អានតួអត្ថបទ
កម្ពុជា-សង្គម

UNESCO បើកដំណើរការយុទ្ធនាការសិល្បៈ ដើម្បីទប់ស្កាត់ការប្រកាន់ពូជសាសន៍នៅក្នុងវិបត្តិនៃជំងឺកូវីដ១៩

អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា​បាន​សម្ពោធ​យុទ្ធនាការ​សិល្បៈ​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៦​ខែ​វិច្ឆិកា​ ម្សិលមិញ​ នៅ​ឯ​ការិយាល័យ​ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ​។ យុទ្ធនាការ​សិល្បៈ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​លើក​កម្ពស់​ការ​សន្ទនា​ជា​លក្ខណៈ​អន្តរវប្បធម៌​ ការ​រឹត​ចំណង​សង្គម​ ការ​ទប់ស្កាត់​ការ​រើសអើង​លើ​ជាតិ​សាសន៍​ដទៃ​ និង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ នៅ​ក្នុង​វិបត្តិ​សកល​នៃ​ជំងឺ​កូវីដ​១៩​។

យុទ្ធនាការ«បើកបេះដូងអ្នក»របស់អង្គការយូណេស្កូ ក្នុងគោលបំណងទប់ស្កាត់ការរើសអើងជនបរទេសនៅអំឡុងពេលកូវីដ១៩
យុទ្ធនាការ«បើកបេះដូងអ្នក»របស់អង្គការយូណេស្កូ ក្នុងគោលបំណងទប់ស្កាត់ការរើសអើងជនបរទេសនៅអំឡុងពេលកូវីដ១៩ © UNESCO Cambodia
ផ្សាយពាណិជ្ជកម្ម

ក្រោមប្រធានបទ «បើកបេះដូងអ្នក» យុទ្ធនាការសិល្បៈនេះបានដំណើរការដោយប្រើប្រាស់ដីសក្នុងការគូសនៅលើក្តាខៀនព៌ណខ្មៅ និងតាមផ្លូវនៃទីសាធារណៈ។ ការគូសវាសបែបសិល្បៈទាំងនោះរួមមានជាពាក្យពេចន៍ទាំងជាភាសាខ្មែរ និងភាសាអង់គ្លេស និងរូបគំនូរផ្កាផ្សេងៗ ក្នុងនិយមន័យនៃការប្រើប្រាស់ពាក្យពេចន៍ដែលឆ្លុះបញ្ចាំងពីសកម្មភាពនិងអាកប្បកិរិយាវិជ្ជមានរបស់សាធារណជនក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩ជាសកល។

កញ្ញា វន មករា មន្រ្តីផ្នែកទំនាក់ទំនងនៃអង្គការយូណេស្កូ បានប្រាប់វិទ្យុបារាំងអន្តរជាតិ ឲ្យដឹងថា ការប្រើប្រាស់ដីសក្នុងការគូសវាសនៅក្នុងយុទ្ធនាការ «បើកបេះដូងអ្នក» គឺមានគោលបំណងចង់ឲ្យសាធារណជនដឹងថា ដីសដែលគូសវាសរួចហើយនេះ នឹងរលុបបាត់វិញតាមរយៈទឹកភ្លៀង ដូចនឹងជំងឺកូវីដ១៩ដែលនឹងសាបរលាបបាត់នៅពេលណាមួយខាងមុខ។ នេះជាសារអប់រំមួយចង់ឲ្យសាធារណជនយល់ថា កុំឲ្យមានការភ័យខ្លាច និងស្អប់ខ្ពើមទៅលើជនបរទេស ដែលថាជនបរទេសជាអ្នកចម្លងជំងឺកូវីដ១៩ ព្រមទាំងការចែកចាយនូវព័ត៌មានមិនពិតនៅក្នុងវិបត្តិនៃជំងឺកូវីដ១៩នេះ។

លោក Sardar Umar Alam អ្នកតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា បានលើកឡើងថា ជំងឺ Covid19កំពុងជះឥទ្ធិពលដល់មនុស្សជាតិទាំងមូល និងកាន់តែធ្ងន់ធ្ងរថែមទៀតចំពោះគុណវិបត្តិនិងវិសមភាពដែលមានស្រាប់នៅក្នុងសហគមន៍របស់យើង។ នៅក្នុងបរិបទនេះហើយ ទើបពួកយើងសម្រេចធ្វើយុទ្ធនាការនេះឡើង ដើម្បីចែករំលែកនូវទំនួលខុសត្រូវរបស់បុគ្គលគ្រប់រូប ដោយធ្វើយ៉ាងណាឲ្យមានការបង្កើននូវសាមគ្គីភាព និងការចូលរួមជាចំណែកមួយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយយកគោលការណ៍សិទ្ធិមនុស្សជាអាទិភាព។

សូមបញ្ជាក់ផងដែរថា យុទ្ធនាការ «បើកបេះដូងអ្នក» បានចាប់ផ្តើមតាំងពីចុងខែកញ្ញាមកម្ល៉េះ តែការជ្រើសយកថ្ងៃទី១៦ខែវិច្ឆិកាដើម្បីសម្ពោធយុទ្ធនាការនេះ គឺដើម្បីតម្រូវឲ្យត្រូវនឹងអត្ថន័យនៃទិវាអន្តរជាតិនៃការអត់ឱនរបស់អង្គការយូណេស្កូ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ