អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ផ្ទាំង​ទឹកកក​នៅ​ហ្រ្គោអិនឡង់ ​មាន​ពណ៌​កាន់តែ​ខ្មៅ​ ធ្វើ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​ព្រួយ​បារម្ភ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​រលាយ​ផ្ទាំង​ទឹកកក​ មិន​ថា​នៅ​ប៉ូល​ខាង​ជើង​ ឬ​ប៉ូល​ខាង​ត្បូង ​កំពុងធ្វើ​ឲ្យ​អ្នក​វិទ្យាសាស្ត្រ​ ព្រួយ​បារម្ភ​កាន់តែ​ខ្លាំង ​ព្រោះវា​នឹង​ជះ​ឥទ្ធិពល​អាក្រក់ ​មក​ដល់​កត្តា​អាកាសធាតុ។ ពោលគឺវា​នឹង​ប៉ះពាល់ ​ដល់​ជីវិត​មនុស្ស ​សត្វ ​និង​ជីវចម្រុះ​ទាំងមូល​តែម្តង។ យោង​តាម​ការ​ចុះផ្សាយ ​របស់ ​BBC ​អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​នាក់​ កំពុង​ស្ថិត​នៅ​លើ​កោះ​ហ្គ្រោអិនឡង់​ ដែល​ជា​កោះ​ធំ​បំផុត ​គ្រប​ពាស​ពេញ​ដោយ​ផ្ទាំង​ទឹកកក។ អ្នក​វិទ្យសាស្ត្រ​កំពុង​តែ​បារម្ភ​ អំពី​ផ្ទាំង​ទឹក​កក​នៅ​ទី​នោះ ​ដែល​មាន​ពណ៌​កាន់​តែ​ខ្មៅ ​ហើយ​ពណ៌​ខ្មៅ​នេះ​ អាច​ពន្លឿន​ល្បឿន​នៃ​ការ​រលាយ ​កាន់​តែ​រហ័ស។

កោះ Groenland​ មើលពី​លើ​ផ្កាយរណប
កោះ Groenland​ មើលពី​លើ​ផ្កាយរណប NASA
ផ្សាយពាណិជ្ជកម្ម

ក្រុម​អ្នក​វិទ្យាសាស្ត្រ​មួយ​ក្រុម​ដឹកនាំ​ដោយ​ លោក​សាស្ត្រាចារ្យ ​Martyn Tranter​ នៃ​សកល​​​វិទ្យាល័យ​ប្រ៊ីស្តូល ​របស់​អង់គ្លេស ​(Bristol University) កំពុង​ធ្វើការ​ស្រាវជ្រាវ​ពី​ល្បឿន ​និង​មូលហេតុ ​នៃ​ការ​រលាយ​ទឹកកក ​ក្នុង​តំបន់​ហ្រ្គោអិនឡង់។ គម្រោង​នេះ ​មាន​ឈ្មោះថា​ Black and Bloom ​ដែល​មាន​ រយៈពេល​៥ឆ្នាំ។ មក​ដល់​ពេល​នេះ ​គឺ​ជា​ដំណាក់​កាល​​ចុង​​ក្រោយ​នៃ​គំរោង​ហើយ ​ដែល​អ្នក​វិទ្យាសាស្ត្រ​កំពុង​ប្រមូល​ទិន្ន័យ​ ដើម្បី​ធ្វើ​ការ​សន្និដ្ឋាន ​ហើយ​ឈាន​ទៅ​ចុះ​ផ្សាយ​របាយការណ៍​រួម។

សារ៉ាយ​តូចល្អិត​ក្នុង​ទឹកកក​ ធ្វើឲ្យ​ទឹកកក​ប្រែ​ពណ៌​ក្រម៉ៅ

ឆ្លងកាត់​ការ​តាមដាន​ ​អ្វីដែល​គេ​បាន​សង្កេត​ឃើញ​នោះ ​គឺ​ថា ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ ​ផ្ទាំង​ទឹកកក​ នៅ​តំបន់​ហ្រ្គោអិនឡង់​ មាន​ពណ៌​កាន់​តែ​ក្រម៉ៅ​ទៅៗ។ ពណ៌​ក្រម៉ៅ​នេះ ​គឺ​ដោយសារ ​មាន​សារ៉ាយ​តូច​ល្អិតៗ ​កាន់តែ​ច្រើន​នៅ​ក្នុង​ផ្ទាំង​ទឹកកក។

ដូចយើង​ដឹង​ហើយ​ថា ​រវាង​ពណ៌ស ​និង​ពណ៌​ខ្មៅ ​គឺ​វា​ស្រូវ​កំដៅមិន​ដូច​គ្នា​ទេ។ តាម​ធម្មតា ​ទឹក​កក​ពណ៌​ស ​អាច​ជះ​ពន្លឺ​ព្រះអាទិត្យ​ត្រលប់​ទៅ​វិញ​ ប្រមាណ​ជា​៩០%​ ដែល​មាន​ន័យ​មាន​តែ​១០%​ទេ​ ដែល​នៅ​ងំ​​ជា​កំដៅ។ តែ​ទឹកកក​ពណ៌​ក្រម៉ៅ​វិញ ​គឺ​វា​អាច​ជះ​ពន្លឺ​ព្រះអាទិត្យ​ តែ​ប្រមាណ​ជា​៣៥%​ប៉ុណ្ណោះ។ មាន​ន័យ​ថា ​កំដៅ​អាច​នៅ​ងំ​ដល់​ ជាង​៦០%។ ត្រង់នេះ​ហើយ​ដែល​ចោទ​ជា​បញ្ហា ​ព្រោះថា​បើ​ទឹក​កក​កាន់តែ​ខ្មៅ ​គឺ​វារលាយ​កាន់​តែ​ឆាប់​រហ័ស ​ព្រោះ​វា​ស្រូវ​កំដៅ​ខ្លាំង។

អ្នក​ស្រាវជ្រាវ ​កំពុង​ខិតខំ​ស្វែងយល់​ថា​ តើ​សារ៉ាយ​តូច​ល្អិតៗ​ ដែល​មាន​នៅ​ក្នុង​ផ្ទាំង​ទឹក​កក​នេះ​ ​វា​អាច​រីក​សាយ​ភាព ​កើនឡើង​ក្នុង​ល្បឿន​កំរិត​ណា ​ហើយ​ថា​តើ ​ក្នុង​ករណី​សារ៉ាយ​តូច​ល្អិត​នេះ ​មាន​កាន់​តែ​ច្រើន ​ដែល​ធ្វើ​ឲ្យ​ទឹក​កក​កាន់​តែ​ខ្មៅ ​តើ​កម្រិត​ស្រូប​កំដៅ​ព្រះអាទិត្យ​ និង​កើន​ឡើង​ដល់​កំរិត​ណា​ដែរ។ បរិមាណ​នៃ​សារ៉ាយ​ល្អិត​នេះ ​នឹង​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់ ​ទៅ​ដល់​ល្បឿន​នៃ​ការ​រលាយ​ទឹក​កក​នៅ​តំបន់​ ហ្គ្រោអិនឡង់​នេះ។

ផែនដី​ឡើង​កំដៅ​ អាច​ជំរុញ​ ឲ្យ​ទំរង់​ជីវិត​ក្នុង​ទឹកកក ​រីក​សាយភាយ​កាន់តែ​ខ្លាំង

ជា​បឋម​ ប្រភព​ចំបង​នៃ​ការ​រលាយ​ទឹកកក​ នៅ​មហា​សមុទ្រ​អាកទិក ​និង​អង់​តាល់ទិក​ គឺ​ដោយសារ​តែ​ផែនដី​យើង​ឡើង​កំដៅ​ខ្លាំង។ ហើយ​បើ​តាម​ការ​សន្និដ្នាន ​គឺ​កំដៅ​កាន់តែ​ខ្លាំង​នេះ​ឯង​ ដែល​បាន​ជម្រុញ​ឲ្យ​ទំរង់​ជីវិត​តូចល្អិត ​ដែល​រស់​នៅ​ក្នុង​ផ្ទាំង​ទឹក​កក​ រាប់​ពាន់​ឆ្នាំ​មក​ហើយ​នោះ ​ចាប់​ផ្តើម​រីក​ធំ​ធាត់​កាន់​តែ​ធំ។ ទំរង់​ជីវិត​តូច​ល្អិត ​ដែល​ភាសា​បច្ចេក​ទេស​គេ​ហៅថា​ Micro-organisme ​គឺ​យើង​មិន​អាច​មើល​ឃើញ​នឹង​ភ្នែក​ទេ។ តែ​ឥឡូវ​នេះ ​ទំរង់​ជីវិត​​តូច​ល្អិត​ទាំង​នោះ ​បាន​បំលែង​ខ្លួន​ចេញ​ជា​សារ៉ាយ​តូចៗ។ នៅ​តាម​តំបន់​ខ្លះ​សារ៉ាយ​នោះ ​ធ្វើឲ្យ​ទឹក​កក​មាន​ពណ៌​ប្រផេះ ​ពណ៌​បៃតង​ ពណ៌ខ្មៅ ​ឬ​ពណ៌​ក្រហម​ក៏​មាន​ដែរ។

អ្នក​វិទ្យាសាស្ត្រ ​បាន​សង្កេត​ឃើញ​ថា ​ក្នុង​រយៈ​ពេល​១៥​ឆ្នាំ​ចុងក្រោយ​នេះ ​ ផ្ទាំង​ទឹក​កក ​មាន​ពណ៌​កាន់​តែ​ក្រម៉ៅ​ទៅៗ។ គេ​កំពុង​ចោទ​សួរ​ថា​ តើ​បើ​ផែនដី ​នៅ​តែ​បន្ត​ឡើង​កំដៅ ​ជា​ពិសេស​នៅ​តាម​តំបន់​ប៉ូល ​ដែល​មាន​ផ្ទាំង​ទឹកកក​ តើ​ទំរង់​ជីវិត​តូច​ល្អិត​ទាំង​នោះ ​អាច​នឹង​ឡើង​ពណ៌​កាន់តែ​ខ្មៅ​បន្ថែម​ទៀត ​ដល់​កំរិត​ណា? ឬមួយ​ ក៏ក្នុង​ករណី​ខ្លះ ​កំដៅ​កាន់តែ​ក្តៅ​ខ្លាំង ​វា​អាច​សម្លាប់​ទំរង់​ជីវិត​តូច​ល្អិត​ទាំង​នោះ ​ដែរ​ឬ​ទេ? ជា​គោលការណ៍ ​កាលណា​កាន់​តែ​ក្តៅ ​សរីរាង្គ ​មិន​ថា​សារ៉ាយ ​ឬ​មីក្រុប​ទាំង​អស់ ​តែងតែ​វិវឌ្ឍន៍​ពណ៌​សំបុរ​ទៅ​កាន់​តែ​ក្រម៉ៅ ​ដើម្បី​ទប់ទល់​ជាមួយ​នឹង​កម្លាំង ​Ultraviolet ​នៃ​កាំ​រស្មី​ព្រះអាទិត្យ។

ត្រង់​នេះ​ហើយ​ ដែល​ជា​ការ​ព្រួយ​បារម្ភ​ធំ​របស់​អ្នក​សា្រវជ្រាវ។ ព្រោះ​បើ​តាម​ការ​សង្កេត​សន្និដ្ឋាន​របស់​លោក ​Stefan Hofer ​ដែល​ជា​អ្នក​ស្រាវជ្រាវ​នៅ​ Bristol University ​ដោយ​យោង​លើ​រូបភាព​ផ្កាយ​រណប ​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ ​កម្រាស់​ពពក​ ដែល​ហោះ​កាត់​ពី​លើ​តំបន់​ ហ្រ្គោអិនឡង់ ​បាន​ថយ​ចុះ ​ដល់ទៅ​១៥%។ ដូច្នេះ​មាន​ន័យ​ថា ​មេឃ​កាន់តែ​ស្រលះនៅ​ពី​លើ​តំបន់​ហ្រ្គោអិនឡង់ ​អញ្ចឹង​គឺ​កាំ​រស្មី​ព្រះអាទិត្យ​ជះ​ទៅ​លើ​ផ្ទាំង​ទឹកកក​នៅ​តំបន់​នោះ ​មាន​កាន់​តែ​ខ្លាំង ​ដែល​នេះ​អាច​ជា​ប្រភព​ដែល​ជំរុញ​ ​ឲ្យ​ទំរង់​ជីវិត​នានា ​រីក​សាយភាព​កាន់​តែ​លឿន ​និង​ឡើង​ពណ៌​កាន់​តែ​ក្រម៉ៅ។

តែ​យ៉ាងណា​ អ្នក​វិទ្យាសាស្ត្រ​ទទួល​ស្គាល់​ថា ​កម្រិត​ពណ៌​ក្រម៉ៅ​របស់​ទឹក​កក​ មិនមែន​មក​ពី​សារ៉ាយ​តូច​ល្អិត​ទាំង​ស្រុង​ទេ។ ពណ៌ខ្មៅ​ទាំង​នោះ ​ក៏មាន​ប្រភព​មក​ពី​ផ្សែង ​ល្អង​ធុរលី ​ដែល​ហោះ​តាម​ខ្យល់​មក។ ធុរលី​ទាំង​នោះ ​កើតចេញ​ពី​ភ្លើង​ឆេះព្រៃ​នៅ​កាណាដា ​ព្រម​ទាំង​ផ្សែង​ដែល​ហោះ​ចេញ​ពី​រោង​ចក្រ​នៅ​ចិន​ និង​នៅ​អាមេរិក​ ជាដើម។ ការ​កើនឡើង​នូវ​កំដៅ​ផែនដី ​ បូកផ្សំ​ជា​មួយ​នឹង​ពណ៌​ទឹក​កក​កាន់​តែ​ក្រម៉ៅ​ គឺ​វា​បាន​រូម​ផ្សំ​ជំរុញ​ឲ្យ​ទឹក​កក​រលាយ​កាន់​តែ​លឿន​រហ័ស។

នៅឆ្នាំ​២១០០​ ទឹក​សមុទ្រ​អាច​ឡើង​កំពស់​បន្ថែម​១ម៉ែត្រ

ក្នុងរយៈ​ពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ ​នៅ​តំបន់​ហ្រ្គោអិនឡង់​ ទឹក​កក​រលាយ​ក្នុង​មួយ​ឆ្នាំ ​ច្រើន​ជាង​ទឹក​កក​ដែល​ធ្លាក់។​ កម្រាស​ទឹក​កក​នៅ​ទីនោះ​អាច​មាន​កម្រាស​ប្រមាណ​៣​គីឡូម៉ែត្រ។ ដូច្នេះ​បើ​រលាយ ​ច្រើន​ជាង​ទឹក​កក​ដែល​ធ្លាក់​ មាន​ន័យ​ថា ​កម្រាស​ទឹក​កក​នឹង​ថយ​ចុះ​កាន់​តែ​ខ្លាំង។ ក្នុង​មួយ​ឆ្នាំ ​ទឹក​កក​តំបន់​ហ្រ្គោអិនឡង់ ​រលាយ​ចូល​សមុទ្រ ​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​កើន​កំពស់​១​មីលីម៉ែត្រ។ នេះ​ជា​កម្រិត​រលាយ​ធម្មតា​ ចុះ​ទម្រាំ​តែ​រលាយ​យ៉ាង​រហ័ស​ទៀត​នោះ?

បើ​ទឹក​កក​តំបន់​ហ្រ្គោអិនឡង់​​រលាយ​អស់​ទាំង​ស្រុង ​មាន​ន័យ​ថា ​ទឹក​សមុទ្រ​អាច​នឹង​ឡើង​កំពស់​ដល់​ទៅ​៧​ម៉ែត្រ។ តែ​វា​មិន​មែន​រលាយ​អស់​ភ្លាម​ទេ ​អាច​ក្នុង​រយៈពេល​ច្រើន​សតវត្ស​ទៅ​មុខ​ទៀត។ តែ​បើ​ក្នុង​ល្បឿន​ដូច​សព្វ​ថ្ងៃ​នេះ ​អ្នក​វិទ្យាសាស្ត្រ​ព្រួយ​បារម្ភ​ថា ​នៅ​រវាង​ឆ្នាំ​ ២១០០ ​ទឹក​សមុទ្រ​នឹង​ឡើង​កំពស់​ប្រហែល​១​ម៉ែត្រ។

អាស៊ី ​ជា​តំបន់​ប្រឈមមុខ​ខ្លាំង​ជាងគេ

ការ​កើនឡើង​នូវ​កំពស់​ទឹក​សមុទ្រ ​គឺ​ជា​គ្រោះថា្នក់​ធំ ​សម្រាប់​ប្រទេស​កូនកោះ​តូចៗ​ និង​តំបន់​មួយ​ចំនួន​ ដែល​កន្លែង​ខ្លះ​ មាន​កំពស់​ស្ថិត​ក្រោម​កំពស់​ទឹក​សមុទ្រ។ ឧទាហរណ៍ ​ប្រទេស​ហូឡង់ ​ប្រទេស​បង់ក្លាដែស ​ទីក្រុង​ញូយ៉ក ​ទីក្រុង​បាងកក ​ទីក្រុង​សៀងហៃ ​ទីក្រុង​ឡុងដ៍ ​ទីក្រុង​ម៉ៃអាមី​ ជាដើម។ បើ​ទឹក​សមុទ្រ​ឡើង​កំពស់​ កុំថា​ឡើយ​១ម៉ែត្រ ​សូម្បី​តែ​១០​សង់ទីម៉ែត្រ ​គឺ​វា​ជា​គ្រោះថ្នាក់​បាត់​ទៅ​ហើយ ​ហើយ​តំបន់​ទាំង​នោះ​ ត្រូវតែ​ត្រៀមខ្លួន​ រក​ដំណោះ​ស្រាយ។

កំពស់​ទឹក​សមុទ្រ​ឡើង ​ទីមួយ​វា​នឹង​ធ្វើ​ឲ្យ​កម្រិត​ជាតិ​អំបិល​ក្នុង​សមុទ្រ​ថយចុះ ​ដែល​អាច​ប៉ះពាល់ ​ដល់​ជីវៈចំរុះ​ក្នុង​សមុទ្រ។ ទីពីរ​ ​វា​នឹង​ធ្វើ​ឲ្យ​ប្រែប្រួល ​ដល់​ចរន្ត​ទឹក​សមុទ្រ។ កាលណា​ចរន្ត​សមុទ្រ​ប្រែប្រួល ​គឺវា​នឹង​ធ្វើឲ្យ​ប្រែប្រួល​នូវ​ ចរន្ត​ចំហាយ​សមុទ្រ។ ចំហាយ​សមុទ្រ​នេះ​ហើយ ​ដែល​ជា​ប្រភព​នៃ​កំដៅ ​ដែល​បង្ក​ជា​ដុំ​ពពក។ តាម​ការ​ប៉ាន់ស្មាន ​ការ​ប្រែប្រួល​នៃ​ចរន្ត​សមុទ្រ ​ព្រម​ទាំង​ចំហាយ​សមុទ្រ​នេះ ​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ក្រឡាប់​ចាក់​ កើត​ជា​បាតុភូត​ធម្មជាតិ​ធ្ងន់ធ្ងរ​ ដូចជា​ភ្លៀង​ធ្លាក់​ខ្លាំង​ បង្ករ​ជា​ទឹក​ជំនន់​ ខ្យល់​ព្យុះ​កាន់​តែ​សាហាវ ​កាន់តែ​ញឹកញាប់។ ហើយ​តាម​ការ​ព្យាករណ៍ ​តំបន់​ដែល​រង​គ្រោះ​បំផុត​នោះ ​គឺ​តំបន់​អាស៊ី​យើង​នេះ​តែម្តង។

ការ​កើនឡើង​នូវ​កំដៅ​ផែនដី ​ការ​រលាយ​ទឹកកក ​ការ​កើនឡើង​នូវ​កំពស់​ទឹក​សមុទ្រ​ បំរែ​បំរួល​អាកាស​ធាតុ ​បាតុភូត​ធម្មជាតិ ​ទាំងអស់​នេះ​ ​គឺ​វា​ជាប់​ពាក់ព័ន្ធ​គ្នា​ជា​បណ្តាញ ​ហើយ​ជះ​ឥទ្ធិពល​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ មនុស្ស​លោក ​សត្វ ​និង​ជីវៈចំរុះ​ ដែល​រស់​រំពឹង​នឹង​បរិយាកាស​រួម​ នៃ​ភពផែន​ដី​នេះ ​គឺ​ ជា​អ្នក​រងគ្រោះ​មុនគេ។ វា​គឺ​ជា​បញ្ហា​រួម ​មិនមែន​មាន​ន័យ​ថា ​រលាយ​ទឹកកក ​នៅ​តំបន់​ហ្រ្គោអិនឡង់ ​ប៉ះពាល់ ​តែ​ប្រជាជន ​ឬ​សត្វ​ដែល​នៅ​តំបន់​នោះ​ទេ។ បញ្ហា​អាកាសធាតុ ​នេះ គឺ​ជា​បញ្ហា​រួម​ ដែល​គ្រប់គ្នា​ត្រូវ​តែ​ស្វែង​យល់ ​និង​ចូលរួម​ដោះស្រាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ