អានតួអត្ថបទ
កម្ពុជា-អប់រំ

របាយការណ៍UNESCO៖ កូវីដ១៩ធ្វើអោយប៉ះពាល់ដល់បុគ្គលិកនិងគ្រូបង្រៀនកម្ពុជាជាង២០ម៉ឺននាក់

ថ្ងៃទី​ ០៥​ តុលា​ គឺ​ជា​ទិវា​គ្រូបង្រៀន​ពិភពលោក​ ឬ​ World Teachers’ day ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​ក្រោម​ប្រធាន​បទ​ «គ្រូបង្រៀនឆ្លាតវៃ ដើម្បីការអប់រំឌីជីថល»។ ប៉ុន្តែ​ឆ្លៀត​នៅ​ក្នុង​ឱកាស​នេះ​អង្គការ​ UNESCO​  បាន​បង្ហាញ​របាយការណ៍​មួយ​ថា​ វិបត្តិ​នៃ​ជំងឺ​កូវីដ​១៩​ បាន​ធ្វើ​អោយ​ប៉ះពាល់​ដល់​បុគ្គលិក​អប់រំ​ និង​គ្រូ​បង្រៀន​កម្ពុជា​ប្រមាណ​ជា​ជាង​២០​ម៉ឺន​នាក់​។ សូម​បញ្ជាក់​ថា​ កម្ពុជា​នឹង​ប្រារព្ធ​ទិវា​នេះ​ នៅ​ថ្ងៃ​ទី​ ០៥​ តុលា​ នៅ​ឯ​វិទ្យាស្ថាន​ជាតិ​អប់រំ​។

សកម្មភាពក្នុងថ្នាក់រវាងគ្រូបង្រៀន និងសិស្សានុសិស្ស
សកម្មភាពក្នុងថ្នាក់រវាងគ្រូបង្រៀន និងសិស្សានុសិស្ស © RFI
ផ្សាយពាណិជ្ជកម្ម

«កូវីដ១៩ បានធ្វើអោយប៉ះពាល់ដល់អ្នកសិក្សាប្រមាណជា១.៦ពាន់លាននាក់នៅគ្រប់កម្រិតសិក្សាទាំងអស់ ហើយ៦៣លាននាក់ទៀតនៅកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ នៃប្រទេសចំនួន១៩០នៅទូទាំងពិភពលោក។ នេះបើតាមរបាយការណ៍របស់អង្គការ UNESCO  នៅក្នុងទិវាគ្រូបង្រៀនពិភពលោក ឬ World Teachers’ day ដែលគ្រោងប្រារព្ធធ្វើនៅថ្ងៃទី ០៥ តុលា ខាងមុខនេះ។ ចំណែកនៅកម្ពុជាវិញ វិបត្តិនៃជំងឺកូវីដ១៩នេះ បានធ្វើអោយប៉ះពាល់ដល់បុគ្គលិកសិក្សាប្រមាណជា១១៣០០០នាក់ និងគ្រូបង្រៀនចំនួន៩៣២២៥នាក់»។

ផ្អែកតាមរបាយការណ៍នេះ ដោយសារតែវិបត្តិនៃជំងឺកូវីដ១៩ ប្រទេសកម្ពុជាបានបិទសាលារៀននៅទូទាំងប្រទេសកាលពីថ្ងៃទី ១៦ មីនា ឆ្នាំ ២០២០ ដោយបង្វែការអប់រំនៅតាមសាលារៀនទៅជាការបង្រៀនពីចម្ងាយវិញ។ ដោយអនុវត្តតាមវិធានការនេះ គ្រូបង្រៀនជាច្រើនបានផ្លាស់ប្តូរឥរិយាបថនៃការបង្រៀនរបស់ខ្លួន ដើម្បីដើរអោយទាន់សភាពការវិត្តន៍ថ្មីនេះ។ បើតាមអង្គការ UNESCOការផ្លាស់ប្តូរឥរិយាបថថ្មីនេះហើយ ដែលតម្រូវអោយគ្រូបង្រៀនត្រូវរៀនសូត្រពីរបៀបនិងបែបបទថ្មីនៃការបង្រៀនរបស់ខ្លួន ហើយពេលខ្លះ ត្រូវចុះតាមដានការសិក្សារបស់សិស្សដោយផ្ទាល់ដល់ផ្ទះរបស់សិស្សថែមទៀត ដើម្បីអោយប្រាកដថា សិស្សគឺនៅបន្តការសិក្សា។ នេះបើតាមរបាយការណ៍របស់អង្គការ UNESCO ដោយបានបន្ថែមថា វិបត្តិនៃជំងឺកូវីដ១៩បានរំលឹកយើងអោយដឹងពីតួនាទីកាន់តែសំខាន់របស់គ្រូបង្រៀន និងថាតើរដ្ឋាភិបាលនិងដៃគូគួរធ្វើរបៀបណា ដើម្បីឆ្លើយតបនឹងបញ្ហានេះ។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យបានថ្លែងថា ក្នុងពេលវិបត្តិនៃជំងឺកូវីដ១៩នេះ គ្រូបង្រៀនត្រូវប្រឈមនឹងបញ្ហាប្រាក់ចំណូល និងបញ្ហាដំណើរការនៃការបង្រៀនផងដែរ។ ជាសំណូមពរ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យរូបនេះ បានស្នើសុំអោយក្រសួងអប់រំ យុវជននិងកីឡា បើកសាលារៀនឡើងវិញ និងអោយបានឆាប់តាមដែលអាចធ្វើទៅបាន។ បន្ថែមលើនេះ លោកស្រីក៏បានអំពាវនាវអោយរដ្ឋាភិបាលកម្ពុជា តម្លើងប្រាក់ខែគោលគ្រូបង្រៀនទាំងអស់អោយបាន២លានរៀល ខណៈបច្ចុប្បន្នគ្រូបង្រៀនមានប្រាក់ខែគោលចន្លោះពី១លាន២សែនរៀល ទៅ២លាន១សែនរៀល។ បច្ចុប្បន្ន កម្ពុជាមានគ្រូបង្រៀននៅគ្រប់កម្រិតទូទាំងប្រទេសប្រមាណជា១២ម៉ឺននាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ