អានតួអត្ថបទ
កម្ពុជា-សង្គម

កូវីដ១៩ បង្ខំឲ្យសមាគមអ្នកនិពន្ធខ្មែរលើក​ពេល​ប្រគល់ពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គដល់ជ័យលាភីនៃប្រទេសក្នុងតំបន់

សមា​គម​អ្នក​និពន្ធ​ខ្មែរ កាល​ពី​ដើម​សប្ដាហ៍​នេះ បាន​ប្រកាស​ពី​ការ​រក​ឃើញ​ជ័យ​លាភី​២​រូប​សម្រាប់​ពាន​រង្វាន់​អក្សរសិល្ប៍​ទន្លេ​មេគង្គ​លើក​ទី​១១​។ ពាន​រង្វាន់​អក្សរសិល្ប៍​ទន្លេ​មេគង្គលើក​ទី​១១ នា​ឆ្នាំ​២០២០ ដែល​មាន​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នេះ រៀបចំ​ឡើង​ក្រោម​ប្រធាន​បទ «ជីវិត​និង​និរន្ដរភាព​ទន្លេ​មេគង្គ»។ យ៉ាង​ណា​ក៏​ដោយ ក្នុង​បរិបទ​កូវីដ​១៩ ពិធី​ប្រគល់​ពាន​រង្វាន់ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ជា​លក្ខណៈ​តំបន់​នា​ឆ្នាំ​នេះ​​មិន​ត្រូវ​បាន​រៀប​ចំ​ទេ។ ចំណែក​ការ​រៀបចំ​នៅ​សម្រាប់​ជ័យ​លាភី​នៅ​ក្នុង​ស្រុក​ទាំង​ពីរ​រូប​ទៀត​សោត ក៏​មិន​ទាន់​ត្រូវ​បាន​កំណត់​កាល​បរិច្ឆេទ​ដែរ​។

ជ័យលាភីពីររូបរបស់កម្ពុជា ក្នុងការប្រកួតប្រជែងពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គលើកទី១១
ជ័យលាភីពីររូបរបស់កម្ពុជា ក្នុងការប្រកួតប្រជែងពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គលើកទី១១ © សហការី
ផ្សាយពាណិជ្ជកម្ម

ជ័យ​លាភី​សម្រាប់​ពាន​រង្វាន់​ទន្លេ​មេគង្គចែក​ជា​ពីរ​ទម្រង់ គឺ​ជ័យ​លាភី​ផ្នែក​កំណាព្យ​រឿង បាន​ទៅលើ​កវី​និពន្ធ លឹម ផាន់ណាដែល​បាន​តាក់តែង​រឿង​ «មេគង្គ​ដួង​ចិត្ត»​ និង​ជ័យ​លាភីផ្នែក​រឿង​ខ្លី ធ្លាក់​លើ​ដៃ​អ្នក​និពន្ធ ឡុង លាបសុជាតា ដែល​បាន​និពន្ធ​រឿង​ខ្លី «វារី​ប្រាថ្នា»​។

សូម​ជម្រាប​ថា ពាន​រង្វាន់​ទន្លេ​មេគង្គ គឺ​ជា​ពាន​រង្វាន់​លក្ខណៈ​តំបន់ ដោយ​មានប្រទេស​ជា​សមាជិក​ចំនួន​៦ ក្នុង​នោះ​រួម​មាន​ប្រទេស​ចិន កម្ពុជា ថៃ ឡាវ វៀតណាម និង​មីយ៉ាន់ម៉ា។ ក្នុង​នោះ ប្រទេស​ជា​សមាជិក​នីមួយ​ៗ ត្រូវ​ផ្លាស់​វេន​គ្នា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កម្មវិធី​ជា​រៀង​រាល់​ឆ្នាំ។ សម្រាប់​ឆ្នាំ​២០២០​នេះ កម្ពុជាត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ បន្ទាប់​ពី​ប្រទេស​មីយ៉ាន់​ម៉ា​ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កាល​ពី​ឆ្នាំ​២០១៩។ ដោយ​ឡែក សម្រាប់​ឆ្នាំ​២០២១​វិញ ពាន​រង្វាន់​ទន្លេ​មេគង្គ​នេះ នឹង​ផ្លាស់​វេន​ទៅ​ឲ្យ​ប្រទេស​ឡាវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។

ក្នុង​ខណៈ​ដែល​ពិភពលោក​និង​កម្ពុជា​កំពុង​បន្ត​រង​ការ​វាយ​លុក​ពីជំងឺ​កូវីដ​១៩ សមាគម​អ្នក​និពន្ធ​ខ្មែរ​ដែល​ទទួល​បន្ទុក​ទទួល​រៀបចំ​ពិធី​ប្រគល់​ពាន​រង្វាន់ បាន​ឲ្យ​ដឹង​ថា កាល​បរិច្ឆេទ​នៃ​ការ​ប្រគល់​ពាន​រង្វាន់ដល់​ជ័យ​លាភី​ក្នុង​ស្រុកមិន​ទាន់​ត្រូវ​បាន​កំណត់​ទេ​។ ម្យ៉ាង​ដោយ​សារកូវីដ​១៩ និង​ម្យ៉ាង​ទៀត​ដោយ​សារ​​តែ​សមាគម​កំពុង​តែ​ខិត​ខំ​ស្វែង​រក​ការ​ឧបត្ថម្ភ​ពី​​​ក្រុម​ហ៊ុន​ពាណិជ្ជកម្ម​និង​សប្បុរសជន​នានាដើម្បី​រៀបចំ​ពិធី​ប្រគល់​ពាន​រង្វាន់​ដល់​ជ័យ​លាភី​​។

លោក ព្រឿង ប្រណីត ប្រធាន​សមាគម​អ្នក​និពន្ធ​ខ្មែរ បាន​គូស​បញ្ជាក់​ប្រាប់វិទ្យុ​បារាំង​អន្ដរជាតិ RFI នៅ​ថ្ងៃ​សុក្រ​ទី​១៨​ធ្នូ​នេះ​ថា បើ​ទោះ​បី​ជា​មិន​អាច​រៀបចំ​​កម្មវិធី​ប្រគល់​ពាន​រង្វាន់បាន​តាម​ការ​គ្រោង​ទុក ក៏​គណៈកម្មការ​រៀបចំនឹង​ប្រគល់​ពាន​រង្វាន់នេះជា​ប្រយោល​ដល់តំណាង​ស្ថាន​ទូត​នៃ​ប្រទេស​នីមួយ​ៗ ​ដើម្បី​ឲ្យ​ប្រទេស​នីមួយ​ៗ​ប្រគល់​បន្ត​ទៅ​កាន់​ម្ចាស់​ជ័យ​លាភី​ដោយ​ខ្លួន​ឯង​។

សម្រាប់​លោក ព្រឿង ប្រណីត ក្នុង​បរិបទ​កូវីដ​១៩​ក៏​ដោយ ក្នុង​កាលៈ​ទេសៈ​ណា​ក៏​ដោយ ពាន​រង្វាន់ទន្លេ​មេគង្គ​​នេះ ​មាន​អត្ថន័យ​សំខាន់​ខ្លាំង​ណាស់ ក្នុង​ការ​ជំរុញឲ្យមាន​និរន្ដរភាព​ទន្លេ​មេគង្គ តាម​រយៈ​ស្នាដៃ​អក្សរសិល្បិ៍​របស់​កវី​អ្នក​និពន្ធ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ