អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ធនាគារជាតិកម្ពុជា ដាក់​ដេញថ្លៃប្រាក់ដុល្លារចំនួន២០លានដុល្លារ ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់នៅកម្ពុជា

ធនាគារជាតិ​នៃកម្ពុជា​នៅ​ព្រឹកថ្ងៃទី០៦ ខែ​​កញ្ញានេះ ​បានចាប់ផ្តើម​ដាក់ការដេញថ្លៃ​ប្រាក់ដុល្លារ​អាមេរិក​ចំនួន ២០លាន​ដុល្លារ ជាមួយ​វិស័យធនាគារ​នានា ​ដើម្បីជួយ​រក្សាតុល្យភាព​នៃអត្រាប្តូរប្រាក់​នៅកម្ពុជា​។ ​ជាការកត់សម្គាល់ ​ប្រាក់ដុល្លារ​អាមេរិក​នាពេលចុងក្រោយនេះ​បានឡើងថ្លៃ​ដល់ ​៤១០០រៀល​ ក្នុងមួយដុល្លារ។​ លោក អ៊ិន​ ចាន់នី​ ប្រធាននាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា​ តាមរយៈ​វិទ្យុបារាំង​អន្តរជាតិRFI​ ថា ​ការដេញថ្លៃ​ប្រាក់ដុល្លារ​ ក្នុងអំឡុងពេល​កូវីដ-១៩នេះ​ នឹងអាច​រក្សាតម្លៃប្រាក់រៀល​​នៅកម្ពុជា​​បាន​​។

ក្រដាសប្រាក់ដុល្លារអាមេរិក
ក្រដាសប្រាក់ដុល្លារអាមេរិក © Internet
ផ្សាយពាណិជ្ជកម្ម

ធនាគារជាតិនៃកម្ពុជា បានចាប់ផ្តើមដាក់ឲ្យ​ដេញថ្លៃប្រាក់ដុល្លារ​អាមេរិក​ចំនួន ២០លានដុល្លារ ជាមួយគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវកម្មប្តូរប្រាក់ដែលមានអាជ្ញាបណ្ឌទាំងអស់ឱ្យចូលរួមដេញថ្លៃ ដើម្បីជួយរក្សាតុល្យភាពនៃអត្រាប្តូរប្រាក់នៅកម្ពុជា ជៀសវាង​ការ​បង្កជាហានិភ័យដល់អតិផរណា។

ហានិភ័យអតិផរណាគឺ សំដៅទៅដល់ការឡើងថ្លៃជាមធ្យមនៃទំនិញ និងសេវាកម្ម ហើយជាបច្ចេកទេស គេអាចបកស្រាយបានថា អតិថិជនមិនអាចបន្តទិញទំនិញ និងសេវាកម្ម​បានទៀតឡើយ ព្រោះតម្លៃទំនិញ និងសេវាកម្មបានកើនឡើងធៀបទៅនឹងតម្លៃលុយ ដែលនេះធ្វើឱ្យបរិមាណលុយដដែលមិនអាចទិញទំនិញ និងសេវាកម្មទៀតបាន។

យ៉ាងណាមិញ លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានឱ្យដឹងថា ការដេញថ្លៃប្រាក់ដុល្លារ ជាពិសេសក្នុងអំឡុងស្ថានភាពជំងឺកូវីដ-១៩នេះ គឺមានសារៈប្រយោជន៍ណាស់​ បើអាស្រ័យទៅតាមគោលនយោបាយរូបិយវត្ថុជាតិ ដែលធនាគារជាតិបានអនុវត្ត។ លោក អ៊ិន ចាន់នី បន្ថែមទៀតថា ការដាក់ដេញថ្លៃបែបនេះ ក៏ជាវិធានការមួយសម្រាប់រក្សាតម្លៃប្រាក់រៀលក្នុងប្រទេស​កម្ពុជា និងធ្វើឱ្យប្រាក់រៀលមានតម្លៃ និងស្ថិរភាពល្អ បើប្រៀបធៀបជាមួយរូបិយប័ណ្ឌបរទេសជាពិសេសគឺ ប្រាក់ដុល្លារ។

ទោះបីការដាក់ចេញថ្លៃប្រាក់ដុល្លារនៅពេលនេះ ដើម្បីរក្សាអត្រាប្តូរប្រាក់ និងស្ថិរភាពប្រាក់រៀលនៅកម្ពុជាយ៉ាងណាក្តី លោក អ៊ិន ចាន់នី បានពន្យល់ថា ប្រាក់ដុល្លារក៏នៅតែមានសារៈសំខាន់ដូចគ្នា ក្នុងការទូទាត់ជាលក្ខណៈអន្តរជាតិ។ សំខាន់គឺ នៅក្នុងទីផ្សាររូបិយវត្ថុអន្តរជាតិ ការដែលធនាគារកណ្តាល រឺហៅថា ធនាគាររបស់ជាតិ បានប្រើប្រាស់វិធានការបែបនេះ ច្បាស់ណាស់ វានឹងជំរុញឱ្យប្រាក់រៀលមានតម្លៃហាងឆេងល្អ ហើយប្រាក់ដុល្លារក៏រឹតតែចូលរួមបំពេញមុខងារក្នុងការធ្វើចរាចរណ៍នៅក្នុងទីផ្សារកម្ពុជា​ ក៏ដូចជាអន្តរជាតិបន្ថែមទៀតផងដែរ។

ជាការកត់សម្គាល់ នៅពេលបច្ចុប្បន្នស្ថានភាពនៃអត្រាប្តូរប្រាក់នៅកម្ពុជា មានសញ្ញាណកើនឡើង ពោលគឺការទិញចូលរបស់ប្រាក់ដុល្លារមានការកើនឡើងក្នុងរង្វង់៤១០០រៀល ក្នុង​១​ដុល្លារ​។ ប៉ុន្តែ ការលក់ចេញរបស់លុយដុល្លារវិញ មានតម្លៃចន្លោះត្រឹមតែ ៤០២៥រៀលប៉ុណ្ណោះ ក្នុង​១​ដុល្លារ​។

ជាការឆ្លើយតបឱ្យទាន់ពេលវេលា និងដើម្បីជៀសវាងការបម្រែបម្រួលដោយគំហុក ដែលអាចនាំអោយមានឥទ្ធិពលដោយប្រយោលដល់អតិផរណាបច្ចុប្បន្ន និងអំណាចទិញរបស់ប្រជាជន ធនាគារជាតិនៃកម្ពុជា ក៏បានកំពុងប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុផ្សេងទៀត ដើម្បីចូលរួម​​កាត់​បន្ថយសម្ពាធនេះជាអតិបរមា ក្រៅតែពីការដេញថ្លៃប្រាក់ដុល្លារ។

សូមជម្រាបថា ធនាគារជាតិនៃកម្ពុជា ក៏ធ្លាប់បានដាក់ការដេញថ្លៃប្រាក់ដុល្លារចំនួន ៥០លានដុល្លារ ផងដែរ កាលពីខែតុលា ឆ្នាំ២០២០ ក្នុងគោលបំណង​រួម​ចំណែក​​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការពង្រឹង​អំណាច​ទិញ​នៃ​ប្រាក់រៀល ដែល​នឹងរួម​ចំណែក​រក្សាស្ថិរភាព​ថ្លៃឲ្យ​នៅកម្រិត​ទាប និង​ពង្រឹង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ក្រោយរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ