អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សង្គ្រាម​ក្ដារ​ចុច​នៅ​ស្រុក​ខ្មែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

សព្វ​ថ្ងៃ​នេះ ​ការ​អនុវត្ត​សិទ្ធិ​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ខ្មែរ​នៅ​លើ​បណ្ដាញ​សង្គម ដោយ​ចំពោះ​រឿង​នយោបាយ​តែ​ម្ដង គឺ​មាន​ភាព​រស់​រវើក​ជាង​ពេល​ណា​ៗ​ទាំង​អស់​។​ ការបញ្ចេញ​មតិ​ពេល​ខ្លះ បាន​ឡើង​កម្ដៅ​យ៉ាង​ខ្លាំង រហូត​ធ្វើ​ឲ្យ​កើត​ជា​សង្គ្រាម​ក្ដារ​ចុច​រវាង​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ថែម​ទៀត​ផង​។ តើសង្គ្រាម​ក្ដារ​ចុចដែល​កើត​មាន​រវាង​ពលរដ្ឋ​ខ្មែរ​សព្វ​ថ្ងៃ​នេះ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​អ្វី?

រូបតំណាង​បណ្ដាញ Facebook
រូបតំណាង​បណ្ដាញ Facebook
ផ្សាយពាណិជ្ជកម្ម

នៅ​កម្ពុជា ប្រជាជន​និយម​ប្រើ​ប្រាស់​​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ណាស់ ព្រោះ​ហ្វេសប៊ុក មាន​លក្ខណៈ​សេរី និង​ទូលំទូលាយ​។ វា​បាន​ក្លាយជា​ឧបករណ៍​ដ៏​សំខាន់ ដែល​ត្រូវ​ប្រជាពលរដ្ឋ​កម្ពុជា ប្រើប្រាស់​ដើម្បី​អនុវត្ត​សេរីភាព​បញ្ចេញមតិ​របស់​ពួកគេ។ ជនជាតិ​ខ្មែរ​ដែល​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​សព្វ​ថ្ងៃ​នេះ មាន​ភាព​ក្លាហាន ក្នុង​ការ​បង្ហាញ​ពី​ការ​យល់ឃើញ ក៏​ដូច​ជា​និន្នាការ​នយោបាយ​របស់​ខ្លួន​យ៉ាង​បើក​ចំហ​។ ​គំនិត​គាំទ្រ ឬរិះគន់​គណបក្ស​ណា​មួយ ត្រូវ​បាន​បញ្ចេញ​មក​ក្រៅ​ដោយ​ឥត​លាក់លាម តាម​រយៈ​ក្ដារ​ចុច​កុំព្យូទ័រ​ឬ​ទូរសព្ទ​។

ជា​ការ​ពិត នេះ​មិន​មែនជា​រឿង​ប្លែក​ទេ​នៅ​ក្នុង​សង្គម​ដែល​ប្រកាន់​យក​របប​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​ដូច​កម្ពុជា​។ អ្វី​ដែល​ប្លែក​នោះ គឺ​ការ​ប្រកាន់​ជំហ​ជ្រុល​និយម​រៀង​ៗ​ខ្លួន របស់​ក្រុម​អ្នក​គាំទ្រ​គណបក្ស​នយោបាយ​។ ជា​រឿយ​ៗ អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច​និង​គណបក្ស​ប្រឆាំងមួយ​ចំនួន​ធំ បាន​ជ្រើស​​យក​​ទស្សនៈប្រកាន់តឹង​មក​ដាក់​ក្នុង​ខ្លួន​​។ ទស្សនៈ​​​ដែល​យល់​ថា អ្វី​ៗ​ដែល​ជា​របស់​ខ្លួន ឬ​អ្វី​ៗ​ដែលខ្លួន​ស្រឡាញ់​ពេញ​ចិត្ត គឺ​សុទ្ធ​តែ​ត្រូវ​ល្អ​ឥត​ខ្ចោះ​។ ហើយ​ទង្វើ ឬ​កម្មសិទ្ធិ​គ្រប់​យ៉ាង​របស់​គូ​សត្រូវ​​ខ្លួន គឺ​សុទ្ធ​តែ​អាក្រក់​រក​លេខ​ដាក់​គ្មាន​។

នៅ​ពេល​ដែល​អ្នក​នយោបាយកម្ពុជា​រក្សា​ភាព​​ស្ងប់ស្ងាត់​ និង​នៅ​ពេល​ដែល​គ្មាន​បាតុកម្មប្រឆាំង​បែប​ចេញ​មុខ អ្នក​គាំទ្រ​នយោបាយ​បាន​ប្រើ​ប្រាស់​បណ្ដាញ​សង្គម ដើម្បី​បង្ហាញ​ពី​ទស្សនៈប្រកាន់តឹងរបស់​ខ្លួន។ ការ​ប្រកាន់តឹង​ទាំង​​អស់ទាំង​នេះ អាច​បង្កើត​សង្គ្រាម​ក្ដារ​ចុច​បាន​គ្រប់​ពេល​ទាំង​អស់​ តាម​រយៈ​ការ​រិះគន់ឈ្នានីស​។ ហើយ​ការ​រិះគន់​នេះ​ទៀត​សោត មិន​មែនធ្វើ​ឡើង​ចំពោះ​រឿង​នយោបាយ​តែ​មួយ​មុខ​នោះ​ទេ ប៉ុន្តែ​ចំពោះ​គ្រប់​វិស័យ​ទាំង​អស់​។

តើ​សង្គ្រាម​ក្ដារ​ចុច​​​ដែល​កើត​មាន​រវាង​ពលរដ្ឋ​ខ្មែរ​សព្វ​ថ្ងៃ​នេះ កើត​ឡើង​ដោយ​សារ​អ្វី? តើ​វា​កើត​ឡើង​ដោយ​សារ​តែ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ឱកាស​បញ្ចេញ​មតិ​ដោយ​សេរីឬ​ក៏​យ៉ាងណា? ឬ​មែនទែន​ទៅ គឺ​សង្គម​ខ្មែរខ្លួន​ឯង​ទេ ដែល​ប្រេះ​ឆា​រួច​រាល់​ទៅ​ហើយ​?

មែន​ទែន​ទៅ ភាព​ប្រេះឆា​នៅ​ក្នុង​សង្គម​ខ្មែរ មាន​តាំង​ពី​យូរ​មក​ហើយ ហើយ​វា​បាន​បង្ហាញ​យ៉ាង​ច្បាស់ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ខែ​កក្កដា ឆ្នាំ​២០១៣​។ ហ្វេសប៊ុក គ្រាន់​តែ​ដើរ​តួ​ជា​សង្វៀន​​ប្រដាល់​​សាធារណៈ ដែល​អនុញ្ញាត​ឲ្យ​ភាគី​ទំនាស់ ឡើង​មក​ប្រកួត​គ្នា​ដោយ​សេរី តាម​ថ្វី​ដៃចុច​ក្ដារ​ចុច​​តែ​ប៉ុណ្ណោះ​។ ចំណែក​លទ្ធផល​ឈ្នះ​ចាញ់​យ៉ាងណា វា​អាស្រ័យ​លើ​បំណិន​ប្រសព្វ​នៃ​សំណេរ​រិះគន់​លាប​ពណ៌​របស់​ភាគី​ម្ខាង​ៗ​។

ការ​រិះគន់ ដូច​ដែល​បាន​លើក​ឡើង​ពី​ខាង​ដើម​អ៊ីចឹង ថា​ជា​រឿង​ធម្មតា​នៅ​ក្នុង​សង្គម​ដែល​ប្រកាន់​យក​លទ្ធិ​ប្រជាធិបតេយ្យ​។ ប៉ុន្តែ​ការ​រិះគន់​ដែល​មាន​ប្រយោជន៍ និង​មាន​តម្លៃ គឺ​ត្រូវ​តែ​ជា​ការ​រិះគន់​ស្ថាបនា ដែលផ្អែក​លើ​ការ​សិក្សា​គ្រប់​ជ្រុង​ជ្រោយ និង​មាន​បង្ហាញ​ពី​ដំណោះ​ស្រាយ​ដ៏​សម​ស្រប​។ ចំណែក​អ្នក​ដែល​រង​ការ​រិះគន់​ទៀត​សោត ក៏​ត្រូវ​ទទួល​យក​គំនិត​រិះគន់​ស្ថាបនា​នោះ ទៅ​ពិចារណា ដើម្បី​កែ​លម្អ​ចំណុច​ខ្វះ​ខាត​របស់​ខ្លួន​ផង​ដែរ។ គួរ​ឲ្យ​សោក​ស្ដាយ ដែល​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន នៅ​មិន​ទាន់មាន​ទំលាប់​ដ៏​ល្អ​ទាំង​នេះ​នៅ​ឡើយ​។

ខណៈ​ដែល​សង្គម​ខ្មែរ​នៅ​ក្រោម​សម្ពាធ​ភាព​ជ្រុល​និយម សង្គ្រាម​នៅ​លើ​ហ្វេសប៊ុក​បាន​ក្លាយ​ទៅ​ជាមធ្យោបាយ​​ដែល​ធ្វើ​ឲ្យ​សង្គម​នេះ រហែក​ចេញ​ពី​គ្នា​កាន់​តែ​លឿន​រហ័ស​។ គ្មាន​ពលរដ្ឋ​ខ្មែរ​ណា ដែល​ចង់​ឃើញ​ប្រទេស​របស់​ខ្លួន​បែក​បាក់​នោះ​ទេ​។ ហេតុ​ដូច្នេះ មិន​ថា​នៅ​តាម​បណ្ដាញ​សង្គម ឬ​នៅ​ក្នុង​ជំនួប​ផ្ទាល់​ទេ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​រូប គួរ​តែ​​ប្រកាន់​យក​វប្បធម៌​សន្ទនា​គ្នា​ដោយក្ដី​​គោរព។ ការ​រិះ​គន់​ឈ្នានីស និង​ការ​លាប​ពណ៌​គួរ​តែ​បញ្ចប់ ជំនួស​មក​វិញ​នូវ​ការ​រិះគន់​ស្ថាបនា ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ ទើប​ជា​ការ​ប្រសើរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ