កម្ពុជាស្ថិតក្នុងចំណោម១០ប្រទេស ដែលរងវិបត្តិអាកាសធាតុធ្ងន់ធ្ងរ
កម្ពុជាជាប្រទេស១ក្នុងចំណោម១០ប្រទេស នៅលើពិភពលោកដែលកំពុងរងវិបត្តិបម្រែបម្រួលអាកាសធាតុខ្លាំងជាងគេ។ នេះបើតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវមួយដែលមានមូលដ្ឋាននៅប្រទេសជប៉ុន។ ប្រឈមនឹងបញ្ហាចំពោះមុខយ៉ាងដូច្នេះ ក្រសួងបរិស្ថានកំពុងសិក្សាឡើងវិញលើវិធានការចាស់ៗ និងដាក់គោលនយោបាយថ្មីបន្ថែមទៀត។ គួរបញ្ជាក់ដែរថា បញ្ហាបម្រែបម្រួលអាកាសធាតុ ជាប្រធានបទប្រចាំឆ្នាំសំខាន់ដែលអន្តរជាតិនឹងបើកកិច្ចប្រជុំពិសេសមួយនៅក្រុងប៉ារីស ប្រទេសបារាំង ក្នុងចុងឆ្នាំនេះ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២០
ក្នុងរបាយការណ៍ដែលមានកម្រាសប្រមាណ៧០ទំព័ររបស់«វិទ្យាស្ថានដើម្បីបរិស្ថាននិងសុវត្ថិភាពមនុស្សជាតិ» (Université des Nations unies pour l’environnement et la sécurité humaine (UNU-EHS) និង l’Alliance Development Work) បានសិក្សានិងដាក់ចំណាត់ថ្នាក់ ប្រទេសកម្ពុជា ឲ្យជាប់លេខ៩នៅក្នុងចំណោម១០ប្រទេសនៅទូទាំងពិភពលោកដែលកំពុងមានហានិភ័យក្នុងផ្នែកបម្រែបម្រួលអាកាសធាតុ។
បើតាមរបាយការណ៍ដដែល បង្ហាញថាប្រទេសទាំង១០នោះគឺមាន វ៉ាន់ណាទូ (Vanuatu), ហ្វីលីពីន (Philiphines), តុងហ្គា (Tonga), ក័ាតតឺម៉ាឡា (Guatemala), បង់ក្លាដែស (Bangladesh), កោះសាឡូម៉ូន (Iles Salomon), កូស្តារីកា ( Costa Rica), សាលវាដ័រ (Salvador), ប្រទេសកម្ពុជា (Cambodge), និង ប៉ាពួអាស៊ី ហ្គីណេ (Papouasie-Nille-Guinée)។ ក្នុងចំណោម១០ប្រទេស ហ្វីលីពីន ជាប្រទេសមួយដែលលោកប្រធានាធិបតីបារាំង ហ្វ្រង់ស័រ ហូឡង់ បានអញ្ជើញទៅដល់នៅចុងខែកុម្ភៈនេះ មុននឹងរៀបចំសន្និសីទ ស្តីពី អាកាសធាតុនៅក្រុងប៉ារីស ចុងឆ្នាំ២០១៥នេះ។
លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា លោកបានជ្រាបពីរបាយការណ៍ខ្លះៗមួយចំនួនដែរ ហើយលោកកំពុងសិក្សាបន្តទៀតជាមួយអ្នកជំនាញបរទេសដើម្បីវាយតម្លៃជាថ្មី។ រដ្ឋមន្ត្រីវ័យក្មេងរូបនេះបន្ថែមថា លោកកំពុងពិនិត្យមើលវិធានការចាស់ៗដែលក្រសួងបានដាក់កន្លងមក និងត្រៀមដាក់ចេញនូវចំណាត់ការថ្មីៗបន្ថែមទៀត ជុំវិញការរកដំណោះស្រាយចំពោះវិបត្តិបម្រែបម្រួលអាកាសធាតុ។ លោក សាយ សំអាល់ ថាលោកអាចនឹងអញ្ជើញចូលរួមក្នុងសន្នីសីទអាកាសធាតុនៅប្រទេសបារាំងផងដែរ។
តាមសិក្សារបស់របាយការណ៍ខាងលើបានបញ្ជាក់ដែរថា មានមូលហេតុសំខាន់ៗមួយចំនួនដែលបណ្តាលឲ្យកើតមានបញ្ហាអាកាសធាតុ ដូចជា អតុល្យភាពនៃការប្រើប្រាស់ធនធានធម្មជាតិ ការបំផ្លិចបំផ្លាញព្រៃឈើ ការជីកយកភោគផលក្រោមដីនិងក្រោមសមុទ្រ ដែលបណ្តាលឲ្យកើនឡើងកម្រិតនីវូទឹកសមុទ្រ ហើយបញ្ហាមួយចំនួនទៀត ទាក់ទងនិងការកែច្នៃនិងប្រើប្រាស់ធនធានទាំងនោះមិនបានត្រឹមត្រូវ។
នៅកម្ពុជា ការបូមខ្សាច់ ការជីករករ៉ែ ការកាប់បំផ្លាញព្រៃឈើ និងការគ្របគ្រងអនាម័យមិនបានល្អ ត្រូវបានលោក កែម ឡី អះអាងថាជាមូលហេតុចម្បងចំពោះវិបត្តិអាកាសធាតុនេះ។ បើតាមបទពិសោធរបស់លោកដែលធ្វើការជាមួយសង្គមស៊ីវិល លោកបណ្ឌិតសង្កត់ធ្ងន់ថា ព្រៃឈើនៅកម្ពុជានៅសល់មិនដល់២៥ភាគរយផង។ ប៉ុន្តែ លោកអ៊ុករ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានថ្លែងកាលពីចុងខែវិច្ឆិកាឆ្នាំ២០១៤ថា ព្រៃឈើនៅកម្ពុជានៅសល់ជិត៦០ភាគរយនៃផ្ទៃប្រទេស។
ទោះយ៉ាងណាក្តី ដើម្បីកម្ពុជារួចផុតពីបណ្តាសាអាកាសធាតុ គឺកិច្ចការចូលរួមរបស់មនុស្សខ្មែរទាំងអស់គ្នា។ អ្នកតាមដានសង្គម លោក កែម ឡី យល់ថា អ្នកធ្វើការពាក់ព័ន្ធនឹងបរិស្ថាន ពិសេសមន្ត្រីជំនាញផ្នែកនេះទាំងអស់ ត្រូវតែធ្វើការសកម្មច្រើនជាងមុន និងមានឆន្ទៈមោះមុត ទើបអាចស្តារបញ្ហាបានទាន់ពេលវេលា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ