តើក្នុងលក្ខខណ្ឌ និងកំហុសឆ្គងបែបណាដែលជំរុញអឺរ៉ុបឲ្យប្រើមាត្រាទី៧ ដើម្បីដាក់ទណ្ឌកម្មលើប្រទេសសមាជិក?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:០៨
នៅថ្ងៃពុធ ទី១២ កញ្ញា សភាអឺរ៉ុបបានបោះឆ្នោតអនុម័តក្នុងសម្លេងភាគច្រើនដាក់ទណ្ឌកម្មលើប្រទេសហុងគ្រីដោយប្រើមាត្រាទី៧ នៃសន្ធិសញ្ញាទីក្រុងលីសបោន។ នីតិវិធីដ៏កម្រមួយនេះត្រូវបានសហភាពអឺរ៉ុបប្រើលើកទី១ ក្នុងខែធ្នូ ឆ្នាំ ២០១៧ កន្លងទៅដើម្បីដាក់ទណ្ឌកម្មលើប្រទេសប៉ូឡូញ។ នីតិវិធីនៃការប្រើមាត្រាទី៧ នឹងអាចឈានទៅព្យួរសិទ្ធិបោះឆ្នោតរបស់ប្រទេសសមាជិកនៅក្រុមប្រឹក្សាអឺរ៉ុប។ យ៉ាងណាក៏ដោយ ប្រទេសហុងគ្រីតាមរយៈប្រមុខការទូតបានចាត់ទុកការបោះឆ្នោតរបស់សភាអឺរ៉ុបថា ជាការសងសឹករបស់ក្រុមអ្នកនយោបាយគាំទ្រជនអន្តោប្រវេសន៍។
អ្វីៗបានផ្តើមចេញពីគំនិតផ្តួចផ្តើមរបស់ក្រុមសមាជិកសភាអឺរ៉ុបដែលនាដំណាច់ឆ្នាំ ២០១៧ បានស្នើដល់គណៈកម្មការសេរីភាពស៊ីវិលរបស់អឺរ៉ុបឲ្យធ្វើរបាយការណ៍មួយស្តីពីនីតិរដ្ឋនៅក្នុងប្រទេសហុងគ្រី។ តាមសំណើនោះ លោកស្រី Judith Sargentini ដែលជាអ្នកតំណាងរាស្រ្តអឺរ៉ុបនៃប្រទេសហូឡង់ត្រូវបានគេចាត់តាំងឲ្យរៀបចំធ្វើរបាយការណ៍នោះ ហើយក៏បានធ្វើរួចរាល់នារដូវស្លឹកឈើជ្រុះកន្លងមក។ របាយការណ៍ដែលបានផ្សព្វផ្សាយក្នុងខែកក្កដា ឆ្នាំ ២០១៨ បានបញ្ជាក់ច្បាស់ៗពីការរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់ប្រមុខរដ្ឋាភិបាល រដ្ឋាភិបាលហុងគ្រីរបស់លោក Viktor Orban លើតម្លៃ និងគោលការណ៍ជាមូលដ្ឋានរបស់សហភាពអឺរ៉ុប។
របាយការណ៍របស់លោកស្រី Sargentini ឬហៅរបាយការណ៍ Sargentini បានលើកឡើងពីការគំរាមកំហែងលើសេរីភាពសារព័ត៌មាន រំលោភបំពានលើឯករាជភាពរបស់ប្រព័ន្ធតុលាការ ការវាយប្រហារសឹងគ្រប់ពេលលើក្រុមអង្គការក្រៅរដ្ឋាភិបាល កំណើននៃការប្រឆាំងលើពួកជ្វីហ្វ រួមនឹងការរំលោភបំពានលើច្បាប់សង្គមជាច្រើនទៀត។ ធ្ងន់ធ្ងរជាងគេ របាយការណ៍ Sargentini បានបរិហារលើនយោបាយអន្តោប្រវេសន៍របស់លោក Orban ដែលបដិសេធមិនទទួលយកគោលការណ៍មនុស្សធម៌ និងសាមគ្គីភាពរបស់អឺរ៉ុប។
គួររម្លឹកជូនថា ក្នុងពេលដែលអឺរ៉ុបជួបវិបត្តិលំហូរជនអន្តោប្រវេសន៍ លោក Orban បានសម្រេចតាំងពីឆ្នាំ ២០១៥ មិនទទួលយកផែនការរបស់អឺរ៉ុបដែលចែកគ្នាទទួលយកជនអន្តោប្រវេសន៍រវាងប្រទេសសមាជិក។ ដោយផ្អែកលើរបាយការណ៍ Sargentini សភាអឺរ៉ុបបានយល់ឃើញថា ហុងគ្រីបានរំលោភបំពានលើមាត្រាទី២ នៃសន្ធិសញ្ញាអឺរ៉ុបដែលចែងពីការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស សេរីភាព ប្រជាធិបតេយ្យ សមភាព និងនីតិរដ្ឋ។ គឺជាកំហុសឆ្គងមួយធ្ងន់ធ្ងរដែលបានជំរុញសភាអឺរ៉ុបឲ្យបោះឆ្នោតអនុម័តដាក់ឲ្យប្រើប្រាស់នូវមាត្រាទី៧ នៃសន្ធិសញ្ញាក្រុងលីសបោនដើម្បីដាក់ទណ្ឌកម្មលើហុងគ្រីពេលនេះ។
ហុងគ្រីអាចនឹងព្យួរសិទ្ធិបោះឆ្នោតនៅក្រុមប្រឹក្សាអឺរ៉ុប
មាត្រាទី៧ នៃសន្ធិសញ្ញាក្រុងលីសបោនជាមាត្រាមួយដែលអឺរ៉ុបមិនសូវប្រើដើម្បីដាក់ទណ្ឌកម្មលើសមាជិកខ្លួនទេ។ នេះជាលើកទី២ នៅក្នុងប្រវត្តិសហភាពអឺរ៉ុបដែលមាត្រាទី៧ត្រូវបានសភាអឺរ៉ុបបោះឆ្នោតអនុម័តឲ្យប្រើប្រាស់។ លើកទី១ ត្រូវបានប្រើចំពោះប្រទេសប៉ូឡូញក្នុងឆ្នាំ ២០១៧ កន្លងទៅពាក់ព័ន្ធនឹងការរំលោភលើគោលការណ៍ជាមូលដ្ឋានរបស់អឺរ៉ុបដូចករណីប្រទេសហុងគ្រី។ សូមជម្រាបជូនថា មាត្រាទី៧ នេះត្រូវបានគេប្រៀបទៅនឹងអាវុធនុយក្លេអ៊ែរ និងជាអាវុធចុងក្រោយដើម្បីដាក់ទណ្ឌកម្មលើសមាជិកណាដែលមិនគោរពច្បាប់ផ្ទៃក្នុង។ ជាទូទៅ ការអនុម័តលើនីតិវិធីឲ្យប្រើមាត្រាមួយនេះមានការប្រទាញប្រទង់គ្នាយ៉ាងខ្លាំងនៅផ្ទៃក្នុងសភាអឺរ៉ុប ហើយដើម្បីអាចអនុម័តបាន គេត្រូវការសម្លេងគាំទ្រយ៉ាងតិចបំផុត ២ភាគ៣។
ម្យ៉ាងទៀត មុននឹងឈានដល់នីតិវិធីនៃការអនុម័តឲ្យដាក់ទណ្ឌកម្មលើប្រទេសសមាជិកដោយប្រើមាត្រាទី៧ ដែលជាដំណាក់កាលទី៣ អឺរ៉ុបបានផ្តើមនីតិវិធីចំនួនពីរជាមុនសិន ទី១ សុំការពន្យល់ បំភ្លឺពីប្រទេសពាក់ព័ន្ធលើគម្រោងកំណែទម្រង់មួយចំនួន និងនីតិវិធីទី២ អឺរ៉ុបអាចស្នើដល់ប្រទេសនោះឲ្យបញ្ឈប់លើគម្រោងកំណែទម្រង់ដែលអឺរ៉ុបយល់ថាជាការរំលោភបំពានលើគោលការណ៍ជាសាវន្តរបស់អឺរ៉ុប។ បើគ្មានចម្លើយ ឬគ្មានការពន្យល់ណាមួយពីប្រទេសនោះទេ ទើបអឺរ៉ុបផ្តើមគិតគូរចាត់វិធានការដាក់ទណ្ឌកម្មដោយប្រើមាត្រាទី៧ នៃសន្ធិសញ្ញាក្រុងលីសបោន។
ចំណែកទណ្ឌកម្ម គឺឈានទៅព្យួរសិទ្ធិបោះឆ្នោតរបស់ប្រទេសសមាជិកនៅក្រុមប្រឹក្សាអឺរ៉ុប ឬអាចនិយាយបែបម្យ៉ាងទៀតថា ដាក់ប្រទេសសមាជិកនោះឲ្យនៅក្រៅវង់ល្បែងអឺរ៉ុបដោយមិនបញ្ចប់សមាជិកភាពទេ។
ព្រមានជាងការអាចអនុវត្តន៍ជាក់ស្តែង
ទ្រឹស្តីជារឿងមួយ រីឯការអនុវត្តន៍ជាក់ស្តែងជារឿងមួយផ្សេងទៀត ព្រោះដើម្បីអាចអនុវត្តមាត្រាទី៧ បាន គេត្រូវឆ្លងកាត់នីតិវិធីមួយចំនួនទៀត ពោលមិនមែនបញ្ចប់ត្រឹមការបោះឆ្នោតអនុម័តរបស់សភាអឺរ៉ុបមួយទេ។ ដើម្បីអាចឈានដល់ដំណាក់កាលដាក់ទណ្ឌកម្មបាន គេត្រូវឲ្យមានការបោះឆ្នោតព្រមព្រៀងជាឯកច្ឆន្ទពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលទាំងអស់របស់ប្រទេសសមាជិកអឺរ៉ុប។ តែនៅចំពោះមុខ សេណារីយ៉ូមួយនេះត្រូវបានគេមើលឃើញថាជារឿងមិនអាចទៅរួច។ ប៉ូឡូញ និងហុងគ្រីដែលកំពុងទទួលរងពំនូងដូចគ្នាបានបញ្ជាក់ច្បាស់ៗពីការគាំទ្រគ្នាទៅវិញ ទៅមក។
ហុងគ្រីមិនបោះឆ្នោតប្រឆាំងប៉ូឡូញ ហើយប៉ូឡូញក៏មិនបោះឆ្នោតប្រឆាំងហុងគ្រីវិញដែរ។ ដូច្នេះឃើញថា ការបោះឆ្នោតរបស់សភាអឺរ៉ុបអាចបន្តស្ថិតជាទង្វើនិមិត្តរូប។ តែទោះជាយ៉ាងនេះក្តី ទង្វើនិមិត្តរូបមួយនេះជាសញ្ញាព្រមានចាស់ដៃមួយចំពោះសមាជិកណាដែលមិនគោរពតម្លៃ និងគោលការណ៍ជាមូលដ្ឋានរបស់សហភាពអឺរ៉ុប៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ