អានតួអត្ថបទ
កម្ពុជា

តុលាការ​​កំពូល​​សម្រេច​​ច្រាន​ចោល​​បណ្តឹង​សុំ​​នៅ​ក្រៅ​​ឃុំ ​​​លោក​ស៊ុំ ពុ​ទ្ធី​

តុលាការ​​កំពូល​ កាល​ពី​​ព្រឹក​​ថ្ងៃ​ទី៦​ខែ​កុម្ភៈ​​នេះ ​បាន​សម្រេច​​បដិសេធ​​បណ្តឹង​សុំ​​នៅ​ក្រៅ​​ឃុំ​​របស់​លោក​​ស៊ុំ ពុ​ទ្ធី ​សមាជិក​​ក្រុម​ប្រឹក្សា​​ខណ្ឌ​​ច្បារអំពៅ​ មក​ពី​​គណបក្ស​​សង្គ្រោះ​ជាតិ​ បន្ទាប់​ពី​​បើក​សវនាការ​​ជំនុំ​ជម្រះ​​អស់​​រយៈពេល​​ប៉ុន្មាន​​ម៉ោង​​រួច​មក​។ កា​រ​បដិសេធ ​ដោយ​យោង​​ទៅ​លើ​​ហេតុផល​​ថា​ សំណុំ​រឿង​នេះ ​កំពុង​ស្ថិត​​នៅក្នុង​​ដំណាក់កាល​​ជំនុំ​ជ​ម្រះ​។ ​ប៉ុន្តែ​​ក្រុម​​មេធាវី​ អះអាង​ថា ​នឹង​​បន្ត​​ប្តឹង​​សុំ​​នៅ​ក្រៅ​​ឃុំ​ប​ន្ត​ទៀត ​ដោយ​​សម្អាង​លើ​​ហេតុផល​​សុខភាព​។

លោកស៊ុំ ពុ​ទ្ធី ពេលឡើងតុលាការកំពូលនៅព្រឹកថ្ងៃទី០៦ កុម្ភៈ
លោកស៊ុំ ពុ​ទ្ធី ពេលឡើងតុលាការកំពូលនៅព្រឹកថ្ងៃទី០៦ កុម្ភៈ RFI/ Siv Chana
ផ្សាយពាណិជ្ជកម្ម

សេចក្តីសម្រេច​នេះ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី៦កុម្ភៈ នៅ​ចំពោះមុខ​ជនជាប់ចោទ​លោកស៊ុំ ពុ​ទ្ធី សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ និង​មេធាវី​របស់លោក​ចំនួន៣រូប។ សេចក្តី​សម្រេចបាន​ធ្វើឡើង បន្ទាប់ពី​ចៅក្រម៥រូប​របស់​តុលាការ​កំពូល​ដឹកនាំ​ដោយ​លោក​ចៅក្រម ឃឹម ប៉ុណ ប្រធាន​តុលាការ​កំពូល បាន​បើកសវនាការ​ជំនុំជម្រះ​អស់​រយៈពេល​ប៉ុន្មាន​ម៉ោង​រួចមក។ នៅក្នុង​បន្ទប់​សវនាការ លោក​ចៅក្រម ឃឹម ប៉ុណ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល អមដោយ​ចៅក្រម​ចំនួន៤រូប​ផ្សេងទៀត បានប្រកាស​តម្កល់​សាលក្រម​របស់​តុលាការ​សាលាឧទ្ធរណ៍ ដោយយោង​ទៅលើ​ហេតុផល​ថា សំណុំ​រឿងនេះ កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ជំនុំជម្រះ ហើយ​ថា ជា​សំណុំរឿង ដែល​បាន​បិទ​បញ្ចប់​ការស៊ើបអង្កេត​ទៅហើយ។

ដូច្នេះ វត្តមាន​របស់​ជនជាប់ចោទ​នៅក្នុង​អង្គ​សវនាការ គឺជា​រឿង​ចាំ​បាច់។ ប៉ុន្តែ​នៅក្នុង​សវនាការ​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី៦កុម្ភៈ​នេះ លោកស៊ុំ ពុ​ទ្ធី បាន​លើកឡើងថា លោក​មាន​បញ្ហា​សុខភាព​ចុះខ្សោយ​យ៉ាងខ្លាំង។ នេះ​បើតាម​ការបញ្ជាក់​ពី​លោកសំ សុគង់ មេធាវី​ការពារ​ក្តី។
លោកសំ សុ​គង់ មេធាវី​ម្នាក់​ក្នុងចំណោម​មេធាវី​ទាំង​បីនាក់​របស់លោកស៊ុំ ពុ​ទ្ធី បាន​លើ​ឡើង​ថា នៅ​ថ្ងៃទី១០កុម្ភៈ​ខាងមុខនេះ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើកសវនាការ​ជាថ្មី លើ​បណ្តឹងសុំ​នៅក្រៅ​ឃុំ ដោយយោង​លើ​បញ្ហា​សុខភាព​របស់​កូនក្តី​លោក បើទោះបីជា​តុលាការ​កំពូល​បាន​ច្រានចោល​បណ្តឹងសុំ​នៅក្រៅ​ឃុំ​នៅថ្ងៃនេះ​ក្តី។ លោកស៊ុំ ពុ​ទ្ធី អាយុ៥៩ឆ្នាំ កំពុង​ប្រឈម​នឹង​ជំងឺ​បី​ប្រភេទ គឺ​ជំងឺ​ទឹកនោមផ្អែម ជំងឺលើសឈាម និង​ជំងឺខ្លាញ់​រុំ​បេះដូង។

សូមបញ្ជាក់ថា លោកស៊ុំ ពុ​ទ្ធី ជា​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ច្បារអំពៅ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​រង​ការចោទប្រកាន់ថា បាន​ពាក់​ព័​ន្ឋ​នឹង​អំពើហិង្សា​នៅក្បែ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី១៥ កក្កដា ២០១៤។ នៅក្នុង​សំណុំ​រឿងនេះ មាន​ជនជាប់ចោទ​ជា​សកម្មជន​គណបក្សប្រឆាំង​ចំនួន១១រូប និង​តំណាងរាស្ត្រ​ចំនួន៧រូប។ ប៉ុន្តែ​បច្ចុប្បន្ន មានតែ​សកម្មជន​គណបក្សប្រឆាំង៥រូប​ប៉ុណ្ណោះ ដែល​កំពុង​ជាប់ឃុំ ក្នុងនោះ​ក៏មាន​លោក មា​ជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ។

សំណុំរឿង​អំពើហិង្សា​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ នឹងត្រូវ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​លើកយក​មក​បើកសវនាការ​កាត់ទោស​ជា​លើក​ទី៣ នៅ​ថ្ងៃទី២៣ខែកុម្ភៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ