អានតួអត្ថបទ
កម្ពុជា-សង្គម

អាជ្ញាធរជាតិព្រះវិហារដាំឈើជាង១ពាន់ដើម នាឱកាសខួបលើកទី១៣ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក

អាជ្ញាធរជាតិ​ព្រះវិហារ​បានរៀបចំ​ពីធិដាំដើមឈើ​ប្រមាណជាង១ពាន់ដើម​ នៅតាមផ្លូវ​ចូលក្នុងរមណីយដ្ឋាន​ប្រាសាទព្រះវិហារ​ ដើម្បីអបអរ​ខួបលើកទី១៣​នៃការចុះបញ្ជី​ប្រាសាទព្រះវិហារ​ ជាសម្បត្តិបេតិកភណ្ឌ​ពិភពលោក ​នាថ្ងៃទី០៧ ​ខែកក្កដា​ ឆ្នាំ២០០៨​។​ នេះបើតាម​សេចក្ដី​ប្រកាស​របស់​អាជ្ញាធរ​ជាតិព្រះវិហារ​ នៅថ្ងៃទី០៧កក្កដានេះ។​ លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន  ​តាមរយៈ​ទំព័រហ្វេសបុក​របស់លោកនា​ថ្ងៃនេះ ​ក៏បានថ្លែងសាទរ​ដែរថា​ ការចុះបញ្ជីប្រាសាទ​ព្រះវិហារ​ ជាសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ ត្រូវបានចាត់ទុក​ជាព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ថ្មីមួយ ​បើគិត​ចាប់តាំងពី​កម្ពុជា​ទទួលបាន​ប្រាសាទ​ដ៏ពិសិដ្ឋមួយនេះ ​ក្រោយឈ្នះក្តី​លើប្រទេសថៃ​នៅតុលាការ​អន្តរជាតិ​ក្រុងឡាអេ ​នាថ្ងៃទី១៥​ខែមិថុនា​ ឆ្នាំ១៩៦២​។

សកម្មភាពនៃការដើរត្រួតពិនិត្យពីសំណាក់អាជ្ញាធរអប្សរាព្រះវិហារតាមផ្លូវចូលក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ
សកម្មភាពនៃការដើរត្រួតពិនិត្យពីសំណាក់អាជ្ញាធរអប្សរាព្រះវិហារតាមផ្លូវចូលក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ © FB
ផ្សាយពាណិជ្ជកម្ម

ដើមឈើធ្នង់ចំនួន ១,១១៣ដើម ត្រូវបានដាក់ដាំនៅតាមដងផ្លូវជាតិលេខ៦២ ឆ្ពោះទៅកាន់ប្រសាទព្រះវិហារ ក្នុងចម្ងាយផ្លូវ១៥គីឡូម៉ែត្រ។ ការដាំដើមឈើនាខួបគម្រប់១៣ឆ្នាំនៃការដាក់ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិក ភណ្ឌពិភពលោកនេះ គឺមានគោលបំណង លើកកម្ពស់ទេសភាពតាមដងផ្លូវទៅកាន់ប្រាសាទ ដុំម្បីទាក់ទាញភ្ញៀវទេសចរផង និងចង់បំផុសស្មារតីពលរដ្ឋឱ្យស្រឡាញ់បរិស្ថាន ព្រៃឈើ និងធនធានធម្មជាតិ ដោយស្របតាមពាក្យស្លោកមួយឃ្លាថាធ រួមគ្នាថែរក្សាព្រៃឈើ និងធនធានធម្មជាតិ ដើម្បីបេតិកភណ្ឌរបស់កម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិព្រះវិហារ នៅថ្ងៃទី០៧ កក្កដានេះ។

ជាមួយនឹងការអបអរខួបគម្រប់១៣ឆ្នាំនេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានផ្ញើសារអបអរសាទរ តាមរយៈទំព័រហ្វេសបុករបស់លោកដោយថ្លែងរៀបរាប់ថា  ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិចប្រទេសកាណាដា។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានអំពាវនាវផងដែរ ដល់ពលរដ្ឋ និងជនរួមជាតិទាំងអស់ សូមចូលរួមថែរក្សាការពារ​ប្រាសាទ​បុរាណខ្មែរ ដែលស្ថិតនៅទូទាំងប្រទេសឱ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ជំនាន់។

គួរបញ្ជាក់ថា ប្រាសាទ​ព្រះ​វិហារ ស្ថិត​នៅ​ក្នុង​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះ​វិហារ ដែល​ជា​ប្រភេទប្រាសាទ​ភ្នំ កសាង​នៅ​លើ​កំពូល​ភ្នំ​ព្រះ​វិហារ​នៃ​ជួរភ្នំ​ដងរែក។ អ្នក​សិក្សា​ស្រាវជ្រាវ​បាន​សន្មត់ថា សំណង់​ប្រាសាទ​ព្រះ​វិហារ​បាន​​ចាប់​ផ្តើម​​កសាង​ឡើង ​អំឡុង​ចុង​សតវត្ស​ទី​៩ និង​ដើម​សតវត្ស​ទី​១០ ដោយ​ព្រះមហាក្សត្រ​ចំនួន​៤​ព្រះ​អង្គ​។ ប្រាសាទ​នេះ មាន​ចម្ងាយ​ប្រមាណ១០០​គីឡូ​ម៉ែត្រ​ពីទី​រួម​ខេត្ត​ព្រះ​វិហារ ជាង១៥០​គីឡូ​ម៉ែត្រ​ពីទី​រួមខេត្ត​សៀមរាប និង​ប្រមាណ៤០០​គីឡូ​ម៉ែត្រ​ពី រាជធានី​ភ្នំពេញ។

សូមរម្លឹកជូន​ថា ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះ​វិហារជាសម្បត្តិបេតិកភណ្ឌពិភព​លោក កាលពី​ថ្ងៃ​ទី០៧ ខែ​កក្កដា ឆ្នាំ​២០០៨ បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ថៃកាលពី​ពេល​នោះ​ខឹងសម្បារយ៉ាង​ខ្លាំង​។ មួយ​សប្តាហ៍​ក្រោយ​មក ពោល​គឺ​នៅ​ថ្ងៃ​ទី ១៥ កក្កដា​ឆ្នាំ២០០៨ កង​ទ័ព​ថៃ​បាន​បង្ក​ហេតុ ​រហូត​ដល់​មាន​ការផ្ទុះ​អាវុធ​នៅ​តាម​ជាយដែន​នៃ​តំបន់​ប្រាសាទ​ព្រះ​វិហារ​។ ការផ្ទុះ​អាវុធ​នេះ បាន​បង្ខំ​​ឱ្យ​ភាគី​កម្ពុជា​ស្នើ​ឱ្យ​តុលា​ការ​ក្រុង​ឡាអេបក​ស្រាយ​ឡើង​វិញ នូវ​សាលក្រម​ថ្ងៃ​ទី១៥ មិថុនា ឆ្នាំ​១៩៦២ ដែល​តុលា​ការអន្តរជាតិ​នេះ បាន​កាត់​ក្តី​ឱ្យកម្ពុជា​ឈ្នះ​ភាគី​ថៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ