ចរន្តទឹកសមុទ្ទចុះខ្សោយ ដោយការប្រែប្រួលអាកាសធាតុ
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៥៤
រដ្ឋាភិបាលនូវែលសេឡង់ប្រកាសបញ្ឈប់រាល់ការផ្តល់អាជ្ញាប័ណ្ណសម្រាប់រុករក និងធ្វើអាជីវកម្មប្រេង និងឧស្ម័នក្រោមបាតសមុទ្ររបស់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងពេលជាមួយគ្នា អ្នកវិទ្យាសាស្រ្តទើបនឹងបានចេញផ្សាយលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់ខ្លួនដែលបង្ហាញថា ការឡើងកម្តៅនៃភពផែនដីកំពុងតែធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ចរន្តទឹកសមុទ្រក្នុងមហាសមុទ្រអាត្លង់ទិក ដែលជាកត្តាដ៏ចម្បងបំផុតមួយ ក្នុងការរក្សាស្ថិរភាពនៃអាកាសធាតុនៅទូទាំងពិភពលោក។
ឧស្សាហកម្មប្រេងនិងឧស្ម័នរបស់នូវែលសេឡង់ ជាតំណាងសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេស ដោយបានប្រមូលចំណូលបានប្រមាណជាង១៤០០លានអឺរ៉ូក្នុងមួយឆ្នាំៗ ក្នុងនោះជាងពាក់កណ្តាលជាចំណូលបានមកពីនាំចេញថាមពលប្រេងនិងឧស្ម័ន។ វិស័យនេះ ផ្តល់ការងារដល់ពលរដ្ឋចំនួន ១១០០០នាក់។ ប៉ុន្តែ នូវែលសេឡង់ នឹងមិនផ្តល់អាជ្ញាបណ្ណរុករកនិងធ្វើអាជីវកម្មប្រេងនិងឧស្ម័នក្នុងបាតសមុទ្ទថ្មីទៀតទេ ព្រោះរដ្ឋាភិបាល ចង់ធ្វើឱ្យមានលំនឹងសេដ្ឋកិច្ចនិងបរិស្ថាន ដោយការពារវិស័យដែលមានស្រេចផង និងការពារបរិស្ថាន សម្រាប់ក្មេងជំនាន់ក្រោយ។ សម្រាប់លោកស្រីនាយករដ្ឋមន្ត្រី ការសម្រេចចិត្តនៅថ្ងៃនេះ ជាការបើកផ្លូវ និងផ្តល់ពេលវេលាច្រើនឱ្យនូវែលសេឡង់ ចាប់ងាកទៅរកថាមពលមិនចេះរីងស្ងួតវិញ ព្រោះការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុកាន់តែបន្ទាន់ហើយ។
ការប្រែប្រួលអាកាសធាតុ ប៉ះពាល់ដល់ចរន្តទឹកសមុទ្ទ
អ្នកវិទ្យាសាស្ត្រទើបបានចេញផ្សាយលទ្ធផលនៃការស្រាវជ្រាវមួយ ថាចរន្តទឹកសមុទ្ទក្នុងមហាសមុទ្ទអាត្លង់ទិក ដែលមានតួនាទីដ៏ចម្បងក្នុងការរក្សាស្ថិរភាពសីតុណ្ហភាពពិភពលោក កំពុងធ្លាក់ខ្សោយខ្លាំងណាស់ ដោយសារតែការប្រែប្រួលអាកាសធាតុ។ ជាការចុះខ្សោយខ្លាំង ពុំធ្លាប់ឃើញមានទេ គិតចាប់តាំងពី១៦០០ឆ្នាំមក។
មានការសិក្សាថ្មីពីរ ទើបបញ្ជាក់បង្ហាញថាពិតនូវសម្មតិកម្មដែលជាមន្ទិលតាំងពីយូរមកជុំវិញការចុះខ្សោយនៃចរន្តទឹកសមុទ្ទក្នុងមហាសមុទ្ទអាត្លង់ទិក។ ការសិក្សាទីមួយ អ្នកវិទ្យាសាស្ត្រសិក្សាមើលគ្រាប់ខ្សាច់ដែរហូរមកតាមខ្សែទឹក។ បើជាគ្រាប់ខ្សាច់ធំ មានន័យថាចរន្តទឹកខ្លាំង។ ជាលទ្ធផលចរន្តទឹកមានលក្ខណៈថេរ នៅរវាងពីឆ្នាំ ៤០០ ដល់ឆ្នាំ១៨៥០ និងចាប់ផ្តើមចុះខ្សោយ នៅពេលផ្តើមសករាជឧស្សាហកម្ម។ ការសិក្សាទីពីរ ផ្តោតទៅលើសីតុណ្ហភាពផ្ទៃទឹកសមុទ្ទ និងបានវិភាគឃើញថា ចរន្តទឹកបានចុះខ្សោយកម្លាំង១៥% ក្នុងរយៈពេល៥០ឆ្នាំចុងក្រោយនេះ ហើយទំនងជាដោយសារការប្រែប្រួលអាកាសធាតុដែលជាស្នាដៃមនុស្ស។
តាមការពិតទឹកសមុទ្ទក៏ហូរដែរ និងមានចរន្តជាប់ជាប្រចាំ។ នៅក្នុងមហាសមុទ្ទអាត្លង់ទិកនេះដោយជាក់ស្តែង មានចរន្តទឹកហូរជាប់ នាំចរន្តទឹកក្តៅចេញពីតំបន់ត្រូពិកទៅ ភាគខាងជើងមហាសមុទ្ទអាត្លង់ទិក ឬហៅថាខ្សែទឹកGulf Stream។ ចរន្តទឹកក្តៅនេះ នឹងចាប់ត្រជាក់ នៅពេលដល់ភាគខាងជើង និងឡើងខាប់ ធ្ងន់ រួចក៏ហូរ មកចុះត្រលប់មកភាគខាងត្បូងវិញ ក្រោមទឹកក្តៅ។ ជាចរន្តវិលទៅវិលមក ប៉ុន្តែពេលនេះចរន្តទឹកត្រូវចុះខ្សោយ ដោយសារតែមានការរំខាន ពីទឹកសាបរលាយពីផ្ទាំងទឹកកកនៅតំបន់ប៉ូល។ ទឹកកករលាយ ក្លាយជាទឹកសាប ហើយទឹកសាបមិនសូវខាប់ដូចទឹកប្រៃ ទឹកសមុទ្ទទេ (ក្នុងមហាសមុទ្ទអាត្លង់ទិកខាងជើង)។ នៅពេលទឹកសាបនេះបានហូរចូលមកលាយនឹងទឹកប្រៃដែលត្រូវហូរត្រលប់មកភាគខាងត្បូងវិញ ល្បាយទឹកលែងសូវខាប់ ទើបត្រូវហូរយឺត។ ចរន្តទឹកក៏ចាប់ចុះខ្សោយ។
ផលវិបាកនៃចរន្តទឹកសមុទ្ទចុះខ្សោយ
ការសិក្សាមិនបានបញ្ជាក់ថាថាតើប្រព័ន្ធចរន្តទឹកសមុទ្ទនឹងបន្តចុះខ្សោយខ្លាំងទៀត កំរិតណាទេ។ ប៉ុន្តែប្រសិនបើចរន្តបន្តចុះខ្សោយមែន នោះលក្ខខណ្ឌអាកាសធាតុតាំងពីសហរដ្ឋអាមេរិក អឺរ៉ុប និងរហូតដល់អាហ្វ្រិកផង នឹងរងផលប៉ះពាល់ខ្លាំង ដូចជាមានព្យុះភ្លៀងនៅរដូវធ្លាក់ទឹកកក នៅអឺរ៉ុប ព្យុះត្រូពិកនឹងរំកិលនៅភាគខាងត្បូងនៃភពផែនដី ... កម្ពស់ទឹកសមុទ្ទអាត្លង់ទិកនឹងអាចឡើងលឿនជាងការគិត ជាពិសេសនៅខាងឆ្នេរខាងកើតរបស់សហរដ្ឋអាមេរិក។
ចរន្តទឹកសមុទ្ទ មានតួនាទីសំខាន់ ក្នុងចែកចាយសារធាតុចិញ្ចឹម ខ្យល់អ៊ុកស៊ីសែន កំអែលផ្កាថ្ម ឬត្រី ពីតំបន់មួយទៅតំបន់មួយទៀត។ លំហូរទឹក បានធ្វើសមុទ្ទអាចស្រូបយក និងស្តុកឧស្ម័នកាបូនិក ប៉ុន្តែនៅពេលចរន្តចុះខ្សោយ តំបន់ខ្លះនឹងមានទឹកមិនសូវសម្បូរអ៊ុកស៊ីសែន ត្រីក៏លែងសូវសម្បូរ ការនេសាទត្រូវប្តូរទីតាំង ទៅរកកន្លែងមានទឹកជ្រៅ មានខ្សែទឹកហូរ …
នៅក្នុងសេចក្តីថ្លែងការណ៍របស់វិទ្យាសាស្ត្រ ភាពកំខ្សោយនៃចរន្តទឹកសមុទ្ទ អាចនឹងជួយឱ្យមានការធ្លាក់ចុះ ឬកើនឡើងសីតុណ្ហភាពទឹកជាច្រើនអង្សារ ដែលការនេះ បានធ្វើពូជត្រី និងសត្វក្នុងទឹកមួយចំនួន ព្រមទាំងសត្វស្លាប និងប៉ាឡែន រងផលប៉ះពាល់យ៉ាងខ្លាំង។ ហើយបើចរន្តចុះខ្សោយខ្លាំងមែនទែនជាកំហុកនោះ នោះសមត្ថភាពស្រូបឧស្ម័នកាបូនិករបស់សមុទ្ទនឹងថយចុះខ្លាំង ដូច្នេះបើឧស្ម័នកាបូកនិកសល់ច្រើនក្នុងបរិយាកាស ភពផែនដីនឹងឡើងកម្តៅកាន់តែលឿន។
ចរន្តទឹកខ្សោយមានចំណែកសំខាន់ណាស់ក្នុងប្រែប្រួលអាកាសធាតុដែលមិនគួរមើលស្រាលទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ