អានតួអត្ថបទ
កម្ពុជា

ការ​ដាក់​​ញត្តិ​​​តវ៉ា​​​រឿង​​ព្រំដែន​​បង្ហាញ​​នូវ​​កា​រគោរព​​ចំពោះ​​វិញ្ញាណ​ក្ខន្ធ​​​សព​​លោក​ ជា ស៊ីម​

សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លុបចោល​​គម្រោង​ដង្ហែ​ញត្តិ​ទាក់ទង​ទៅនឹង​បញ្ហា​ព្រំដែន ទៅកាន់​ស្ថាប័នសំខាន់ៗនៅ​ថ្ងៃទី១៤ឧសភា​ខាងមុខ ហើយ​ប្តូរ​មក​ដាក់​ញត្តិ​ដោយ​ស្ងាត់ស្ងៀម​នៅ​ថ្ងៃ​សុក្រ​នេះ​វិញ។ ការធ្វើ​ដូច្នេះ​គឺ​ដោយ​យល់ថា​ប្រជាជន​ខ្មែរ​ទូទាំងប្រទេស​រួមទាំង​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​ផងដែរ កំពុងតែ​ចូលរួម​មរណទុក្ខ​សព​លោក ជា ស៊ីម។

ការដាក់ញត្តិរឿងតវ៉ារឿងព្រំដែនបង្ហាញនូវការគោរពចំពោះវិញ្ញាណខន្តសពលោក ជា ស៊ីម
ការដាក់ញត្តិរឿងតវ៉ារឿងព្រំដែនបង្ហាញនូវការគោរពចំពោះវិញ្ញាណខន្តសពលោក ជា ស៊ីម RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ម៉ៅ ពិសេស បានដាក់​ញត្តិ​ដោយ
ស្ងាត់ៗ ទៅកាន់​ស្ថាប័ន​ព្រះបរមរាជវាំង ទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋសភា និង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​រួចរាល់​ហើយ​នៅ​ព្រឹក​ថ្ងៃទី១២ឧសភា​នេះ ដើម្បី​ឲ្យ​ស្ថាប័ន​ទាំងអស់នេះ​ជួយ​ដោះស្រាយ​ឲ្យ​បាន​ឆាប់រហ័ស​ពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម នៅ​ចំណុច​ខេត្ត​ត្បូងឃ្មុំ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ក្រុមយុវជន​សហព័ន្ធ​នេះ បានសម្រេច​បោះបង់ចោល​ពី​គោលបំណង​របស់ខ្លួន ក្នុងការ​ជួបជុំគ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ផ្សព្វផ្សាយ​របាយការណ៍​និង​ដង្ហែរ​ញត្តិ​ទៅ​ដាក់​នៅតាម​ស្ថាប័ន​នានា ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី១៤មិថុនា​ខាងមុខ។

ការអាក់ខាន​ដង្ហែរ​ញត្តិ​នេះ ត្រូវបាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​អះអាងថា ដោយសារ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​កំពុង​តែ​ចូលរួម​រំលែក​មរណៈទុក្ខ​ដល់​គ្រួសារ​សព​លោក ជា ស៊ីម ដែល​បានទទួល​មរណៈភាព​កាលពី​ថ្ងៃទី៨មិថុនា​កន្លងទៅនេះ ហើយ​សហ​ម្ព័​ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​ក៏​ចូលរួម​ផងដែរ។ ក៏ប៉ុន្តែ​ក្រុម​នេះ បញ្ជាក់ថា​នឹង​ផ្សព្វផ្សាយ​របាយការណ៍​និង​ដាក់​ញត្តិ តាមរបៀប​ស្ងប់ស្ងាត់​ជំនួស​វិញ។

ដោយឡែក​ចំពោះ​ញត្តិ​វិញ ក្នុងនាម​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា រួមមាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​ផង​នោះ បានទូល​សុំ​ព្រះមហាក្សត្រ ធ្វើ​ព្រះរាជអន្តរាគមន៍​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ករណី​ជនជាតិ​វៀតណាម​ចូលមក​បាញ់ថ្នាំ​បំផ្លិចបំផ្លាញ​ដំណាំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ស្រុក​មេមត់​ខេត្ត​ត្បូងឃ្មុំ​កាលពី​ខែមេសា​កន្លងទៅ។

រីឯ​ញត្តិ​ចំនួន​បី​ផ្សេងទៀត ដែល​ផ្ញើរ​ទៅ​លោក ហេង សំរិន ប្រធានរដ្ឋសភា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្សី មាន​ខ្លឹមសារដូចៗគ្នា​ចំនួន​បី​ចំណុច​គឺ អន្តរាគមន៍​ឲ្យ​វៀតណាម​សង​ការខូចខាត​ដំណាំ​កសិករ​ខ្មែរ​និង​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព កុំ​ឲ្យ​វៀតណាម​បន្ត​ការឈ្លានពាន​មកលើ​អធិបតេយ្យភាព​កម្ពុជា។ស្នើសុំ​ដក​លោក ហោ ណាំហុង និង​លោក វ៉ា គឹមហុង ចេញពី​ដំណែង និង​សុំ​លុប​សន្ធិសញ្ញា​បន្ថែម​ឆ្នាំ២០០៥ និង​គោរព​តាម​កិច្ចព្រមព្រៀង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ថ្ងៃ២៣តុលា​ឆ្នាំ១៩៩។

ទោះ​យ៉ាងនេះ​ក្តី​មន្ត្រី​រដ្ឋាភិបាល​កាលពី​ថ្ងៃទី២១ឧសភា​កន្លងទៅនេះ បានបញ្ជាក់​តាមរយៈ​វេទិការ​តុមូល​មួយ​ថា ការការពារ​បូរណភាព​ទឹកដី​កម្ពុជា មិនមែនជា​សិទ្ធិផ្តាច់មុខ​របស់​គណ​បក្ស​ណា ឬ​បុគ្គល​ណា​ទេ។ រដ្ឋាភិបាល​កម្ពុជា តាំងពី​ឆ្នាំ១៩៧៩ ក្រោយ​ផ្តួលរំលំ​របប​ខ្មែរក្រហម តែងតែ​ធ្វើការ​ដោយ​យកចិត្តទុកដាក់​បំផុត ដើម្បី​ការពារ​អធិបតេយ្យ​បូរណភាព​ទឹកដី​កម្ពុជា៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ