អាជ្ញាធរជាតិព្រះវិហារដាំឈើជាង១ពាន់ដើម នាឱកាសខួបលើកទី១៣ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក
អាជ្ញាធរជាតិព្រះវិហារបានរៀបចំពីធិដាំដើមឈើប្រមាណជាង១ពាន់ដើម នៅតាមផ្លូវចូលក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ ដើម្បីអបអរខួបលើកទី១៣នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨។ នេះបើតាមសេចក្ដីប្រកាសរបស់អាជ្ញាធរជាតិព្រះវិហារ នៅថ្ងៃទី០៧កក្កដានេះ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈទំព័រហ្វេសបុករបស់លោកនាថ្ងៃនេះ ក៏បានថ្លែងសាទរដែរថា ការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ បើគិតចាប់តាំងពីកម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះ ក្រោយឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ខែមិថុនា ឆ្នាំ១៩៦២។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៤៧
ដើមឈើធ្នង់ចំនួន ១,១១៣ដើម ត្រូវបានដាក់ដាំនៅតាមដងផ្លូវជាតិលេខ៦២ ឆ្ពោះទៅកាន់ប្រសាទព្រះវិហារ ក្នុងចម្ងាយផ្លូវ១៥គីឡូម៉ែត្រ។ ការដាំដើមឈើនាខួបគម្រប់១៣ឆ្នាំនៃការដាក់ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិក ភណ្ឌពិភពលោកនេះ គឺមានគោលបំណង លើកកម្ពស់ទេសភាពតាមដងផ្លូវទៅកាន់ប្រាសាទ ដុំម្បីទាក់ទាញភ្ញៀវទេសចរផង និងចង់បំផុសស្មារតីពលរដ្ឋឱ្យស្រឡាញ់បរិស្ថាន ព្រៃឈើ និងធនធានធម្មជាតិ ដោយស្របតាមពាក្យស្លោកមួយឃ្លាថាធ រួមគ្នាថែរក្សាព្រៃឈើ និងធនធានធម្មជាតិ ដើម្បីបេតិកភណ្ឌរបស់យើង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិព្រះវិហារ នៅថ្ងៃទី០៧ កក្កដានេះ។
ជាមួយនឹងការអបអរខួបគម្រប់១៣ឆ្នាំនេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានផ្ញើសារអបអរសាទរ តាមរយៈទំព័រហ្វេសបុករបស់លោកដោយថ្លែងរៀបរាប់ថា ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២ របស់គណៈកម្មាធិការ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិចប្រទេសកាណាដា។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានអំពាវនាវផងដែរ ដល់ពលរដ្ឋ និងជនរួមជាតិទាំងអស់ សូមចូលរួមថែរក្សាការពារប្រាសាទបុរាណខ្មែរ ដែលស្ថិតនៅទូទាំងប្រទេសឱ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ជំនាន់។
គួរបញ្ជាក់ថា ប្រាសាទព្រះវិហារ ស្ថិតនៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលជាប្រភេទប្រាសាទភ្នំ កសាងនៅលើកំពូលភ្នំព្រះវិហារនៃជួរភ្នំដងរែក។ អ្នកសិក្សាស្រាវជ្រាវបានសន្មត់ថា សំណង់ប្រាសាទព្រះវិហារបានចាប់ផ្តើមកសាងឡើង អំឡុងចុងសតវត្សទី៩ និងដើមសតវត្សទី១០ ដោយព្រះមហាក្សត្រចំនួន៤ព្រះអង្គ។ ប្រាសាទនេះ មានចម្ងាយប្រមាណ១០០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ ជាង១៥០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងប្រមាណ៤០០គីឡូម៉ែត្រពី រាជធានីភ្នំពេញ។
សូមរម្លឹកជូនថា ការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ បានធ្វើឱ្យរដ្ឋាភិបាលថៃកាលពីពេលនោះខឹងសម្បារយ៉ាងខ្លាំង។ មួយសប្តាហ៍ក្រោយមក ពោលគឺនៅថ្ងៃទី ១៥ កក្កដាឆ្នាំ២០០៨ កងទ័ពថៃបានបង្កហេតុ រហូតដល់មានការផ្ទុះអាវុធនៅតាមជាយដែននៃតំបន់ប្រាសាទព្រះវិហារ។ ការផ្ទុះអាវុធនេះ បានបង្ខំឱ្យភាគីកម្ពុជាស្នើឱ្យតុលាការក្រុងឡាអេបកស្រាយឡើងវិញ នូវសាលក្រមថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២ ដែលតុលាការអន្តរជាតិនេះ បានកាត់ក្តីឱ្យកម្ពុជាឈ្នះភាគីថៃ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ