អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ហ្វេសប៊ុកជាទីលានប្រកួតប្រជែងរបស់អ្នកនយោបាយដែលពលរដ្ឋមិនត្រូវការ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​យុគ​សម័យ​ឌីជីថល​នេះ អ្នក​​នយោបាយ​​​ខ្មែរ​​ចាប់​ផ្តើម​ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម ដែល​មាន​ហ្វេស​ប៊ុក​ជា​ដើម ដើម្បី​បង្ហាញ​ពី​គោល​នយោបាយ សកម្មភាព​ផ្សេងៗ​របស់​បក្ស និង​របស់​មន្ត្រី​បក្ស ក្នុង​បំណង​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​របស់​ម្ចាស់​ឆ្នោត។ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់ខ្លួ​ន អ្នក​នយោបាយ​បក្ស​កាន់​អំណាច បាន​បង្ហាញ​នូវ​ការ​អភិវឌ្ឍ សន្តិភាព ការ​ជួប​ជុំ​ដ៏​សប្បាយ​រីករាយ។ ឯ​ទំព័រ​ហ្វេស​ប៊ុក​របស់​អ្នក​នយោបាយ​ប្រឆាំង បាន​បង្ហាញ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ការ​ជិះ​ជាន់ ការ​បណ្តេញ​ចេញ​ដោយ​ខុស​ច្បាប់ ការ​រិះគន់ ជា​ដើម។ ទោះ​ជា​មាន​និន្នាការ​ផ្ទុយ​គ្នា​យ៉ាង​ដូច្នេះ​ក៏​ដោយ ក៏​ការ​ចុច​ចូល​ចិត្ត (Like) របស់​អ្នក​គាំទ្រ​អ្នក​នយោបាយ​និមួយ​ៗ មាន​ចំនួន​ច្រើន​សន្ធឹក​សន្ធាប់​។ ជា​មួយ​គ្នា​នេះ​ដែរ​ អ្នក​នយោបាយ​ខ្មែរ​បាន​ចាប់​ផ្តើម​ប្រកួត​ប្រជែង​គ្នា ដើម្បី​ឲ្យ​បាន​ការ​ចុច​ចូល​ចិត្ត (Like) ច្រើន​ជាង​គ្នា។ ប៉ុន្តែ​តាម​ពិត​ទៅ ប្រជាពល​រដ្ឋ​ខ្មែរ ដែល​ភាគ​ច្រើន​ជា​កសិករ​យល់​ឃើញ​ថា ហ្វេសប៊ុក មិន​មែន​ជា​ទី​លាន​ប្រកួត​ប្រជែង​ដែល​ពលរដ្ឋ​ត្រូវ​ការ​នោះ​ទេ។ 

រូបតំណាង​បណ្ដាញ Facebook
រូបតំណាង​បណ្ដាញ Facebook
ផ្សាយពាណិជ្ជកម្ម

នៅ​ចុង​ខែ​មករា ឆ្នាំ ២០១៦​នេះ ចំនួន​អ្នក​ចុច​ចូល​ចិត្ត​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​កើន​ឡើង​រហូត​ដល់​ជាង ២លាន ច្រើន​ជាង​ចំនួន​អ្នក​ចុច​ចូល​ចិត្ត  នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក សម រង្ស៊ី ដែល​បង្កើត​តាំង​ពី​ឆ្នាំ​២០១៣​មក​ម៉្លេះ។ ចំនួន​នេះ បាន​កើន​ឡើង​ជាគំហុក ត្រឹម​រយៈ​ពេល​តែ​៥​ខែ​តែ​ប៉ុណ្ណោះ បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី​ប្រកាស​ថា​មាន​ទំព័រហ្វេស​ប៊ុក​ផ្លូវការ។

នេះ​គឺ ជា​ការ​ប្រកួត​ប្រជែង ដែល​ទទួល​បាន​ជោគជ័យ និង សប្បាយ​រីករាយ ហើយ​ដែល​អ្នក​គាំទ្រ​ផង​ទាំង​ឡាយ សម្តែង​ការ​អប​អរ​សាទរ។ ជ័យ​ជម្នះ​នេះ បាន​ធ្វើ​ឲ្យ​មេ​បក្ស​ប្រឆាំង បាត់​បង់​ឈ្មោះ​ជា​នាយករដ្ឋមន្ត្រី​ហ្វេស​​ប៊ុក ដែល​គេ​ប្រសិទ្ធិ​នាម​ឲ្យ កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​។

ទាក់​ទង​នឹង​ការ​កើន​ឡើង​ចំនួន​អ្នក​ចុច​ចូល​ចិត្ត​ជា​គំហុក នេះ ក្រុម​អ្នក​វិភាគ​មើល​ឃើញ​ថា​ គឺ​ដោយ​សារ លោក​នាយករដ្ឋមន្ត្រី បាន​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ជា​ស្ពាន​ភ្ជាប់​ទំនាក់​ទំនង ជា​មួយ​ម្ចាស់​ឆ្នោត  និង​ប្រើ​ប្រាស់​ហ្វេស​ប៊ុកជា​វេទិកា​សំណូម​ពរ និង ដោះស្រាយ​បញ្ហា​ដែល​ប្រជា​ពលរដ្ឋ​កំពុង​ប្រឈម​ភ្លាមៗ។​ ម្យ៉ាង​វិញ​ទៀត ការ​កើន​ឡើង​នេះ ក៏​ដោយ​សារ​អ្នក​គាំទ្រ និង មន្ត្រី​គណបក្ស​ប្រជាជន​ភាគ​ច្រើន​ងាក​មក​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​នេះ ហើយ​ចុច​ចូល​ចិត្ត​មេ​បក្ស​របស់​ខ្លួន។

ប្រសិន​បើ​គេ​មើល​មួយ​ភ្លែត ការ​ប្រកួត​ប្រជែង​ដណ្តើម​ប្រជាប្រិយ​ភាព​តាម​ហ្វេស​ប៊ុក​គឺ​ជា​រឿង​សប្បាយ​រីក រាយ និង ជា​រឿង​ល្អ​ជាង​ការ​ប្រកួត​ប្រជែង​តាម​បែប​ហឹង្សា។ ប៉ុន្តែ​តាម​ពិត​ទៅ ការ​ចាញ់​ឈ្នះ​នៅ​លើ​ហ្វេស ប៊ុក មិន​អាច​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទះ​ពិត​ប្រាកដ​នៃ​ការ​បោះឆ្នោត​នោះ​ទេ ពី​ព្រោះ​ក្នុង​ចំណោម​អ្នក​ដែល​ចុច​ចូល​ចិត្ត​អ្នក​នយោបាយ​ទាំង​ពីរ អ្នក​ខ្លះ​ជា​អ្នក​ចូល​ចិត្ត​ពិត​ប្រាកដ ឯ​អ្នក​ខ្លះ​ទៀត​ជា​អ្នក​ដែល​ចង់​ដឹង​ត្រឹម​តែ ព័ត៌មាន​តែ​ប៉ុណ្ណោះ។

គេ​មិន​អាច​ទុក​ចិត្ត​អ្នក​ចុច​ចូល​ចិត្ត​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​បាន​ទេ ពី​ព្រោះ​អ្នក​ទាំង​នោះ ពេល​ខ្លះ​មិន​ខុស​ពី អ្នក​ដែល​មក​ទទួល​អំណោយ​ពី​អ្នក​នយោបាយ ហើយ​នាំ​គ្នា​ទៅ​ជួយហែរក្បួន​ឃោសនា​បោះឆ្នោត​នោះ​ទេ។ នៅ​ទី​បំផុត​ទៅ អ្នក​ទាំង​នោះ បែរ​ជា​ទៅ​បោះឆ្នោត​ឲ្យ​បក្ស​ផ្សេង​ទៅ​វិញ។ នេះ​ជា​ឧទាហរណ៍​ជាក់​ស្តែង​មួយ ដែល​កើត​មាន​ឡើង​នៅក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​ ២០១៣​កន្លង​មក។

តើ​អ្នក​នយោបាយ​ខ្មែរ​ត្រូវ​ធ្វើ​យ៉ាង​ដូច​ម្តេច ដើម្បី​ឲ្យ​ខ្លួន​ទទួល​បាន​ការ​ចូល​ចិត្ត​ពិត​ប្រាកដ​?

អ្នក​នយោបាយ​ខ្មែរ​គប្បី​យល់​ថា ប្រជា​ពល​រដ្ឋ​ខ្មែរ​ដែល​ភាគ​ច្រើន​ជា​កសិករ មិន​ចូល​ចិត្ត​អ្នក​នយោបាយ​ដែល​ប្រកួត​ប្រជែង​គ្នា​ដើម្បី​តែ​ប្រជាប្រិយ​ភាព​នៅលើ​ហ្វេសប៊ុក​នោះ​ទេ​។ ពួក​គេ​ចង់​ឃើញ​អ្នក​នយោបាយ​ខ្មែរ ប្រកួត​ប្រជែង​គ្នា​ធ្វើ​យ៉ាង​ដូច​ម្តេច​ដើម្បី​ឲ្យ​ស្រែ​របស់​ពួក​គេ​មាន​ទឹក​ស្រោច​ស្រព ខួប​ប្រាំង​ខួប​វស្សា និង​លែង​ពឹង​ពាក់​លើ​មេឃ​ត​ទៅ​ទៀត។

ឯ កសិផល​របស់ពួក​គេ​មាន​ទីផ្សារ និង លក់​បាន​តម្លៃដែល​អាច​ឲ្យ​ពួក​គេ​ចិញ្ចឹម​ជីវិត​បាន។ ជាមួយ​គ្នា នេះ​ដែរ ពួក​គេ​ចង់​រស់​នៅ​ក្នុង​ភូមិ​ដ្ឋាន​មួយ​ដែល​ប្រកប​ដោយ​សន្តិសុខ មិន​មាន​ការ​លេង​ល្បែង​ស៊ី​សង មិន​មាន​អំពើ លួច ឆក់ ប្លន់​បាញ់ សម្លាប់ ជា​ដើម។

ក្រៅ​ពី​នេះ​ប្រជាពលរដ្ឋ​ខ្មែរ ចង់​ឃើញ​អ្នក​នយោយបាយ​ខ្មែរ ក៏​សាង​ប្រជាប្រិយភាព តាម​រយៈ​ការ​រួម​គ្នា​ដោះ​ស្រាយ​បញ្ហា​សង្គមដែល​កើត​មាន​ឡើង​ច្រើន​ឆ្នាំ​មក​ហើយ។ បញ្ហា​សង្គម​ទាំង​នោះ រួម​មាន​ការ​កែ​សម្រួល សេវា​សាធារណៈ​របស់រដ្ឋ ពិសេស​វិស័យ​អប់រំ វិស័យ​សុខា​ភិ​បាល​​ដែល​កំពុង​តែប្រឈម​នឹង​ការ​រិះគន់ សុវត្ថិភាព​ចំណី​អាហារ​ដែល​កំពុង​រង​ការ​គំរាម​កំហែង ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ  ការ​បំផ្លាញ​ធន​ធាន​ធម្មជាតិ ការ​ធ្វើ​ចំណាក​ស្រុក​ដែល​ខុស​ច្បាប់ ភាព​អត់​ការងារ​ធ្វើ ការ​បញ្ចុះ​តម្លៃ​ប្រេង​សាំង តម្លៃ​ភ្លើង​អគ្គិសនី  ការ​លប់​បំ​បាត់អំពើ​ពុក​រលួយ បញ្ហា​អយុត្តិធម៌​សង្គម ផ្សេងៗទៀត​ជា​ដើម។

ពល​រដ្ឋ​ខ្មែរ ចង់​ឃើញ​ដែរ អ្នក​នយោបាយ ខ្មែរ​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក នឹង​លើក​យក​បញ្ហា​មក​ដាក់​លើ​តុ​ជជែក​គ្នា ដោះ​ស្រាយ​បញ្ហា​រួម​គ្នា និង រៀន​ធ្វើការ​ជាមួយ​គ្នា​ដែរ ដើម្បី​សេចក្តី​សុខ​របស់​ប្រជាពល​រដ្ឋ និង ផល​ប្រយោជន៍​សម្រាប់​សង្គម​ជាតិ​ទាំង​មូល។ ហើយ​ការ​ធ្វើ​ដើម្បី​ផល​ប្រយោជន៍​សង្គម​នេះ​ទៀត សោត មិន​មែន​ធ្វើ​ឡើង​តែ​មួយ​រយៈពេល​ជិត​បោះ​ឆ្នោត​នោះ​ទេ។ អ្នក​នយោបាយ ត្រូវ​រួម​គ្នា​បម្រើ​រាស្ត្រ​ជា រៀង​រហូត។​មក​ដល់​ដំណាក់​កាល​នេះ ប្រជាពល​រដ្ឋ​ខ្មែរ លែង​ចាញ់​បោក​អ្នក​នយោបាយ​ទៀត​ហើយ ។

ដូច្នេះ​ដើម្បី​ឲ្យ​ប្រជាប្រិយភាព​របស់​ខ្លួន កើន​ឡើង​ទាំង​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក ទាំង​នៅ​ក្នុង​ចំណោម ប្រជាពលរដ្ឋ អ្នក​នយោបាយ​ខ្មែរ គប្បី​គិត​គូ​ដល់​តម្រូវ​ការ​ជាក់​ស្តែង និង មាន​លក្ខណៈ​យូរ​អង្វែង​របស់​ប្រជាពលរដ្ឋ។ ប្រជាប្រិយ​ភាព​របស់​អ្នក​នយោបាយ អាច​នឹង​កើន​ឡើង​ឬ​ធ្លាក់​ចុះ គង់​វង្ស​ស្ថិតស្ថេរឬ​សាប​រលាប​ទៅ គឺ​មិន​អាស្រ័យ​លើ​សកម្មភាព​ក្នុង​ទំព័រ ហ្វេស​ប៊ុក​នោះទេ គឺ​អាស្រ័យ​លើ​សកម្មភាព​របស់អ្នក​នយោបាយ​ជាមួយ​នឹង​រាស្ត្រ​។

ប្រសិន​បើ​អាច​អនុវត្ត​បាន​ល្អ​យ៉ាង​ដូច្នេះ​មែន នោះ​ចំនួន​ចូល​ចិត្ត​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក នឹង​ប្រែ​កាយ​ក្លាយ​ជា​ចំនួន​សន្លឹក​ឆ្នោត​គាំទ្រ​យ៉ាង​សក្តិសិទ្ធិ។ ប៉ុន្តែ​បើ​ពុំ​ដូច្នោះ​ទេ ប្រជាពលរដ្ឋ​ខ្មែរ​នឹង​បោះ​ឆ្នោតឲ្យ​អ្នក​នយោបាយ​តាម​ហ្វេសប៊ុក​តែ​ប៉ុណ្ណោះ។ ឯ​សន្លឹកឆ្នោត​គាំទ្រ​ពិត​ប្រាកដ ពួក​គេ​នឹង​បោះ​ឲ្យ​អ្នក​នយោបាយ​ណា ដែល​ពួក​គេ​គិត​ថា​អាច​ដោះ​ស្រាយ​បញ្ហា​របស់​ពួក​គេ និង ផ្តល់​សេចក្តី​សុខ​ឲ្យ​ពួក​គេ​បាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ