អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

លោក សុខ ឥសាន៖ «កម្ពុជាតូចហើយក្រីក្រ ប៉ុន្តែចិត្តមិនក្រីក្រទេ»

លោក សុខ ឥសាន ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​ បាន​អះអាង​ថា​ ការ​បរិច្ចាក​ម៉ាស​ទៅ​កាន់​ប្រទេស​ឡាវ​ នៅ​ក្នុង​បរិបទ​កូវីដ១៩​ដែល​កម្ពុជា​មិន​ទាន់​បាន​ចាកចេញ​ឆ្ងាយ​ពី​ហនិភ័យ​នៅ​ពេល​នេះ​ គឺ​មិន​ប៉ះពាល់​ដល់​វិសាលភាព​នៃ​​កិច្ចការ​ងារ​ទប់ស្កាត់​ជំងឺ​កូវីដ​នៅ​ក្នុង​ប្រទេស​នោះ​ឡើយ​។ ការ​បញ្ជាក់​របស់​លោក​ គឺ​បន្ទាប់ពី​​កម្ពុជា បាន​ផ្តល់​ម៉ាស​ជាង​ ២​លាន​ម៉ាស ​ឲ្យ​ទៅ​ប្រទេស​ឡាវ​នៅ​ថ្ងៃ​ទី​១៦​វិច្ឆិកា​នេះ​។

រូបភាពតំណាង
រូបភាពតំណាង © សហការី
ផ្សាយពាណិជ្ជកម្ម

ការបរិច្ចាក​ម៉ាសចំនួន​ជាង​២លានម៉ាស​ រួមនឹងសម្ភារៈ​ពេទ្យឲ្យទៅ​ប្រទេសឡាវនៅពេលនេះ ត្រូវបានគេចោទសួរថា​ ហេតុអ្វីបានជា​​កម្ពុជាផ្តល់ម៉ាស​ដល់ឡាវនៅពេល​ដែលខ្លួនកំពុង​ត្រូវការជំនួយ​ពីគេដែរនោះ។ ចំណុច​គួរកត់សម្គាល់​ផ្សេងទៀតគឺ ហានិភ័យ​នៃការឆ្លង​កូវីដ១៩ នៅប្រទេសឡាវ​ទាបឬមួយ​គឺដោយសារ​តែនាយករដ្ឋមន្ត្រីឡាវហៅចូល​ទូរស័ព្ទសួរសុខទុក្ខ​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន អំឡុងពេលដែលលោក កំពុង​ធ្វើចត្តាឡីស័ក?

ឆ្លើយតបទៅនឹងចម្ងល់ទាំងនេះ​ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន នៅថ្ងៃទី​១៦វិច្ឆិកានេះ បាន​លើកឡើងថា សេចក្តី​សម្រេច​បរិច្ចាក​ម៉ាសនិងបរិក្ខាពេទ្យ​របស់​​កម្ពុជា​ទៅកាន់​​ប្រទេសឡាវនៅពេលនេះ គឺមិនប៉ះពាល់ដល់​វិសាលភាពនិងប្រសិទ្ធភាពរបស់រដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់​ជំងឺកូវីដនៅក្នុងប្រទេស​នោះទេ ដោយ​​រដ្ឋាភិបាលបានពិនិត្យមើលអំពី​លិទ្ធភាពដែលកម្ពុជាមាន​យ៉ាងម៉ត់ចត់។

ស្របពេលជាមួយគ្នានេះដែរ លោកបាន​សង្កត់ធ្ងន់ថា ការផ្តល់ជំនួយម៉ាស និងបរិក្ខារពេទ្យ​ ទៅកាន់ប្រទេសឡាវនៅពេលនេះ ​មិនមែនរាជរដ្ឋាភិបាលបោះបង់ចោលការយកចិត្តទុកដាក់​គិតគូកម្ពុជានោះទេ។

កាលពីខែឧសភា ឆ្នាំ២០២០នេះ កម្ពុជាប្រកាស​ថា​​មាន​ម៉ាសស្តុកក្នុងឃ្លាំងយុទ្ធសាស្ត្រសរុប​ចំនួន​១១លានម៉ាស​ ដើម្បីចែកជូន​ប្រជាជលរដ្ឋ​ ក្នុងករណី​ដែល​កម្ពុជាមានការរីករាលត្បាត​ជាទ្រង់ទ្រាយ​ធំណាមួយដែ​ល​កើត​មានជាយថាហេតុ នេះបើយោងតាមក្រសួងសុខាភិបាល។

ការប្រកាសផ្តល់ម៉ាសនិងបរិក្ខារពេទ្យពីភាគីកម្ពុជាទៅកាន់ប្រទេសឡាវ នាពេលនេះ គឺធ្វើឡើង ក្រោយពីលោកនាយករដ្ឋមន្ត្រីឡាវ លោក ថងលុន ស៊ីសុលីត បានហៅទូរស័ព្ទសួរសុខទុក្ខ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ខណៈពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កំពុងធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅ​ក្រោយព្រឹត្តិការណ៍​៣​វិច្ឆិកា។ 

លោក សុខ ឥសាន​ បានបញ្ជាក់ថា ការសម្រេចចិត្តរបស់​ប្រមុខរដ្ឋាភិបាលក្នុងការ​ផ្តល់ម៉ាសទៅកាន់ប្រទេសឡាវនៅពេលនេះ គឺ​​ជាសកម្មភាពបង្ហាញពីមិត្តភាព​ល្អរវាងប្រទេសកម្ពុជា និងប្រទេសឡាវ និងដោយ​មិនមាន​រឿងរ៉ាវ​ពាក់ព័ន្ធនៃទំនាក់ទំនង​​ផ្ទៃក្នុង​​​ណាមួយនោះទេ ក្រៅតែពី​​ការយកចិត្តទុកដាក់​ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងតំបន់តែប៉ុណ្ណោះ។

សូមជម្រាប​ជូន​ថា ​បច្ចុប្បន្ន​ប្រទេសឡាវ មានឆ្លង​ករណីកូវីដ១៩​សរុប​ចំនួន​២៤នាក់ និង​មាន​មនុស្ស​២៣​នាក់ បាន​ជា​សះស្បើយ​ពី​ជំងឺ​កូវីដ​១៩ និង​មិន​មាន​អ្នក​ស្លាប់​នោះ​ទេ​។ ធៀប​នឹង​បណ្តាប្រទេស​ផ្សេង​ទៀត​នៅ​ក្នុងតំបន់ ឡាវ​មាន​អ្នក​ឆ្លង​កូវីដ​១៩តិច​ជាង​គេ ខណៈ​ដែល​កម្ពុជា​មាន​អ្នក​ឆ្លង​កូវីដ​១៩​ចំនួន​ជាង​៣០០​នាក់ ច្រើន​ជាង​ឡាវ និង​ព្រុយ​ណេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ