អ៊ីរ៉ង់ប្រាប់អង់គ្លេសឲ្យដោះលែង កប៉ាល់ដឹកប្រេងរបស់ខ្លួន ជាប្រញាប់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:១៦
អ៊ីរ៉ង់ និងអង់គ្លេស បានកើតមានភាពតានតឹងការទូតនឹងគ្នា នៅក្រោយអង់គ្លេសចាប់រឹបអូសកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ នៅច្រកសមុទ្រ Gibraltar ដែលជាដែនដី នាយសមុទ្ររបស់អង់គ្លេស នៅសមុទ្រមេឌីទែរ៉ាណេ។ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ប៉ូលិស និងគយអង់គ្លេស ប្រចាំនៅទឹកដី Gibraltarបានឡើងទៅរឹបអូសកប៉ាល់ដឹកប្រេងរបស់អ៊ីរ៉ង់។ ហេតុការណ៍នេះកើតឡើងនៅខណៈពេលដែលអាមេរិកប្រកាសដាក់ទណ្ឌកម្មបន្ថែមលើអ៊ីរ៉ង់ នៅក្រោយអ៊ីរ៉ង់បាញ់ទម្លាក់យន្តហោះដ្រូនរបស់អាមេរិក នៅច្រកសមុទ្រ Omuz កាលពីខែមិថុនាកន្លងទៅ។ នៅថ្ងៃសុក្រនេះ អ៊ីរ៉ង់បានថ្កោលទោស និងបានទាមទារឲ្យអង់គ្លេស ដោះលែង កប៉ាល់ដឹកប្រេងរបស់ខ្លួនជាបន្ទាន់។
អ៊ីរ៉ង់ តាមរយៈ សេចក្តីថ្លែងការណ៍ផ្លូវការនៅថ្ងៃសុក្រនេះ បានទាមទារឲ្យអង់គ្លេស លែងជាប្រញាប់កប៉ាល់ដឹកប្រេងឆៅរបស់អ៊ីរ៉ង់ ដែលទាហាន និងប៉ូលិសអង់គ្លេស បានចូលចាប់រឹបអូស កាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី ៤កក្កដា។ នៅក្នុងជំនួបកោះហៅ ឯកអគ្គរាជទូតអង់គ្លេសប្រចាំក្រុងតេហេរ៉ង់ អ៊ីរ៉ង់នៅបានប្រៀបប្រដូចការចូលចាប់កប៉ាល់ដឹកប្រេងអ៊ីរ៉ង់ ទៅនឹងសកម្មភាពរបស់ចោរសមុទ្រ។
រូបភាពចេញផ្សាយដោយទូរទស្សន៍អង់គ្លេស BBC បានបង្ហាញក្រុមទាហានអង់គ្លេសសម្រូតទម្លាក់ខ្លួនពីឧទ្ធម្ភាគចក្រ ទៅក្នុងកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ ដែលមានឈ្មោះ ថា Grace 1 ដែលស្ថិតនៅ ចម្ងាយ ៤គីឡូម៉ែត្រពីឆ្នេរ Gibraltar។ Gibraltarជាដែនដីឯនាយសមុទ្រ មួយដុំតូច របស់អង់គ្លេស ប៉ុន្តែ ស្ថិតនៅជ្រោយភាគខាងត្បូង ប្រទេសអេស្ប៉ាញ នៅសមុទ្រមេឌីទែរ៉ាណេ។
បើតាមអ៊ីរ៉ង់ ទាហានអង់គ្លេសបានសម្រុកចូលខុសច្បាប់ ទៅរឹបអូសកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ ដែលកំពុងស្ថិតនៅក្នុងដែនទឹកសមុទ្រអន្តរជាតិ ប៉ុន្តែ មិនមែនស្ថិតនៅក្នុងដែនទឹកGibraltar ដែលអង់គ្លេសអះអាងនោះទេ។
អង់គ្លេសវិញ បានទាត់ចោលការលើកឡើងរបស់អ៊ីរ៉ង់។ ក្រសួងការបរទេសអង់គ្លេស នៅ បានកោតសរសើរចំណាត់ការរបស់អាជ្ញាធរអង់គ្លេសនៅទីក្រុងGibraltar ដែលបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន វិធានការដាក់ទណ្ឌកម្មរបស់អឺរ៉ុបទៅលើប្រទេសស៊ីរី។
អភិបាលក្រុងGibraltar លោកFabian Picardo បាននិយាយថា លោកបានចេញបញ្ជារឲ្យគេចាប់ស្ទាក់ កប៉ាល់ ដឹកប្រេងឆៅ៣សែនតោនរបស់អ៊ីរ៉ង់ ក្នុងហេតុផលថា កប៉ាល់ដឹកប្រេងអ៊ីរ៉ង់ រំលោភការដាក់ទណ្ឌកម្ម របស់សហភាពអឺរ៉ុប ទៅលើប្រទេសស៊ីរី។ សម្រាប់អភិបាលក្រុងGibraltar គេមានភស្តុតាង រឹងមាំដែលបញ្ជាក់ថា កប៉ាល់អ៊ីរ៉ង់ដែលមានទង់ជាតិប្រទេសប៉ាណាម៉ា ដឹកប្រេងឆៅ យកទៅចម្រាញ់ ទៅរោងចក្រចម្រាញ់ប្រេងមួយកន្លែង ក្នុងទឹកដីស៊ីរី។
នៅឆ្នាំ ២០១៤ ដើម្បីថ្កោលទោស រដ្ឋាភិបាលស៊ីរី ក្នុងរឿងបង្រ្កាប សម្លាប់ហិង្សា ទៅលើប្រជាជនស៊ីវិល តាំងពីឆ្នាំ ២០១១ សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មសេដ្ឋកិច្ច បិទខ្ទប់ ថាមពលប្រេង ដែលជាប្រភពចំណូល របស់រដ្ឋាភិបាល របស់លោកបាស្ហា អាល់អាសាដ។ អាជ្ញាធរអង់គ្លេស នៅGibraltar ជឿថា កប៉ាល់ដឹកប្រេង អ៊ីរ៉ង់ ដែលអង់គ្លេសស្ទាក់ចាប់នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ មានទិសដៅ ច្បាស់ណាស់ សំដៅ រោងចក្រចម្រាញ់ប្រេង Banyas នៅឆ្នេរស៊ីរី ក្នុងសមុទ្រមេឌីទែរ៉ាណេ ដែលកំពុងស្ថិតនៅក្នុងបញ្ជីរខ្មៅរបស់សហភាពអឺរ៉ុប។អភិបាលក្រុងGilbraltar អះអាងថា លោកបានដាក់ពាក្យទៅប្រធានគណៈកម្មការអឺរ៉ុប ស្តីពីការអនុវត្តការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ទៅលើកប៉ាល់ដឹកប្រេងអ៊ីរ៉ង់លើកនេះ។ ប៉ុន្តែ ការិយាល័យ គណៈកម្មការអឺរ៉ុបវិញ បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីនោះទេ។
រដ្ឋមន្រ្តីការបរទេសអេស្ប៉ាញ៖ អង់គ្លេស ចាប់កប៉ាល់ដឹកប្រេងឆៅរបស់អ៊ីរ៉ង់ ទៅតាមការចង់បានរបស់អាមេរិក
ទោះជាសហភាពអឺរ៉ុបដាក់ទណ្ឌកម្មសេដ្ឋកិច្ច ហាមមិនឲ្យមានការដឹកប្រេងទៅផ្គត់ផ្គង់ រដ្ឋាភិបាលស៊ីរី តាំងពីឆ្នាំ ២០១៤ ប៉ុន្តែ សហភាពអឺរ៉ុបមិនដែលចាប់កប៉ាល់ប្រេងអ៊ីរ៉ង់ ទៅប្រទេសស៊ីរីម្តងណាទេ ដោយសារថា អ៊ីរ៉ង់ មិនស្ថិតក្នុងបញ្ជីទណ្ឌកម្មសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប។
នេះជាលើកទី១ដែលប្រទេសសមាជិកមួយ របស់សហភាពអឺរ៉ុប ស្ទាក់ចាប់កប៉ាល់ដឹកប្រេងអ៊ីរ៉ង់ នៅក្នុងសមុទ្រមេឌីទែរ៉ាណេ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ អ៊ីរ៉ង់បានចោទអង់គ្លេសថា បានធ្វើតាមការបញ្ជាររបស់អាមេរិក ដែលកំពុងដាក់សម្ពាធ ចង់ឲ្យការនាំចេញប្រេងរបស់អ៊ីរ៉ង់ធ្លាក់ចុះដល់កំរិតសូន្យ។
មិនមែនតែអ៊ីរ៉ង់ទេ ដែលថា អង់គ្លេសចាប់កប៉ាល់ដឹកប្រេងអ៊ីរ៉ង់ ទៅតាមបញ្ជាររបស់អាមេរិក។ រដ្ឋមន្រ្តីការបរទេសអេស្ប៉ាញផ្ទាល់លោក Josep Borrell បាននិយាយប្រាប់អ្នកកាសែតថា អង់គ្លេស ចាប់កប៉ាល់ ដឹកប្រេងអ៊ីរ៉ង់ ទៅតាមការចង់បានរបស់អាមេរិក។ អេស្ប៉ាញដែលកំពុងមានជម្លោះដណ្តើមដែនទឹក Gibraltar ជាមួយអង់គ្លេស បញ្ជាក់ថា ខ្លួននឹងសិក្សាពិនិត្យដើម្បីដឹងថា តើចំណាត់ការរបស់អង់គ្លេស ដើម្បីចូលចាប់ កប៉ាល់ដឹកប្រេងរបស់អ៊ីរ៉ង់ មានប៉ះពាល់ រំលោភដល់ដែនអធិបតេយ្យភាពរបស់អេស្ប៉ាញដែរឬទេ។
អង់គ្លេសបានចូលទៅចាប់ស្ទាក់កប៉ាល់ដឹកប្រេងអ៊ីរ៉ង់ នៅក្នុងតំបន់ទឹក ដែលកប៉ាល់ភាគច្រើនឈប់សំចត ដើម្បីចូលទិញ គ្រឿងផ្គត់ផ្គង់បរិភោគសម្រាប់មនុស្សលើកប៉ាល់។ ប៉ុន្តែ សម្រាប់អង់គ្លេស កប៉ាល់ដឹកប្រេងអ៊ីរ៉ង់ ស្ថិតនៅក្នុងតំបន់ទឹករបស់អង់គ្លេស។
នៅថ្ងៃម្សិលមិញ លោកJohn Bolton ទីប្រឹក្សាសន្តិសុខជាតិ របស់លោកដូណាល់ត្រាំ បានចេញមុខ ស្វាគមអង់គ្លេស ដែលបានចាប់ស្ទាក់កប៉ាល់ដឹកប្រេង អ៊ីរ៉ង់។ សម្រាប់លោក វាជាដំណឹងល្អក្រៃលែង ដែលអង់គ្លេសស្ទាក់ចាប់កប៉ាល់ដឹកប្រេងអ៊ីរ៉ង់ ដែលបានរំលោភការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប។
សម្រាប់អ្នកជំនាញ ទោះជាអាមេរិកលើកឡើងថា ការស្ទាក់ចាប់កប៉ាល់ប្រេងអ៊ីរ៉ង់ ជាស្នាដៃរបស់សហភាពអឺរ៉ុប ប៉ុន្តែ គេអាចប៉ាន់ស្មានបានថា ការស្ទាក់ចាប់កប៉ាល់ប្រេងអ៊ីរ៉ង់លើកនេះ ធ្វើឡើងដោយការជំរុញ ពីអាមេរិក។ មួយវិញទៀត វាអាចជាសារទៅដល់រដ្ឋាភិបាលស៊ីរី អ៊ីរ៉ង់ និងរួមទាំងអាមេរិកផងដែរថា សហភាពអឺរ៉ុប អនុវត្តយ៉ាងតឹងរ៉ឹងច្បាប់ដាក់ទណ្ឌកម្មរបស់ខ្លួន ទៅលើស៊ីរី ហើយអឺរ៉ុប ក៏អាចចាត់វិធានការណាមួយ ដើម្បី ប្រឆាំងតបតនឹងអ៊ីរ៉ង់ ដែលចង់ដកខ្លួនពីកិច្ចព្រមព្រៀងស្តីពីនុយក្លេអ៊ែរ ឆ្នាំ ២០១៥។ ថ្មីៗនេះ អ៊ីរ៉ង់ ទើបប្រកាស ថា ខ្លួនលែងអាចគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិ ស្តីពីនុយក្លេអ៊ែរ ទៀតហើយ នៅក្រោយ ប្រទេសហត្ថលេខី ផ្សេងទៀត ដូចជាអង់គ្លេស បារាំង អាល្លឺម៉ង់ និងសហភាពអឺរ៉ុប គ្មានសមត្ថភាពរារាំង មិនឲ្យអាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់នោះ។ នៅថ្ងៃពុធ ម្សិលម្ង៉ៃ អ៊ីរ៉ង់នៅបានប្រកាសប្តេជ្ញាចម្រើនសារធាតុអ៊ុយរ៉ាញ៉ូម ឲ្យហួសកម្រិត ដែលមានចែងក្នុងកិច្ចព្រមព្រៀង នោះបើជាមានការប្រឆាំងពីអាមេរិក និងសហភាពអឺរ៉ុបក្តី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ