុជា អនុញ្ញាតិ​អោយ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​អាច​វិល​ត្រឡប់​មក​កម្ពុជា​វិញ ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច​ពី​ការ​ចាប់​ខ្លួន និង​ការ​ផ្តន្ទា​ទោស បញ្ឈប់​ការ​រំលោភ​បំពាន និង​គំរាម​កំហែង​សកម្ម​ជន​សិទ្ធិ​មនុស្ស​ ព្រម​ទាំង​ស្នើ​អោយ​មាន​ការ​ដោះលែង លោក មៀច សុវណ្ណារ៉ា ដែល​ជា​ជន​ជាតិ​អាមេរិកាំង និង​សកម្មជន​សិទ្ធ​មនុស្ស​ផង​ដែរ។

ទាក់ទង​នឹង​លិខិត​នេះ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី និយាយ​ថា ការ​ស្នើ​របស់​ព្រឹទ្ធ​សមាជិក​ទាំង​នោះ គឺ​ធ្វើ​ឡើង​ដោយ​ផ្អែក​ទៅ​តាម​របាយ​ការណ៍​តែ​ប៉ុណ្ណោះ។​ លោក​ថា ពួកគេ​យល់​មិន​ច្បាស់​ពី​ស្ថានភាព​ពិត​ប្រាកដ​នៅ​កម្ពុជា​នោះ​ទេ។ ការ​ស្នើ​សុំ​នេះ មិន​មាន​ឥទ្ធិពល​មក​លើ​កម្ពុជា​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ