អានតួអត្ថបទ
កម្ពុជា

អនុប្រធាន​គណបក្ស​ប្រឆាំង​ ណែនាំ​ឲ្យ​យុវជន​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ប្រើប្រាស់​ហ្វេសប៊ុក​

បន្ទាប់​ពី​ត្រឡប់​មក​ពី​បរទេស​វិញ ​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ ​បាន​ចាប់​ផ្តើម​កម្មវិធី​ជួប​យុវជន​មុន​គេ ​ដោយលោក​លើក​ឡើង​សូម​ឲ្យ​យុវជន​មាន​ការ​ប្រុង​ប្រយ័ត្ន​ ជាមួយ​អ្វី​ដែល​ពួក​គេ​បង្ហោះ​តាម​ហ្វេសប៊ុក។ ​ការ​លើក​ឡើង​ដូច្នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អនុប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​ជួបជាមួយ​នឹង​មេដឹកនាំ​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​រសៀល​ម្សិលមិញ​ ទាំង​២៥​ខេត្ត-រាជធានី។​

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ​
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ ​ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

នៅ​​ក្នុង​ជំនួប​ជាមួយ​យុវជន​ដែល​ស្មោះស្ម័គ្រ​នឹង​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​កម្ពុជា​ លោក​
កឹម សុខា ​បាន​បង្ហាញ​ពី​សារៈ​សំខាន់​នៃ​ប្រព័ន្ធ​ហ្វេសប៊ុក ​ក្នុង​ការ​ជួយ​ផ្សព្វផ្សាយ​ ក៏​ប៉ុន្តែ​លោក ​បញ្ជាក់​នៅ​មុខ​យុវជន​ដែល​ជា​សកម្មជន​សង្គ្រោះ​ជាតិ​ថា ​«ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​អ្នក​គ្រប់​គ្នា ​ប្រុង​ប្រយ័ត្ន​ជាមួយ​ការ​ប្រើប្រាស់​ហ្វេសប៊ុក ​ហើយ​កុំ​ឲ្យ​ធ្លាក់​ក្នុង​អន្ទាក់​របស់​ពួកគេ ​និង​កុំ​ប្រើ​ពាក្យ​អសុរស»។

​ជា​ទូទៅ​ការ​ណែនាំ​របស់​លោក កឹម សុខា ​ត្រូវ​បាន​យុវជន​ភាគ​ច្រើន​នៃ​បក្ស​ប្រឆាំង​នេះ​ពិចារណា​និង​អនុវត្ត​តាម។ នេះ​បើ​តាម​លោក កែវ សាមឺឌី ​យុវជន​មួយ​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក​ សាមឺឌី យល់​ថា​ព្រឹត្តិការណ៍​ផ្សេង​ៗ​តាម​ហ្វេសប៊ុក​ គឺ​អ្នក​នយោបាយ​ជា​អ្នក​បង្កើត​ឡើង ​ថ្វី​ត្បិតតែ​ការ​រិះគន់​ជា​សិទ្ធិ​សេរីភាព​ធម្មតា​មែន​ពិត​ ក៏​ប៉ុន្តែ​បើ​រិះគន់​ចំ​ចំណុច​រសើប​ខ្លាំង ​ឬ​ចំ​ស្ថាប័ន​ ​ដែល​មាន​កា​រ​ហាមប្រាម ​ដូចជា​ព្រះ​មហាក្សត្រ​ជា​ដើម​នោះ ​គឺ​អាច​មាន​ផល​ឆ្លើយ​តប​វិញ​មិនល្អ​ និង​ជា​ការ​ជាប់​អន្ទាក់។ លោក​ថា ​យុវជន​បក្ស​ប្រឆាំង​ចាប់​ផ្តើម​យល់​ពី​ការ​ណែនាំ​នេះ។ ករណី​​លោក ហុង សុខហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី​ ដែល​កំពុង​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំង​នៅ​ឡើយ ​ដោយសារ​តែ​លោក ​បាន​បង្ហោះ​សន្ធិ​សញ្ញា​ក្លែងក្លាយ​ពី​បញ្ហា​ព្រំដែន ​គឺ​ជា​ឧទាហរណ៍​មួយ​ ដែល​យុវជន ​យក​មក​ពិចារណា ​និង​គួរ​មាន​ឥរិយាបទ​ប្រុង​ប្រយ័ត្ន។ 

ជា​ការ​កត់​សម្គាល់​ចាប់​តាំង​ពី​មាន​ការ​បោះឆ្នោត​ ឆ្នាំ​២០១៣​ មក​ យុវជន​គណបក្ស​សង្គ្រោះជាតិ ​បាន​បង្ហាញ​ពី​ឥទ្ធិពល​របស់​ខ្លួន​គ្រប​ដណ្តប់​លើ​ប្រជាប្រិយភាព​តាម​ប្រព័ន្ធ​ហ្វេសប៊ុក ​បាន​យ៉ាង​ក្រាសក្រែល។ ​ជាមួយ​នឹង​ប្រសិទ្ធភាព​នៃ​បច្ចេក​វិជ្ជា​បណ្តាញ​ទំនាក់​ទំនង​សង្គម​នេះ ​ធ្វើ​ឲ្យ​អ្នក​នយោបាយ​មិន​ថា​យុវជន​ ឬ​មនុស្ស​ចាស់​ទេ​ចាប់​យក​វា ​ហើយ​លើក​តម្កើង​ថា​ជា​ផល​ប្រយោជន៍​នយោបាយ​ដ៏​សំខាន់។​ សំខាន់​រហូត​ដល់​មេដឹកនាំ​គណបក្ស​មាន​អាសនៈ​ទាំង​ពីរ​ ប្រើប្រាស់​ជា​មធ្យោបាយ​ឆ្លើយ​ឆ្ល​ងគ្នា​ និង​ផ្ញើសារ​ទៅ​ម្ចាស់​ឆ្នោត​ដោយ​មិន​ចាំ​បាច់​ចុះទៅ​ដល់​ទី​កន្លែង​ ដែល​ធ្វើ​ឲ្យ​ខាត​សាំង​ដឹក​ជញ្ជូ​ននិ​ងខាត​ពេល​វេលា។

​ជាមួយ​គ្នា​នេះ​ មេបក្ស​ប្រឆាំង​ស្តីទី​លោក កឹម សុខា ​បាន​ទទូច​ផង​ដែរ​ ដល់​ថ្នាក់​ដឹកនាំ​កណ្តាល​របស់​គណបក្ស​ត្រូវ​ធ្វើ​កម្មវិធី​ ចុះ​ទៅ​ស្តាប់​សំដី​យុវជន ​ដែល​លើក​ឡើង​ពី​បញ្ហា​ផ្សេង​ ដោយ​លោក​ចាត់​ទុក​ថា​ការ​ដែល​ស្តាប់​យុវជន​និយាយ​សំខាន់​ណាស់​សម្រាប់​ថ្នាក់​ដឹកនាំ​ពោល​ គឺ​ស្តាប់​ទាំង​ការ​សម្តែង​មតិ​ និង​ស្តាប់​ទាំង​យុវជន​ស្តី​ឲ្យ​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ