អានតួអត្ថបទ
តួកគី

តួកគីធានាថា​នឹង​ចាត់ការ​ក្រុម​អ្នក​ធ្វើ​រដ្ឋប្រហារ ដោយ​គោរព​ទៅតាម​គោលការណ៍​នីតិរដ្ឋ

បីថ្ងៃ​បន្ទាប់​ពី​មាន​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋ​ប្រហារ​មិន​បាន​សម្រេច ​នៅ​តួកគី ​សហគម​អន្តរជាតិ ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​ អំពី​ចំណាត់ការ​របស់​រដ្ឋ​អំណាច​តួកគី ​ទៅ​លើ​ក្រុម​អ្នក​​ធ្វើ​រដ្ឋប្រហារ ​ ដែល​គេ​ចាប់​ខ្លួន​បាន។ នៅថ្ងៃ​ចន្ទ ​ទី​១៨​កក្កដា ​លោក​នាយករដ្ឋមន្ត្រី​តួកគី ​បាន​ប្រកាស​ថា ​រដ្ឋាភិបាល​តួកគី ​ត្រូវតែ​រក​យុត្តិធម៌​ជូន​អ្នក​ស្លាប់ ​ ហើយ​កាត់ទោស​ក្រុម​អ្នក​ធ្វើ​រដ្ឋ​ប្រហារ​ ឲ្យ​សក្តិ៍សម​បំផុត ​ដោយ​គោរព​ទៅ​តាម​គោលការណ៍​គ្រិះ​នៃ​នីតរដ្ឋ។

កម្លាំងកុម្មង់ដូរពិសេសតួកគី ឈរលើ​​រថពាស​ដែក​​របស់​យោធា ក្រោយ​ពេល​ដែល​ពួក​យោធា​​បាន​ប្រគល់​ខ្លួន ថ្ងៃទី​១៦​កក្កដា ២០១៦
កម្លាំងកុម្មង់ដូរពិសេសតួកគី ឈរលើ​​រថពាស​ដែក​​របស់​យោធា ក្រោយ​ពេល​ដែល​ពួក​យោធា​​បាន​ប្រគល់​ខ្លួន ថ្ងៃទី​១៦​កក្កដា ២០១៦ REUTERS/Murad Sezer
ផ្សាយពាណិជ្ជកម្ម

 

លោក​នាយករដ្ឋមន្ត្រី​តួកគី​ ប៊ីណាលី យីលឌីរីម ​បាន​បញ្ជាក់​ថា ​យុត្តិធម៌​ត្រូវ​តែ​រក​ជូន​ជន​រងគ្រោះ ​ហើយ​ជន​ល្មើស​ដែល​ឃុបឃិត​គ្នា ​ធ្វើ​រដ្ឋប្រហារ​ និង​ត្រូវ​ផ្តន្ទាទោស​ឲ្យ​សក្តិ៍សម​បំផុត ​ ហើយ​ដោយ​គោរព​ទៅ​តាម​ក្របខណ្ឌ​ច្បាប់​ជា​ធរមាន។ នេះ​គឺ​ជា​ការ​ឆ្លើយតប​ ទៅ​នឹង​ការ​ព្រមាន​របស់​សហរដ្ឋ​អាមេរិក ​ ក៏​ដូច​ជា​ពី​សំណាក់ ​សហភាព​អឺរ៉ុប ​ដែល​សំណូមពរ​ឲ្យ​អជ្ញាធរ​តួកគី ​ ចាត់​វិធានការ​កាត់ទោស​ទៅ​លើ​ក្រុម​អ្នក​ធ្វើ​រដ្ឋប្រហារ ​​ដោយ​គោរព​ទៅ​តាម​ច្បាប់​នីតិរដ្ឋ​នោះ។

សហគម​អន្តរជាតិ​ទាំងមូល​ មាន​ការ​ព្រួយបា​រម្ភ​ខ្លាំង​ ព្រោះ​ខ្លាច​រដ្ឋាភិបាល​តួកគី ​ ដឹកនាំ​ដោយ​លោក​ អ៊ែក ដូហ្កាន់ ​ ប្រើ​កណ្តាប់​ដៃ​ដែក​ ធ្វើការ​ចាប់​ដាក់គុក ​រឺ​ប្រហារ​ជីវិត​ ក្រុម​អ្នក​ធ្វើ​រដ្ឋ​ប្រហារ ​ដោយ​មិន​បាន​ឆ្លងកាត់​ការ​កាត់ទោស​ពី​តុលាការ។ យ៉ាង​ណាមិញ ​លោកស្រី ​ម៉ូហ្កឺរីនី ​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប ​បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​ បើ​តួកគី​ អនុវត្ត​ទោស​ប្រហារ​ជីវិត​ឡើង​វិញ ​ ​គឺ​តួកគី​គ្មាន​ថ្ងៃ​អាច​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​ បាន​ជា​ដាច់​ខាត។

សូម​រំលឹក​ថា ​ ក្រោយ​រដ្ឋ​ប្រហារ​មិន​បាន​សម្រេច​ ដែល​បាន​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់ ​ជាង​៣០០​នាក់​នោះ ​ អាជ្ញាធរ​តួកគី ​បាន​ចុះចាប់​មនុស្ស​ចំនួន​ប្រមាណ​ជាង​ ៧៥០០​នាក់ ​ដែល​ក្នុង​នោះ​មាន​៦០៣៨​នាក់ ​ជាទាហាន​ ៧៥៥​នាក់ ​ជា​ចៅក្រម​ និង​១០០​នាក់​ ជា​មន្ត្រី​នគរបាល។ លោក​ប្រធានាធិបតី​តួកគី ​បាន​ចាត់ទុក​ក្រុម​ប្រឆាំង​ទាំងអស់​ថា​ជា​មេរោគ ​ ហើយ​បាន​ប្រកាស​បោស​សម្អាត​មេរោគ​នេះ ​ ឲ្យ​អស់​ពី​តួកគី។ កាល​ពី​ថ្ងៃចន្ទ​ ទី​១៨​ កក្កដា ​ប្រធានាធិបតី ​អ៊ែរដូហ្កាន់​ បាន​ដាក់​បញ្ជារ​ថា​ត្រូវ​បាញ់​កម្ទេច​ឧត្តម្ភាគចក្រ​ណា ​ដែល​ហោះ​កាត់​ក្រុង​អ៊ីស្តង់ប៊ូល ​ដើម្បី​កុំឲ្យ​មាន​អ្នក​រត់​គេច​ចេញ​ទៅ​ក្រៅ​ប្រទេស។
 

ដោយឡែក ​ ក្រសួង​មហាផ្ទៃ​តួកគី ​បាន​លប់​ឈ្មោះ​មន្ត្រី​ចំនួន​៩០០០​នាក់ ​ដែល​ក្នុង​នោះ​មាន​នគរបាល​ ​៤៥០០​នាក់ ​និង​មន្ត្រី​កង​អាវុធហត្ថ ​៦១៤នាក់។ មិនត្រឹមតែ​ប៉ុណ្ណោះ ​សកម្មជន​ប្រឆាំង ​ក៏​ដូច​ជា​ក្រុម​យោធា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រដ្ឋប្រហារ ​ ត្រូវ​បាន​រដ្ឋាភិបាល​តួកគី​ចាត់ទុក​ថា​ គឺ​ជា​ក្រុម​ភេរវកម្ម​ទៀត​ផង។ ប្រធានាធិបតី​តួកគី ​បាន​ស្រែក​ក្តែងៗ ​ទាមទារ​ឲ្យ​សហរដ្ឋ​អាមេរិក​ ធ្វើការ​ប្រគល់​ខ្លួន​លោក​ Fetullah Gulen ​ដែល​បច្ចុប្បន្ន​រស់​នៅ​សហរដ្ឋ​អាមេរិក ​ ហើយ​ដែល​តួកគី​ចោទ​ថា​ជា​មេគំនិត​នៃការ​ធ្វើ​រដ្ឋប្រហារ។ លោក​ចន ​ឃែរី ​បានថ្លែង​ថា ​តួកគី​ ត្រូវ​ប្រគល់​ភស្តុតាង​ជាមុន​សិន ​មិនមែន​ត្រឹមតែ​ស្រែក​ចោទ​ប្រកាន់​ទទេៗ ​ហើយ​ឲ្យ​គេ​ប្រគល់​មនុស្ស​ឲ្យ​ ដោយគ្មាន​ភស្តុតាង​នោះ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ