អានតួអត្ថបទ
កម្ពុជា

លោក ​សម រង្ស៊ី ​បាត់បង់​ទាំង​ស្រុង​នូវ​សិទ្ធិ​ បុព្វសិទ្ធិ​ និង​សមាជិក​ភាព​ជា​សមាជិក​រដ្ឋសភា ​

គណៈកម្មការ​អចិន្ត្រៃយ៍​រដ្ឋសភា​នៃ​ប្រទេស​កម្ពុជា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ​បាន​បើក​កិច្ច​ប្រជុំ​បន្ទាន់​មួយ ​ដើម្បី​ពិភាក្សា​លើ​របៀប​វារៈ​ចាំបាច់​ចំនួន​៣ ​ក្នុ​ងនោះ​ការ​ពិនិត្យ​លើ​របាយការណ៍​ស្តីពី​សំណុំ​រឿង ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​អនុវត្ត​ទោស​ទៅ​លើ​លោក សម រង្ស៊ី​ ត្រូវ​បាន​ចាត់​ទុក​ជា​របៀប​វារៈ​សំខាន់។ ​ការ​លើក​របៀប​វារៈលោ​ក ​សម រង្ស៊ី​ មក​និយាយ​នៅ​គណៈអចិន្ត្រៃយ៍​ពេល​នេះ​គឺ​ដើម្បី​ពិនិត្យ​មើល​ពី​នីតិវិធី​ច្បាប់ ​បន្ទាប់​ពី​មាន​សាល​ដីកា​របស់​តុលាការ ​លិខិត​ក្រសួង​យុត្តិធម៌​ និ​ងយោង​បទដ្ឋាន​ច្បាប់​មួយ​ចំនួន​ទៀត។​

លោក​ សម​ រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។
លោក​ សម​ រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

បន្ទា​ប់​ពី​ចប់​កិច្ច​ប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍ ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​១៦ ខែ​វិច្ឆិ​កា​នេះ ​រដ្ឋសភា​បាន​ចេញ​សេចក្តី​សម្រេច​ថា​លោក​សម រង្ស៊ី ​ត្រូវ​បាត់​បង់​ទាំង​ស្រុង​នូវ​សិទ្ធិ​ បុព្វសិទ្ធិ​ និង​សមាជិក​ភាព​ជា​សមាជិក​រដ្ឋសភា​មណ្ឌល​ខេត្ត​កំពង់​ចាម​ នីតិកាល​ទី​៥។ ​ជាមួយ​គ្នា​នេះ ​លោក​ ឈាង ​វុន​ អ្នក​នាំ​ពាក្យ​រដ្ឋសភា ​បាន​ពន្យល់​ប្រាប់​អ្នក​កាសែត​ថា​ ករណី​លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ប្រឈម​នឹង​ដីកា​ចាប់​ខ្លួន​ លោក សម រង្ស៊ី​ បាន​អស់​សមាជិក​ភាព​រដ្ឋ​សភា​ហើយ​ បន្ទាប់​ពី​មាន​សាលដីកា​ធ្លាក់​មក​។ យោងតាម​រដ្ឋ​ធម្មនុញ្ញ​មាត្រា​៩៥ ​លោក​ ឈាង វុន បន្ត​ថា​លោក​សម រង្ស៊ី​ បាន​ស្ថិ​តនៅ​ក្នុង​ករណី​ប្រាសចាក​សមាជិក​ភាព ​ដែល​គណបក្ស​ត្រូវ​រក​មនុស្ស​ទៅ​ជំនួស​ក្នុង​រយៈពេល​៦​ខែ​មុន​ការ​បោះឆ្នោត។​

ដោយ​ឡែក ​លោក អេង ឆៃអ៊ាង ប្រធាន​គណៈកម្មការ​ទី​១​រដ្ឋសភា​មក​ពី​កូតា​គណបក្ស​សង្គ្រោះជាតិ ​ដែល​បាន​ដើរ​ចេញ​ពី​កិច្ច​ប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍​នៅ​ព្រឹក​មិញនេះ​ដែរ ​បាន​ប្រាប់​អ្នក​កាសែត​ថា​លោក​បាន​ស្នើ​សុំ​ឲ្យ​គណៈអចិន្ត្រៃយ៍​រដ្ឋសភា​ពិនិត្យ​ និង​ផ្អាក​ដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី។ ផ្អាក​ដោយ​ប្រសិន​មេបក្ស​របស់​លោក ​គឺ​លោក​ សម រង្ស៊ី​ មាន​ទោស​តាម​សាលដីកា​តុលាការ​កាល​ពី​ឆ្នាំ​២០១៣ ​ហេតុអ្វី​បាន​ជា​ស្ថាប័ន​ជាតិ ​មាន​គ.ជ.ប​ មាន​រដ្ឋសភា​ មាន​ព្រះ​បរមរាជ​វាំង​ទៅ​ជួយ​អ្នក​ទោស​ធ្វើ​ជា​តំណាងរាស្ត្រ​ពេញសិ​ទ្ធិ​ ដែល​ពេល​នេះ​មា​ន​អភ័យ​ឯក​សិទ្ធិ។​

នៅ​ថ្ងៃ​ចន្ទ​នេះដែ​រ ​ក្រសួង​មហាផ្ទៃ​ក៏​បាន​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​អនុវត្ត​ដីកា​ចាប់ខ្លួន​ លោក សម រង្ស៊ី​ ដែល​បាន​ប្រកាស​ថា​លោក​គ្រោង​នឹង​ត្រឡប់​មក​ដល់​កម្ពុជា​ នៅ​វេលា​ម៉ោង​ ១០នឹង​​៣០នាទី​យប់​ ថ្ងៃ​ទី​១៦​ ខែវិច្ឆិកានេះ ​តាម​ជើង​យន្តហោះ​ពី​ទីក្រុង​សេអ៊ូល ​ប្រទេស​កូរ៉េ​ខា​ង​ត្បូង មក​ភ្នំពេញ។

​នៅក្នុង​សេចក្តី​សម្រេច​ ដែល​មាន​ចុះ​ហត្ថលេខា​ដោយ​លោក​ ស ខេង ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ
​បាន​រៀបរាប់​ពី​សមាសភាព​គណៈកម្មការ​ចំនួន​៨​រូប​ ដឹកនាំ​ដោយ​នាយឧ​ត្តមសេនីយ៍ ​ឯម​ សំអាន​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ។ ​គណៈកម្មការ​នេះ​ត្រូវ​បាន​បែងចែក​ជា​២​គោល​ដៅ ​គឺ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ​និង​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​សៀមរាប ​ដោយ​មាន​ភារកិច្ច​ ប្រមែ​ប្រមូល​ព័ត៌មាន​ និង​សភាពការណ៍​ចលាចល​ផ្សេង​ៗ​ ការពារ​សន្តិសុខ ​សុវត្ថិភាព​ទណ្ឌិត ​ពេល​បញ្ជូន​ខ្លួន​ទៅ​កាន់​មន្ទី​រឃុំឃាំង​និង​បង្កា​ទប់​ស្កាត់​បាតុភាព​នានា ​ដែល​បង្ក​ការ​រំខាន​ដល់​ការ​អនុវត្ត​ដីកា។

សូមរំ​លឹកថា ​លោក សម រង្ស៊ី ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ ​ចេញ​ដីកា​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៣​វិច្ឆិកា​ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ជា​មួយ​លោក​ហោ ណាំហុង រដ្ឋមន្ត្រីការ​បរទេស​កាល​ពី​ឆ្នាំ​២០០៨ ​ដោយ​លោក សម រង្ស៊ី​ បាន​លើក​ឡើង​ថា​លោក​ ហោ ណាំហុង ​ជា​អតីត​ប្រធាន​គុក​បឹង​ត្របែក ​នៅ​សម័យ​ខ្មែរ​​ក្រហម។ សំណុំ​រឿង​ក្តី​នេះ ​តុលាការ​បាន​សម្រេច​ផ្តន្ទាទោស ​ដាក់​ពន្ធនាគារ​លោក សម រង្ស៊ី រយៈពេល​ ២​ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​៨​លាន​រៀល ​ក្រោម​បទចោទ​ «បរិហាកេរ្តិ៍ និង​ញុះញង់​ឲ្យ​មាន​ការ​ស្អប់​ខ្ពើម​ជាតិ​សាសន៍»៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ