អានតួអត្ថបទ
កម្ពុជា

លោក​ យឹម សុវណ្ណ​ ៖ គណបក្ស​សង្គ្រោះជាតិ​ គ្មាន​ប្រែប្រួល​អ្វី​ទាំងអស់

គណបក្ស​សង្គ្រោះជាតិ​គ្មាន​ប្រែប្រួល​អ្វី​ទាំងអស់​ គោលជំហរ​នៅ​ដដែល​ កម្មវិធី​នយោបាយ​នៅ​ដដែល​ ភាពស្មោះត្រង់​ចំពោះ​ប្រទេសជាតិ​នៅ​ដដែល។ ​នេះ​ជា​ប្រតិកម្ម​របស់​មន្ត្រី​នាំពាក្យ​របស់​គណបក្សប្រឆាំង​ ឆ្លើយតប​ទៅនឹង​ការ​រិះគន់​របស់​ព្រះសង្ឃ​មួយអង្គ​ ដែល​ញឹកញយ​ចេញ​ធ្វើ​បាតុកម្ម​តាម​ដងផ្លូវ​ ដើម្បី​អ្វីដែល​ព្រះអង្គ​ថា​ជា​យុត្តិធម៌​សង្គម។

លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ
លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះជាតិ @RFI
ផ្សាយពាណិជ្ជកម្ម

គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បដិសេធ​ចំពោះ​ពាក្យ​ចោទប្រកាន់​របស់​ព្រះសង្ឃ​ប៊ុត ប៊ុនតិញ ​ប្រធាន​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម។ ​លោក យឹម សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃសៅរ៍​ទី 20 ​ខែកុម្ភៈ​នេះ​ថា​ ការ​ផ្លាស់ប្តូរ​គឺជា​ឆន្ទៈ​នយោបាយ​របស់​គណបក្ស​លោក ​ក្នុង​គោលដៅ​ដើម្បី​យុត្តិធម៌​នៅក្នុង​សង្គម។

លោក​ បាន​បន្ថែមថា​ គណបក្ស​សង្គ្រោះ​ជាតិ​មិន​ក្បត់​សន្យា​ជាមួយ​នឹង​រាស្ត្រ​នោះ​ទេ។ ​កិច្ចប្រឹងប្រែង​របស់​គណបក្ស​ នៅ​ពេលនេះ​បាន​ធ្វើ​អោយ​ ការ​កែទម្រង់​ការបោះឆ្នោត​ឈាន​ជិត​បានសម្រេច​ហើយ ។ ​ចំនែក​អាជ្ញា​បណ្ណ័​ទូរទស្សន៍​ក៏​គណបក្ស​របស់លោក​សម្រេច​បាន ។​ ក្រៅពីនេះ​ការ​កែទម្រង់​រដ្ឋសភា ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​និង​កំពុង​តែ​បន្តធ្វើ។ ចំពោះ​បញ្ហា​ការ​លាប​ពណ៌​វិញ​ លោក​អ្នក​នាំពាក្យ​បាន​ឆ្លើយតប ​យ៉ាង​ខ្លី​ថា ​គ្មាន​ពណ៌​អ្វី​ដែល​ត្រូវ​លាប ​ទេ យើង​មាន​ពណ៌​តែមួយ​គឺ​ខ្មែរ​អ្នក​ស្នេហាជាតិ។

សូមបញ្ជាក់ថា ​វីដេអូ​រយៈពេល១០នាទី​ដែល​ត្រូវបាន​បង្ហោះ​លើ​ទំព័រហ្វេសប៊ុក​របស់ ​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះសង្ឃ ប៊ុត ប៊ុនតិញ​ បាន​រិះគន់​ចំ​ៗ​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ។ ​ព្រះអង្គ​មាន​សង្ឃដីកា​ថា​ គណបក្សប្រឆាំង​មួយ​នេះ​ បាន​បំភ្លេច​គោលការណ៍​ដើម​របស់ខ្លួន​ដែល​បានប្រកាស​ប្រាប់​អ្នកគាំទ្រ។ ​ព្រះអង្គ​បន្តថា​គណបក្ស​សង្គ្រោះជាតិ​ ដែល​ធ្លាប់​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា​ ថា​ជា​អ្នក​ពុករលួយ​ បក្សពួកនិយម​ និង​ពូកែ​លាប​ពណ៌​ឲ្យ​គេ​នោះ​ ស្រាប់តែ​ឥឡូវ​ គណបក្សប្រឆាំង​ខ្លួនឯង​បែរជា​មាន​អំពើពុករលួយ​ និង​បក្សពួក និយម​លើសពី​គណបក្ស​ប្រជាជន​កម្ពុជា​ទៅទៀត។

នេះ​ជា​លើក​ដំបូង​ហើយ​ដែល​សកម្មជន​ព្រះសង្ឃ ​គឺ​ព្រះ​តេជគុណ ​ប៊ុត ប៊ុនតិញ ​បាន​រិះគន់​ជា​ចំហ​និង​ចំៗ​ទៅលើ​គណបក្សប្រឆាំង។ ​ការ​រិះគន់​ចំៗ​នេះ​ ត្រូវ​បាន​ព្រះ​តេជគុណ​បញ្ជាក់​ថា​ ជា​សារ​ចុងក្រោយ​ មុននឹង​ព្រះអង្គ​បញ្ឈប់​បេសកកម្ម​របស់​ព្រះអង្គ​ ក្នុង​រយៈពេល​ពីរ​បី​ខែ​ខាងមុខ​នេះ​ ដោយ​ងាក​ទៅ​គិតពី​បញ្ហា​សុខភាព​ផ្ទាល់ខ្លួន​របស់​ព្រះអង្គ​វិញ​ម្តង។ ​យ៉ាងណា​ព្រះអង្គ​បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​ ២០ កុម្ភៈ​នេះ​ថា​ ក្រោយ​ដោះស្រាយ​បញ្ហា​សុខភាព​ហើយ​ព្រះអង្គ​នឹង​យាង​ត្រឡប់​មក​ធ្វើការ​ដើម្បី​សង្គម​វិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ