ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 25/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT

សេរ៉ូម​ព្យាបាល​មេរោគ​អេបូឡា​ចាក់លើ​អ្នកជំងឺ​អាមេរិក អាច​ស្រោចស្រង់​អាហ្វ្រិក​ខាងលិច​ពី​រោគ​អេបូឡា?​

សេរ៉ូម​ព្យាបាល​មេរោគ​អេបូឡា​ចាក់លើ​អ្នកជំងឺ​អាមេរិក អាច​ស្រោចស្រង់​អាហ្វ្រិក​ខាងលិច​ពី​រោគ​អេបូឡា?​
 
រូបរាង​​វីរុស​អេបូឡា ដែល​គេ​ពិនិត្យ​ឃើញ​ក្នុង​អតិសុខុម​ទស្សន៍។ REUTERS/Frederick Murphy/CDC/Handout via Reuters

ស្ថានភាព​​ជំងឺ​ជនជាតិ​អាមេរិក​ពីររូប​ដែល​បាន​ឆ្លង​មេរោគ​អេបូឡា នៅ​ប្រទេស​លីបេរីយ៉ា ហាក់​បានធូរស្រាល​ឡើងវិញ ក្រោយ​ពី​​គ្រូពេទ្យ​បាន​ប្រើ​​​សេរ៉ូម​មួយប្រភេទ​ ​ឈ្មោះថា ​​ZMapp ចាក់​ទៅ​លើ​ពួកគេ។ ​អង្គការ​សុខភាព​ពិភពលោក​បាន​អំពាវនាវ​អោយ​​​​​​អាជ្ញាធរ​​ប្រើប្រាស់​សេរ៉ូម​នេះ ជួយអ្នកជំងឺ​​នៅ​អាហ្វ្រិក​ខាងលិចដែល​ឆ្លង​​មេរោគ​អេបូឡា។

មេរោគអេបូឡា​ដែល​​​​ ​រាលដាល​ខ្លាំង​ជាងគេ​នៅ​ប្រទេស​សៀរ៉ាឡេអូន លីបេរីយ៉ា និង​ហ្គីណេ បាន​សម្លាប់​មនុស្ស​ជិត​៩០០នាក់​ហើយ។ ក្នុង​ចំណោម​ករណី​ជំងឺ​សរុប​​១៦០៣ករណី​ ​​​​​នីហ្សេរីយ៉ា​ មាន​​ករណី​​ជំងឺ​​​១​ករណី​​​ដែរ។ ​ពេលនេះ អាជ្ញាធរ​សៀរ៉ាឡេអូន​​​​ពង្រាយ​កងទ័ព​​​រាប់រយនាក់ ​នៅ​តាម​មជ្ឈមណ្ឌល​​ប្រឆាំង​​មេរោគ​អេបូឡា​ផ្សេងៗ​ក្នុង​ស្រុក។ មជ្ឈមណ្ឌល​​​ទាំងនេះ​ ​ជាទីកន្លែង​​ទុកទទួល​និង​​​អ្នកជំងឺ​អេបូឡា ​អោយ​នៅ​ដោយឡែក​ពីគេ​ ចៀសវាង​​ការ​ឆ្លង​រាលដាល​​កាន់តែធ្ងន់ធ្ងរ។

ពលរដ្ឋ​​អាមេរិក​២រូប​​ ដែល​ឆ្លង​មេរោគអេបូឡា មានស្ថានភាពធូរស្រាល​ ក្រោយ​បាន​ទទួល​ ការចាក់​សេរ៉ូម ZMapp ​​​ក្នុង​ខ្លួន
សេរ៉ូម​​Zmapp មាន​អង់ទីគ័រ ៣ប្រភេទ ​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​​មួយ​ មានទីតាំង​ក្នុង​​រដ្ឋ​កាលីហ្វរនី ​សហរដ្ឋ​​អាមេរិក។ បើ​យោងតាម​ទូរទស្សន៍​ស៊ីអិនអិន ​សេរ៉ូម​នេះ​អាច​ផលិត​មកពី​កោសិកា​​សត្វកណ្តុរ​។ ​គេ​ធ្លាប់​យក​​អង់ទីគ័រ​នេះ ​ទៅ​​ពិសោធន៍​លើ​សត្វស្វា​​៤ក្បាល​ដែល​កើតរោគ​​អេបូឡា​​​​​ ហើយ​ស្វាទាំង​៤នោះ​បាន​​រស់​មាន​ជីវិត ប្រហែល​អាច​មកពី​អង់ទីគ័រ​​នេះឯង។ ​​គេ​មិនដែលយកអង់ទីគ័រ​នេះ​ ទៅ​ពិសោធន៍​លើ​មនុស្ស​ទេ។ ទើបតែ​ពេលមាន​​​ពលរដ្ឋ​អាមេរិក​២រូប បាន​ឆ្លង​រោគអេបូឡា នៅ​ប្រទេស​លីបេរីយ៉ា ​​ទើប​គេ​សុំអោយ​​អ្នកជំងឺ​អាមេរិក​ទាំង២នាក់​នេះ ប្រើ​សាកល្បង។ ពលរដ្ឋ​អាមេរិក​ឆ្លង​រោគ​អេបូឡា​នេះ មាន​​ម្នាក់ ជាស្ត្រី​ចំណាស់​​៦០ឆ្នាំ ឈ្មោះ ណាន់ស៊ី និង​ម្នាក់ទៀត​ជា​គ្រូពេទ្យអាយុ​៣៣ឆ្នាំ ឈ្មោះ កិន។ អ្នកទាំង២​នេះ​បំរើការ​អោយ​អង្គការ​មនុស្សធម៌​មួយកន្លែង។ ​ឧទាហរណ៍ ជាក់ស្តែង​ គឺ​ថា​គ្រូពេទ្យ​​កិន មាន​​អាការៈ​ដុនដាប​ខ្លាំង​ ​មុនបាន​ទទួល​ការចាក់​សេរ៉ូម​នេះ ​ក្នុងខ្លួន។ ប៉ុន្តែ ​ក្រោយ​ចាក់​សេរ៉ូម​ហើយ​បាន​បន្តិច គាត់​​ហាក់ធូរស្រាល​ច្រើន គឺ​រហូត​អាច​ក្រោកឡើង​​ទៅ​ងូតទឹកខ្លួនឯង​​ ​មុននឹង​​ឡើង​យន្តហោះ​​ត្រលប់​ទៅ​សហរដ្ឋ​អាមេរិកវិញ។ ចំណែក​ អ្នកស្រី​ណាន់ស៊ី​ក៏​បាន​ធូរស្រាល​បន្តិច​ដែរ ក្រោយ​ទទួល​សេរ៉ូម​នេះ​ក្នុងខ្លួន។ ​

ទោះ​យ៉ាងនេះ​ក្តី អាជ្ញាធរ​ផ្នែក​សុខភាព​អាមេរិក​​​នៅ​ប្រុងប្រយ័ត្ន​ ព្រោះ​ថា គេ​មិនអាច​សន្និដ្ឋាន​ថា អង់ទីគ័រ​ប្រើ​លើ​អ្នកជំងឺ​ទាំង​២នេះ អាច​មា​នប្រសិទ្ធភាព​ទាំងស្រុង​នោះទេ ព្រោះថា អ្នកជំងឺ​អេបូឡា​​មាន​តែ​២នាក់​ប៉ុណ្ណោះ ដូច្នេះ អ្នកជំងឺ​ផ្សេងទៀត អាច​ទទួល​ប្រតិកម្ម​​ពី​សេរ៉ូម​​ខុសពី​​​អ្នកទាំង​២នេះ ក៏ថាបាន។ ហើយ​គេ​ក៏​មិនអាច​ចេះ​តែ​យក​សេរ៉ូម​ទៅចាក់​លើ​មនុស្ស​គ្រប់គ្នា​នោះដែរ បើ​គ្មាន​ការអនុញ្ញាត​ពី​សាម៉ីខ្លួន​ផ្ទាល់។ ដូច្នេះ អាជ្ញាធរ​​មិនអាច​សម្រេចចិត្ត​ភ្លាមៗថា ត្រូវ​ចាយលុយ​រាប់លាន​ រាប់សែន ដើម្បី​ផលិត​សេរ៉ូម​នេះដែរ។

ម្យ៉ាងទៀត​ ​បើ​​​ទោះ​ជា​​​ត្រូវ​ផលិត​សេរ៉ូម​នេះ ​​ដើម្បីជួយ​​​អ្នកឆ្លងមេរោគ​​អេបូឡា ​នៅអាហ្វ្រិក​ខាងលិច​ក៏ដោយ ដំណើរការ​ផលិត​ប្រហែល​​ពិបាក​។ បញ្ហា​គឺថា ​​ដើម្បីផលិត​បាន​សេរ៉ូម​នេះ គេ​ត្រូវការ​ពេល​ច្រើនខែ ហើយ​ច្រើនខែ​នេះ​ទៀតសោត​ គេ​អាច​ផលិត​បាន​អង់ទីគ័រ​ប្រឆាំង​អេបូឡា​នេះ ក្នុង​​បរិមាណ​តិចតួចប៉ុណ្ណោះ។ ​ហើយ​បើទោះ​ជាផលិត​បានបរិមាណ​ច្រើន​ ក៏​ត្រូវរង់ចាំ​​រាប់ឆ្នាំ ដើម្បី​ទទួលបាន​ការអនុញ្ញាត​អោយ​​ចេញ​អង់ទីគ័រ​​នេះប្រើដែរ ​គឺ​គេ​ត្រូវ​​រង់ចាំ​ដល់​​ពាក់កណ្តាល​ឆ្នាំ​២០១៥ឯណោះ។ ​ដូច្នេះ គឺ​ចាំយូរ ខណៈពេលនេះ​ ​យើងគ្រប់គ្នា​កំពុង​ភ័យ​ខ្លាច​អេបូឡា​រាលដាល​​ទូទាំង​ពិភពលោក។ គួរបញ្ជាក់​ដែរថា ក្រៅពី​សេរ៉ូម​ZMapp នេះ ក៏​មាន​អង់ទីគ័រ​ប្រឆាំង​អេបូឡា​ផ្សេងៗ​ទៀតដែរ ​ដែល​​​គេ​កំពុងពិនិត្យ​​មើល ប៉ុន្តែ​​​អង់ទីគ័រ​ទាំងនោះ​ កំពុង​ស្ថិត​ក្នុង​ការពិនិត្យ​ដំណាក់កាល​​ដំបូង​​ប៉ុណ្ណោះ។ ​ ​

ប្រទេស​លោកខាងលិច​​​មិនសូវចាប់អារម្មណ៍ពី​ទំហំ​គ្រោះថ្នាក់​បង្ក​ឡើង​ដោយ​មេរោគអេបូឡា ​
នៅ​​ប្រទេស​ជឿនលឿន​​ ដូច​ជា​នៅ​អឺរ៉ុប ​​គេ​មានប្រព័ន្ធ​ការពារ​សុខភាព​ខ្ពស់ បើ​មានជនណា​ម្នាក់​​​ឆ្លងមេរោគ​ពិសេស​អ្វី​មួយ​​ គេមាន​បន្ទប់ រឺ​ទីកន្លែង​​​ពិសេស ​​ដាក់​​​​អ្នកជំងឺ​នោះ អោយ​​នៅដាច់​ឆ្ងាយពី​គេ ​​មាន​សេវាពេទ្យ​​តាមដាន​អ្នកជំងឺ​ទាន់​ពេល​វេលា។

ផ្ទុយទៅវិញ ​​តាម​ប្រទេស​​ក្រីក្រ​នៅអាហ្វ្រិក រឺ​ក៏​ប្រទេស​ដែល​មិនទាន់​មាន​សេវា​ព្យាបាល​ទំនើប​ ការឆ្លង​មេរោគ​​គឺ​ខ្ពស់​ណាស់។ ​អត្រាស្លាប់​ដោយ​ជំងឺ​អេបូឡា គឺ​មាន​ពី​៦០ ទៅ​៩០​ភាគរយ​​ឯណោះ។ មេរោគ​នេះ​ងាយឆ្លង​ណាស់ គ្រាន់តែ​ប៉ះពាល់​អ្នកជំងឺ​​ ក៏​ឆ្លងដែរ។ អ្នកដែល​ឆាប់រងគ្រោះ​ជាងគេ គឺ​​បុគ្គលិកពេទ្យ​​​​ជួយ​​មើល​ថៃអ្នកជំងឺ​អេបូឡានោះឯង។​ យើង​ឃើញថា ​រចនាសម្ព័ន្ធ​​ផ្នែកព្យាបាល ​​​ក្នុងស្រុក​អាហ្វ្រិក​​មួយចំនួន​ នៅ​អន់ខ្សោយ​នៅឡើយ មិនទាន់មាន​ស្តង់ដា​ដូច​​​​​អឺរ៉ុបទេ។ បុគ្គលិក​ពេទ្យ​ គ្រូពេទ្យ​នៅ​ខ្វះ​សម្ភារៈ​ពេទ្យ​ ខ្វះ​ស្រោមដៃ ​ដើម្បី​ពិនិត្យ​អ្នកជំងឺ​​ រឺ​ក៏​ខ្វះទឹកស្អាតប្រើប្រាស់​​ជាដើម។ ​​បុគ្គលិក​ពេទ្យ​អាហ្វ្រិក​ក៏​​មិនទាន់​មាន​ការបណ្តុះបណ្តាល​គ្រប់គ្រាន់​ ​ក្នុង​វិជ្ជាជីវៈ​ខ្លួនដែរ។ ដូច្នេះ ​បើ​ប្រហែស វា​អាច​ឆ្លង​ទៅ​ដល់​តំបន់​ផ្សេង ប្រទេស​ផ្សេង​ទៀត​បាន។ ដូច្នេះ អាច​មាន​មហន្តរាយ​ធំបាន។​​​​
 

មន្ទីរពេទ្យ​Donka នៅ​ Conakry ប្រទេស​ហ្គីណេ ​ជា​កន្លែង​ដាក់​អ្នកឆ្លង​មេរោគ​អេបូឡា អោយ​នៅ​ដាច់ឆ្ងាយ​ពីគេ។ REUTERS/Saliou Samb

​រោគអេបូឡា​​កំពុង​គំរាម​​​សេដ្ឋកិច្ច​​​នៅ​អាហ្វ្រិក​ខាងលិច​
មេរោគ​​អេបូឡា​​កំពុង​គំរាម​វិស័យ​សំខាន់ៗ ​ក្នុង​សេដ្ឋកិច្ច​នៅ​អាហ្វ្រិក​ខាងលិច ដូចជា​កសិកម្ម រឺ​ក៏​រ៉ែ​ជាដើម។ ​សៀរ៉ាឡេអូន ​​ហ្គីណេ និង​លីបេរីយ៉ា ដែល​​មាន​ការឆ្លងរាលដាល​មេរោគអេបូឡា​ច្រើនជាងគេ​នោះ កំពុង​​បារម្ភ​ខ្លាំងណាស់។ ​យោងតាម​ធនាគារ​ពិភពលោក និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​​​មេរោគ​អេបូឡា​នេះ អាច​ធ្វើ​អោយ​កំណើន​នៅ​ប្រទេស​ហ្គីណេ ​​ធ្លាក់​ពិន្ទុ ធ្លាក់​ពី​៤,៥ភាគរយ មក​នៅត្រឹម​៣,៥ភាគរយ។ ​​ក្នុង​ស្រុក​អាហ្វ្រិក​វិញ ​សម្ភារៈ​​ពេទ្យ​ រឺ​គ្រឿងអនាម័យ​ប្រើ​​ការពារ​មិន​អោយ​ឆ្លង​រោគ​អេបូឡា បាន​ឡើង​ថ្លៃ​ខ្ពស់។ ត្រី​ក៏​ឡើង​ថ្លៃ​​ខ្ពស់​ដែរ​ ព្រោះ​ថា ​អាជ្ញាធរ​លែងអោយ​មាន​ការ​នាំចូល​សាច់​សត្វ ដូច​ជា​សត្វស្វា ​រឺ​ក៏​ប្រជៀវ​​​ ក្នុង​ស្រុក​​ទៀតហើយ ព្រោះ​សាច់សត្វ​ទាំង​នេះ​អាចផ្ទុក​មេរោគ​​អេបូឡា ចម្លងទៅ​​មនុស្ស។ ​

កាលពី​ថ្ងៃ​ចន្ទ​​ ​ធនាគារ​ពិភពលោក​បាន​សម្រេចផ្តល់​ជំនួយ​បន្ទាន់​​២០០លាន​ដុល្លារ​ ដល់​ប្រទេស​លីបេរីយ៉ា សឿរ៉ាឡេអូន និង​ហ្គីណេ ដែល​រង​​ការ​ប៉ះពាល់​ពី​មេរោគ​អេបូឡា ​​ធ្ងន់ធ្ងរ​ជាងគេ​។ ​ជំនួយ​នេះ​ គឺ​សម្រាប់​ទិញ​សម្ភារៈ​​ពេទ្យ ​បង់ថ្លៃ​បុគ្គលិក​​ព្យបាល​អ្នកជំងឺ រឺ​ក៏​ជួយ​​ដោះស្រាយ​ សម្រាល​​បញ្ហា​​​ហិរញ្ញវត្ថុ​ដល់​​ប្រជាជន​ក្នុង​ស្រុក៕ ​​​​​


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • អាហ្វ្រិក

    អាហ្វ្រិកខាងលិច​​ពង្រឹង​​យុទ្ធនាការ​បង្ក្រាប​មេរោគ​អេបូឡា​

    ស្វែងយល់បន្ថែម

  • អាហ្វ្រិក

    ជំនួបកំពូល​អាហ្វ្រិក​ដើម្បី​ប្រយុទ្ធប្រឆាំង​មេរោគ​អេបូឡា

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    អាហ្វ្រិក​ខាងលិច​ប្រឈម​នឹង​មេរោគ​រាតត្បាត​អេបូឡា

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ការរាតត្បាត​នៃ​មេរោគ ​Ebola ​កំពុង​បង្ក​ក្តីបារម្ភ​​យ៉ាងខ្លាំង​នៅ​ទូទាំង​ពិភពលោក

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ