អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុ​អ្វី​បាន​ជា​​អឺរ៉ុបប្រើ​កូន​ដង្កាប់​គាប​​​តួកគីដែលកាន់​តែ​ផ្តាច់ការ ?!

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋ​ប្រហារ​មិន​សម្រេច​នៅតួកគី​ កាលពី​ថ្ងៃទី ១៥​កក្កដា បាន​ប្រែក្លាយ​ទៅ​ការ​ឆាក​ឈុត​នៃ​ការ​បោស​សម្អាត​ កម្ចាត់បណ្តេញ​ចេញ​ពី​តួនាទី ​មន្ត្រីយោធា​ ប៉ូលិស និង​ស៊ីវិល​ តាម​គ្រប់​ក្រសួង​ ជា​ទ្រង់ទ្រាយធំ។ ក្តី​ព្រួយ​បារម្ភ​ទាក់ទង​នឹង​អនាគត​ប្រទេស​ និង​ទំនាក់ទំនង​ជា​មួយ​បរទេស​ រីក​ធំធាត់​កាន់​ខ្លាំង ជា​ពិសេស​សម្រាប់​អឺរ៉ុប។ សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប និង​អូតង់​ បាន​ព្រមាន​តួកគី​អំពី​សកម្មភាព​បង្ក្រាប​មិន​រើស​មុខ​ និងជំរុញ​ឱ្យ​អង់ការ៉ា​គោរព​ច្បាប់។ តែ​ភាសា​ព្រមាន ហាក់​ដូច​ជា​មិន​សូវ​ ខ្លាំង ​និងមិន​សូវ​មាន​ទម្ងន់លើ​តួកគី​សោះ។ ហេតុអ្វី ?

បដាតាំង​រូបប្រធានាធិបតីតួកគីTayyip Erdogan នា​ឱកាស​បាតុកម្ម​គាំទ្រ​រដ្ឋាភិបាល​ក្រោយ​រដ្ឋប្រហារមិន​សម្រេច
បដាតាំង​រូបប្រធានាធិបតីតួកគីTayyip Erdogan នា​ឱកាស​បាតុកម្ម​គាំទ្រ​រដ្ឋាភិបាល​ក្រោយ​រដ្ឋប្រហារមិន​សម្រេច REUTERS/Baz Ratner
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​តួកគី​គ្មាន​ប្រណី​នរណា​ម្នាក់​ទេ ! ក្រោយ​រដ្ឋប្រហារ​មិនសម្រេច​ លោក អែរដូហ្កាន បាន​វាយបក​វិញ​យ៉ាង​ខ្លាំង​និង​យ៉ាង​ទាន់​ហន់។ មន្ត្រី​ក្នុង​ក្រសួង​មហាផ្ទៃ​ ​ភាគ​ច្រើន​ជា​ប៉ូលិស និង​កង​អាវុធហត្ថ ជិត​៩ពាន់​នាក់​ត្រូវ​ដក​ចេញ​ពី​តំណែង ជនសង្ស័យ​ជិត​៨ពាន់​នាក់​ត្រូវ​ឃាត់ខ្លួន ក្នុង​នោះ​ជាង​៦ពាន់​នាក់​ជា​ទាហាន ជាង៧រយ​នាក់​ជា​ចៅក្រម​ឬ​រដ្ឋ​អាជ្ញា អភិបាល​ក្រុង​ ឃុំ​សង្កាត់ ៣០​នាក់​ត្រូវ​បាត់​តួនាទី... គឺ​ជា​ការ​បោស​សម្អាត កម្ទេច​មីក្រុម​ជាតិ ទាំង​ហ្វូងៗ​មិន​ធ្លាប់​មាន​ឡើយ។

លើក​ឆាក​អន្តរជាតិ​វិញ ភាព​​ធូរ​ស្បើយ​ក្នុង​ចិត្ត​នៅ​ពេល​ឃើញ​រដ្ឋប្រហារ​បរាជ័យ​ បាន​ក្លាយ​ទៅ​ការ​ព្រួយ​បារម្ភ។ រដ្ឋប្រហារ​មិនសម្រេច​ ប្រធានាធិបតី​មិន​ធ្លាក់​ពី​អំណាច តែប្រើ​​អំណាច​​​កាន់​តែខ្លាំង និង​កាន់​​ផ្តាច់ការ​ឡើងៗទៅ​វិញ។ បស្ចឹម​លោក​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង និងអំពាវនាវ​ បែប​សំឡុត​ផង ឱ្យ​តួកគី​គោរព​ច្បាប់​ គោរព​សិទ្ធិ​ និង​កុំ​ត្រលប់​ទៅ​អនុវត្ត​ទោស​ប្រហារជីវិត​ ដែល​អឺរ៉ុប​ជា​ពិសេស​អាល្លឺម៉ង់​ប្រឆាំង​ដាច់​ខាត​។

ប៉ុន្តែ​ដោយ​ជាក់​ស្តែង​ទៅ ទាំង​អាមេរិក ទាំង​អឺរ៉ុប គ្មាន​នរណា​ម្នាក់​អាច​សំឡុត​ និង​ចាប់​តួកគី បញ្ជូល​ក្នុង​បញ្ជី​ខ្មៅ​​បាន​ឡើយ ក្នុង​ស្ថានភាពបច្ចុប្បន្ន​​នេះ។ តួកគីអាច​​ត្រូវ​ការ​ដៃគូ​អន្តរជាតិមែន តែ​គឺ​អន្តរជាតិ​ទេត្រូវ​ការ​ជា​ចាំបាច់​តួកគី ! ​​​ប្រធានាធិបតី​តួកគី​ បាន​ដឹង​និង​យល់​យ៉ាង​ច្បាស់​។

​ហេតុអ្វី ? តួកគី គឺ​ជាសម្ព័ន្ធមិត្ត​យុទ្ធសាស្ត្រ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម។ ក្នុង​ក្របខ័ណ្ឌ​សង្គ្រាម​ប្រឆាំង​ភេរវកម្ម តួកគីជា​មូលដ្ឋានរបស់ក្រុម​​បស្ចឹម​លោក។ តួកគី​ដើរ​តួនាទី កាន់​តែ​សកម្មឡើងៗ​ប្រឆាំង​នឹង​ភេរវកម្ម ដោយ​ពី​ដំបូង​ឡើយ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ប្រើ​ព្រំ​ព្រទល់​តួកគី​សម្រាប់​ចម្លង​មនុស្ស​និង​សម្ភារៈ​មក​បង្ក​ភេរវកម្ម​ផ្សេង ផ្តើម​ដោយ​ប្រទេស​តួកគី​ខ្លួនឯងនេះ​តែ​ម្តង។

ទីតាំង​ភូមិសាស្ត្រ​ប្រទេស​តួកគី​ស្ថិត​នៅ​ចន្លោះ​រវាង​អឺរ៉ុប​និង​ដើមបូព៌ា។ ដូច្នេះ​ជា​ទីតាំង​យុទ្ធសាស្ត្រ​សម្រាប់​ប្រទេស​លោក​ខាង​លិច​ អាមេរិក អូតង់ អឺរ៉ុប ប្រើ​ជា​មូលដ្ឋាន​យោធា​ជើង​អាកាស​ សម្រាប់​បង្ហោះ​យន្តហោះ​ចេញ​ធ្វើ​ប្រតិបត្តិ​កម្ទេច​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី​ឬអ៊ីរ៉ាក់។ ក្នុង​រយៈ​ពេល​មាន​រដ្ឋប្រហារ កង​កម្លាំង​សម្ព័ន្ធមិត្ត​មិន​អាច​ចេញ​ធ្វើ​សកម្មភាព​បាន​ឡើយ។

ទីពីរ តួកគី​ជា​ស្ពាន​វប្បធម៌​ ភូមិសាស្រ្តភ្ជាប់​ទៅ​តំបន់​ដើមបូព៌ា ឬ​ជា​តំបន់​ទ្រនាប់។ ក្នុង​វិបត្តិ​ជនភៀសខ្លួន តួកគី​ចង់​តាំង​ខ្លួន​ជា​អ្នក​ការពារ​ព្រំដែន​ឱ្យ​អឺរ៉ុប និង​កំពុង​ក្លាយ​ជា​អ្នក​មាន​អំណាច​ខ្លាំង​ក្នុង​រឿង​នេះ។ តើ​នរណា​ហ៊ាន​រអ៊ូរទាំ​អ្វី​ បើ​តួកគី​មាន​ជនភៀស​ខ្លួន​ក្នុង​ប្រទេស​ដល់​ទៅ​ជាង​បី​លាន​នាក់​ឯណោះ។ កាលពី​ខែ​មិនា អឺរ៉ុប​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​តួកគី ឱ្យ​ជួប​ទប់ជនភៀសខ្លួន​ជា​ថ្នូរ​នឹង​ជំនួយ​ហិរញ្ញវត្ថុ​៣ពាន់​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំៗ និង​ការ​ផ្តល់​ទិដ្ឋាការ​ដល់​ពលរដ្ឋ​តួកគី​ចូល​អឺរ៉ុប។

ចំណុច​ចុង​ក្រោយ​មិន​ទាន់​អនុវត្ត​បាន​ទេ ព្រោះ​ជា​ផ្លូវការ​តួកគី​មិន​ទាន់​មាន​ច្បាប់​ប្រឆាំង​ភេរវកម្ម​ស្រប​នឹង​ច្បាប់​អឺរ៉ុប។

​កន្លង​មក ដើម្បី​តម្រង់​ទិស​ឱ្យតួកគី​ដើរ​ត្រង់​ផ្លូវ​ អឺរ៉ុប​តែង​យក​ការ​សុំ​ចូល​​ជា​សមាជិក​សហភាព​មក​ធ្វើ​ជា​នុយ។ ប៉ុន្តែពេល​នេះ​ មាន​មនុស្ស​តិច​តួច​ណាស់​ដែល​នៅជឿ​លើ​លទ្ធភាព​តួកគី​ក្លាយ​ជា​សមាជិក​អឺរ៉ុប។

តួកគី​បាន​ដាក់​ពាក្យ​សុំ​ចូល​អឺរ៉ុប​នៅ​ឆ្នាំ​១៩៨៧។ តែ​រហូត​ទល់​ឆ្នាំ​១៩៩៩​ទើប​អឺរ៉ុប​ព្រម​ទទួលស្គាល់​​ថា​មាន​បេក្ខភាពថ្មី តែ​ការ​ចរចា​មាន​ដំណើរ​ដូច​អូស​ឬស្សី​បញ្ច្រាស​ចុង។ ប្រទេស​នៅ​អឺរ៉ុប​ខាងកើតនិង​កណ្តាល​​ផ្សេង​ទៀត​សុំ​ចូល​ក្រោយ​ផង ក៏​បាន​ក្លាយជា​សម្រេច​បំណង​មុន​តួកគី​ទៀត។ អឺរ៉ុប​បាន​បើកទម្លាយ​ព្រំដែន បង្កើន​សមាជិក ពី​១៥​ទៅ​២៧  ​​​ឆ្ពោះ​ទៅ​ទិស​ខាង​កើត ក្រោម​ក្រសែ​ភ្នែក​ហួស​ចិត្ត​របស់​តួកគី។

ក្នុង​បរិបទ​នៃ​វិបត្តិអន្តោប្រវេសន៍ និង​ភេរវកម្ម ដែល​បាន​រុញ​ច្រាន​ឱ្យ​អង់គ្លេស​ដល់​ថ្នាក់​បោះឆ្នោត​ដើរ​ចេញ​ពី​អឺរ៉ុប អឺរ៉ុប​ពិត​ជា​គ្មាន​ថ្ងៃ​បើក​ទ្វារ​ឱ្យ​ពលរដ្ឋ​​តួកគី៧៧​លាន​នាក់ ធ្វើ​ដំណើរ​ដោយ​សេរី​ក្នុង​អឺរ៉ុប​បាន​ណាស់។ ​ដែល​មាន​ប្រជាជនភាគ​ច្រើន​កាន់​សាសនា​អ៊ីស្លាម​ឡើយ។ ប្រធានាធិបតី​តួកគី​ ធុន​ទ្រាញ់​នឹង​ការ​រង់ចាំ និង​បាន​ពិគ្រោះ​យោបល់​ជាមួយ​ពលរដ្ឋ​តាម​រយៈ​ប្រជាមតិ​ ថា​គួរ​តែ​សុំ​ចរចា​ចូល​អឺរ៉ុប​ទៀត​ឬ​អត់។ សម្រាប់​លោក អែរដូហ្កាន អឺរ៉ុប​រើស​អើង អឺរ៉ុប​ដែល​ជា​ទូទៅ​ជា​អ្នក​គ្រិស្តសាសនា​មិន​ចង់​ទទួល​តួកគី​ជា​អ្នក​អ៊ីស្លាម​ទេ។​ បើ​មិន​ចង់​ម្តេច​ក៏​អូស​បន្លាយ​សំណុំ​រឿង​នេះ​ធ្វើ​អ្វី ?!

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ