ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 24/04 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 24/04 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 24/04 12h00 GMT

អឺរ៉ុបខំរកវីធី​ ​​បន្តធ្វើ​ជំនួញ​ជាមួយ​អ៊ីរ៉ង់ ហើយ​គេច​ពី​ទណ្ឌកម្ម​​របស់​​អាមេរិក

អឺរ៉ុបខំរកវីធី​ ​​បន្តធ្វើ​ជំនួញ​ជាមួយ​អ៊ីរ៉ង់ ហើយ​គេច​ពី​ទណ្ឌកម្ម​​របស់​​អាមេរិក
 
រដ្ឋមន្ត្រីការបរទេសបារាំង​ Jean-Yves Le Drian ជួប​ជាមួយ​​លោក​​ប្រធានាធីបតី​​អ៊ីរ៉ង់ Hassan Rohani រដ្ឋធានី​​តេអេរ៉ង ថ្ងៃទី​​៥ មីនា ​២០១៨ President.ir/Handout via REUTERS

អង្គភាពពិសេសមួយ ត្រូវបានបង្កើតឡើង ដោយបារាំង អាល្លឺម៉ង់ និងអង់គ្លេស ដើម្បីជួយក្រុមហ៊ុនអឺរ៉ុប ក្នុងការធ្វើជំនួញជាមួយនឹងអ៊ីរ៉ង់។ អង្គភាពពិសេសនេះ ត្រូវធ្វើយ៉ាងណា ជួយរៀបចំការដោះដូរពាណិជ្ជកម្ម​ ដោយចៀសកុំឲ្យជាប់នឺងទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក ដែលបានដាក់ទៅលើអ៊ីរ៉ង់។ តាមរយៈការបង្កើតអង្គភាព និងយន្តការពិសេសនេះ អឺរ៉ុប​មាន​បំណង ប្រាប់ទៅអ៊ីរ៉ង់ថា អឺរ៉ុបមិនមានជំហរដូចអាមេរិក​ទេ ហើយអឺរ៉ុបប្តេជ្ញាធ្វើគ្រប់យ៉ាង ឲ្យអ៊ីរ៉ង់​​បន្ត​គោរព​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ឲ្យបានខ្ជាប់ខ្ជួន។

ទិញលក់ទំនិញ ដោយមិនប្រើសាច់ប្រាក់ទូទាត់

អង្គភាពនេះ មានឈ្មោះថា Instex (Instrument In Support of Trade Exchanges)។​ អង្គភាពនេះ ចុះបញ្ជីរ និងមានទីតាំងនៅបារាំង ហើយដឹកនាំដោយអ្នកជំនាញធនាគារដ៏ល្បីម្នាក់ជាជនជាតិអាល្លឺម៉ង់ ម្នាក់ឈ្មោះ Per Fisher។ ចំណែក​ការគ្រប់គ្រងឥណ្ឌទានទាំងស្រុង ត្រូវឆ្លងកាត់ទីក្រុងឡុងដ៏ប្រទេសអង់គ្លេស។ សហភាពអឺរ៉ុប ជាអ្នកធានាការពារ​នៅពីក្រោយ។

ការបង្កើតអង្គភាពពិសេសនេះ បានឆ្លងកាត់ការប្រជុំពិភាក្សា រវាងអ្នកជំនាញនៅអឺរ៉ុប និងប្រទេសទាំង៣នេះ ​ជាច្រើនខែមកហើយ។ ការស្មុគស្មាញមិនមែនមានត្រឹមតែការបង្កើតទេ តែដំណើរការរបស់ស្ថាប័នពិសេសនេះ ក៏មានការស្មុគស្មាញដែរ។

អ្នកបច្ចេកទេសហិរញ្ញវត្ថុ ពន្យល់ថា អង្គភាពនេះ មានតួនាទីធ្វើយ៉ាងណា កុំឲ្យមានការផ្ទេរជាសាច់ប្រាក់ ដើម្បីទូទាត់ ការនាំចេញឬនាំចូល ជាមួយអ៊ីរ៉ង់ឲ្យសោះ។ បើមានការទូទាត់សាច់ប្រាក់ នោះវាត្រូវឆ្លងកាត់ធនាគារ។ នោះមានន័យថា​ ធនាគារនឹងជាប់ទណ្ឌកម្មអាមេរិកជាក់ជាមិនខាន ដោយសារតែហ៊ានរកស៊ីទាក់ទងនឹងអ៊ីរ៉ង់។

អង្គភាពពិសេស ដែលគេបង្កើតនេះ ដើរតួជាអ្នក​បង្កើតកញ្ចប់ឥណ្ឌទានមួយ​ សម្រាប់​យក​ទៅ​ដោះដូរគ្នារវាងក្រុមហ៊ុន​អ៊ីរ៉ង់ និងក្រុមហ៊ុនផ្សេងៗនៅអឺរ៉ុប។ ឧទាហរណ៍ងាយយល់ គឺថា ក្រុមហ៊ុនមួយនៅអ៊ីរ៉ងនាំចេញក្រណាត់ លក់ឲ្យក្រុមហ៊ុន​មួយនៅបារាំង។ ពុំមានការទូទាត់សាច់ប្រាក់ណាមួយទេ គឺមានតែការបង្កើតឥណ្ឌទានមួយ រៀបចំដោយអង្គភាព Instex។ បន្ទាប់មកទៀត ពេលអ៊ីរ៉ង់ ត្រូវការទិញថ្នាំពេទ្យពីបារាំងវិញ គឺគេអាច​យក​ឥណ្ឌទាន​នោះទៅដូរ។ ធ្វើដូចនេះ គឺពុំមានការទូទាច់ជាសាច់ប្រាក់ ដោយឆ្លងកាត់ធនាគារទេ។

ផលវិជ្ជមានតិចណាស់​ ដល់សេដ្ឋកិច្ចអ៊ីរ៉ង់

តាមពិតទៅ យន្តការពិសេសនេះ មានតំលៃជានិម្មិតរូបច្រើនជាងលទ្ធផលវិជ្ជមានជាក់ស្តែង។ យោងតាមប្រភពពីមន្ត្រីសហភាពអឺរ៉ុប បានឲ្យដឹងថា អង្គភាពInstex នេះ នឹងចាត់ចែត តែ​ការដោះដូរពាណិជ្ជកម្ម របស់ក្រុមហ៊ុនធនតូច និងធនមធ្យមប៉ុណ្ណោះ។ ហើយ​​មាន​វិស័យ​ធំៗ ប្រមាណ​តែ​២​ប៉ុណ្ណោះ​ ដែល​ពាក់ព័ន្ធ គឺវិស័យកសិឧស្សាហកម្ម និង​វិស័យ​ឱសថសាស្ត្រ។ វិស័យ​ទាំង២នេះ មិនជាប់ទណ្ឌកម្មអាមេរិកទេ ក៏ប៉ុន្តែ សកម្មភាព​នាំចេញនាំចូល​ ត្រូវជាប់គាំង ដោយសារតែធនាគារ គ្មាននរណាហ៊ានចេញមុខទទួលរ៉ាប់រងការទូទាត់។ ចំណែកវិស័យប្រេងកាត និងឧស្ម័នហ្កាសធម្មជាតិ ដែលសុទ្ធតែជំនួញធំៗ មិនអាចយកមកចាត់ចែង ក្នុងយន្តការពិសេសនេះបានទេ។

អគ្គនាយកសហជីពនិយោជកបារាំង បានលើកឡើងថា ផលវិជ្ជមានមកក្នុងសេដ្ឋកិច្ច មានតិចណាស់។ ជាងនេះទៅទៀត អង្គភាពនេះ ត្រូវតែធានាធ្វើយ៉ាងណា ឲ្យក្រុមហ៊ុនទាំងអស់ ទុកចិត្តបានថា ការធ្វើជំនួញ ដោយឆ្លងកាត់​យន្តការពិសេសនេះ គឺមានសុវត្ថិភាព​ផ្នែកច្បាប់ត្រឹមត្រូវ និងមិនមានបញ្ហាណាមួយ ទៅថ្ងៃ​ខាងមុខ។

ថ្នមចិត្តអ៊ីរ៉ង់ ឲ្យបន្តគោរពកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

តាមរយៈ ការបង្កើតអង្គភាពពិសេសនេះ អឺរ៉ុប ចង់ប្រាប់ទៅអ៊ីរ៉ង់ថា អឺរ៉ុបប្រឹងប្រែង ធ្វើគ្រប់យ៉ាង ដើម្បីជួយសេដ្ឋកិច្ចអ៊ីរ៉ង់ ឲ្យមានដង្ហើម បើទោះបីជាត្រូវប្រថុយគ្រោះថ្នាក់ ប្រឈមនឹងទណ្ឌកម្មរបស់អាមេរិកក៏ដោយ។ តែវាមិនមែនជារឿងងាយធ្វើប៉ុន្មានទេ។

សួរថា តើការបង្កើតអង្គភាពពិសេស ដែលចាត់ចែងតែការដោះដូរពាណិជ្ជកម្មរបស់ក្រុមហ៊ុនធនតូច ធនមធ្យម ហើយតែ​ក្នុងវិស័យកសិឧស្សាហកម្ម និងថ្នាំពេទ្យនេះ វាគ្រប់គ្រាន់ទេ? ចំលើយ គឺថាមិនគ្រប់គ្រាន់ទេ។ វិស័យចំបង ដែលអ៊ីរ៉ង់ត្រូវការ ហើយផ្តល់ប្រាក់​កំរៃដល់អ៊ីរ៉ង់ បំផុតនោះ គឺការនាំចេញប្រេងកាត និងឧស្ម័នធម្មជាតិ។ នៅមុនឆ្នាំ​២០១៧ ពោលគឺមុនលោកដូណាល់ ត្រាំ ចុះហត្ថលេខា ដកខ្លួនចេញពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ​បណ្តាប្រទេសអឺរ៉ុប ទិញប្រេងពីអ៊ីរ៉ង់ សឹងតែ៩០%។​ តែបច្ចុប្បន្ននេះ មាននៅ​សល់​តិចតួច​បំផុត។ ក្រុមហ៊ុនធំៗ ដូចជាTotalជាដើម បានដកខ្លួនចេញ មិនហ៊ានទិញប្រេង​​អ៊ីរ៉ង់​ទេ។

លោក​ហាសាន់ រ៉ូហាននី ទទួលសំពាធផ្ទៃក្នុង

បញ្ហាលំបាកផ្នែកសេដ្ឋកិច្ចនេះ កំពុងធ្វើឲ្យរដ្ឋាភិបាលលោកហាសាន់ រ៉ូហានី ទទួលសំពាធខ្លាំងណាស់។ នៅអ៊ីរ៉ង់ មានមេដឹកនាំ​ ដែលស្និទនឹងលោកអាយ៉ាតូឡា អាលី ខាមឺណី ជាច្រើននាក់​ ដែលរិះគន់ គោលនយោបាយឱនក្បាលដាក់លោកខាងលិច របស់​លោក​ហាសាន រ៉ូហានី។ ដូច្នេះ មិនយូរមិនឆាប់ បើនៅតែគ្មានអ្វីប្រសើរដល់សេដ្ឋកិច្ចអ៊ីរ៉ង់ ភាគីអ៊ីរ៉ង់​ប្រាកដជាទ្រាំលែងបានតទៅទៀត ហើយអាចបង្ខំ ឲ្យលោកហាសាន់​ រ៉ូហានី សម្រេចដកខ្លួន ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ នេះដែរ។ ពេលនោះកម្មវិធីផលិត​នុយក្លេអ៊ែរ អាចចាប់ផ្តើមឡើងវិញ។

ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រីការបរទេសបារាំង ក៏បានទទួលស្គាល់ដែរថា ភាគីអឺរ៉ុប យល់ពីការលំបាក របស់លោកប្រធានាធិបតីអ៊ីរ៉ង់។ ហេតុដូច្នេះហើយ បានជាអ្នកជំនាញរបស់អឺរ៉ុប កំពុងពិចារណា​បន្ថែមទៀត ក្នុងការ​រកវិធីជួយអ៊ីរ៉ង់ ឲ្យអាចនាំប្រេងចេញទៅលក់ ដោយធ្វើយ៉ាងណា​ ចៀសវាង កុំឲ្យមានការទូទាត់​សាច់ប្រាក់ ឆ្លងកាត់ធនាគារ។

សម្រាប់ពេលនេះ យើងសង្កេតឃើញថា ភាគីអ៊ីរ៉ង់ បានអបអរ នឹងការប្តេជ្ញារបស់អឺរ៉ុប។ តែសួរថា តើវានឹងស្ថិតស្ថេរ បានដល់ពេលណា? ព្រោះថា ក្រៅតែពី ​សំណុំរឿង​នុយក្លេអ៊ែរ​នេះ ប្រទេសអឺរ៉ុបខ្លះ មិនសូវជាពេញចិត្តប៉ុន្មាននឹងអ៊ីរ៉ង់ទេ។​ ដូច្នេះ ​ថាមិនត្រូវ ថ្ងៃណា​មួយ ភាគី​នីមួយៗ នឹង​អស់​អំណត់​រៀងៗ​ខ្លួន​៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ