អានតួអត្ថបទ
កម្ពុជា-ព្រំដែន

បញ្ហា​ព្រំដែន៖ លោក ហ៊ុន សែន ព្រមាន​ចាប់​ខ្លួន​អ្នក​រិះ​គន់​ជា​បន្ត​បន្ទាប់​ទៀត

បញ្ហា​ព្រំដែន​កម្ពុជា​នៅ​បន្ត​ជា​បច្ចុប្បន្នភាព​។ នៅ​ថ្ងៃ​អាទិត្យ​ទី​១៦​សីហា​នេះ លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន បានថ្លែង​ព្រមាន​ជា​ចំហរ ថា​នឹង​​ចាប់​ខ្លួនបន្ថែម​ទៀត រាល់​អ្នកទាំង​ឡាយ​​ដែល​ហ៊ាន​ចេញ​មុខ​រិះគន់​រដ្ឋាភិបាល​ក្នុង​​បញ្ហា​ព្រំដែន​។ ការ​ព្រមាន​របស់​លោក ហ៊ុន សែន ដូច្នេះ ធ្វើ​ឡើង​នា​ឱកាស​លោក​អញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​សម្ពោធ​សួន​ទឹក​​ ហ្គាដិនស៊ីធី ដែល​មាន​ទីតាំង​នៅ​ខណ្ឌ​ជ្រោយ​ចង្វារ ជាយ​ក្រុង​ភ្នំពេញ​។

លោកនាយករដ្ឋ​មន្ដ្រី ហ៊ុន សែន
លោកនាយករដ្ឋ​មន្ដ្រី ហ៊ុន សែន AP - Duc Thanh
ផ្សាយពាណិជ្ជកម្ម

«ចេញ​មក​ប៉ុន្មាន ចាប់​ប៉ុណ្ណឹង រឿង​ទល់​ដែន​អត់​ឲ្យ​មាន​រញ៉េរញ៉ៃ​ទេ​។ កុំ​ថា​រដ្ឋាភិបាល​ហ៊ុនសែន​ផ្ដាច់​ការ! នេះ​មិន​មែន​ជា​ការ​តស៊ូ​មតិ​ទេ អ្នក​ខ្លះ​ចេញ​មក​ថា​នេះ​ជា​ការ​តស៊ូ​មតិ… អត់​តស៊ូ​មតិ​ទេ នេះ​ជា​រឿង​ផ្លូវ​ច្បាប់​សុទ្ធ​សាធ​។»

នេះ​គឺ​ជា​សារ​​ព្រមាន​ខ្លាំង​ៗ​របស់​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ថ្លែង​ទៅ​កាន់​អ្នកទាំង​ឡាយ​ណា​ដែល​ហ៊ាន​ចេញ​មុខ​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​សំណុំ​រឿង​ព្រំដែន​ និង​បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​មនុស្ស​យ៉ាង​ហោច​ណាស់​ពីរ​នាក់ ដែល​បាន​រិះគន់បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម ដោយ​ចំពោះ​ការ​ដោះ​ដូរ​ដី​ជាមួយ​វៀតណាម ដោយ​​ចោទ​ប្រកាន់​រដ្ឋាភិបាល​ខ្មែរ​ថា «ក្បត់​ជាតិ»។

ថ្លែង​នា​ថ្ងៃ​អាទិត្យ​ទី​១៦​សីហា​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​រំឭក​ឡើង​វិញ​ត្រួស​ៗ​អំពី​សវតា​ព្រំដែន​រវាង​ខ្មែរ​និង​វៀតណាម ដែល​​ត្រូវ​បាន​គូស​វាស​និង​បន្សល់​ទុក​តាំង​ពី​សម័យ​អាណានិគម​និយម​បារាំង​មក​ម្ល៉េះ​។ លោក​ក៏​បាន​ឆ្លៀត​ឱកាស​នេះ ថ្លែង​ការពារ​ខ្លួន​ក្នុង​សំណុំ​រឿង​ផែនទី​ព្រំដែន​រវាង​កម្ពុជា​និង​វៀតណាម​ដ៏​ចម្រូង​ចម្រាស់​ផង​ដែរ។ ទាំង​រឿង​បន្ទាត់ បង្គោល​​ព្រំដែន ​និង​រឿង​ផែនទី​លើ​ក្រដាស លោក ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​​បាន​ធ្វើ​ការ​ហ្មត់ចត់​ណាស់​។

បញ្ហា​​ព្រំដែន​ មិន​មែន​ជា​បញ្ហា​លេង​សើច​ទេ​។ នេះ​បើ​តាម​លោក ហ៊ុន សែន​។ ហេតុ​ដូច្នេះ លោកបានផ្ដាំកុំ​ឲ្យ​យក​បញ្ហា​នេះ​ទៅលលេង​ឬ​​និយាយ​ញុះញង់​ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​កើត​សង្គ្រាម​រវាង​ប្រទេស​និង​ប្រទេស​បាន​។

គួរ​ជម្រាប​ជូន​ថា ការ​ថ្លែង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ស្ដី​ពី​​បញ្ហា​ព្រំដែន​នា​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​​មនុស្ស​យ៉ាង​ហោច​ណាស់​ពីរ​រូប​ទៅ​ឃុំ​ឃាំង​នៅ​ពន្ធនាគារ​ព្រៃ​ស ក្រោម​ការ​ចោទ​ប្រកាន់​ពីបទ​ញុះញង់​និង​បំភ្លៃ​ការ​ពិត​ក្នុង​រឿង​ព្រំដែន​។ អ្នក​ទាំង​ពីរ​រូប​នោះ រួម​មាន​ទី​មួយ លោក រ៉ុង ឈុន តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ត្រូវ​បាន​ចាប់​ខ្លួន​នា​យប់​ថ្ងៃ​ទី​៣១​កក្កដា និង​ទី​២ គឺ​លោក សួង សុភ័ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ។ ប្រធាន​គណបក្ស​នយោបាយ​រូប​នេះ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​១៤​ខែ​សីហា​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ