អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

ធនាគារជាតិបានបន្តដេញថ្លៃប្រាក់ដុល្លារចំនួន៣០លានដុល្លារបន្ថែមទៀត ដើម្បីជួយដល់ស្ថិរភាពនៃអត្រាប្តូរប្រាក់នៅកម្ពុជា

ធនាគារជាតិ​នៃកម្ពុជា​នឹងបន្ត​ដាក់ការ​ដេញថ្លៃ​ប្រាក់ដុល្លារ​អាមេរិក​ចំនួន​៣០លានដុល្លារ​បន្ថែមទៀត​ជាមួយ​វិស័យធនាគារ​ដើម្បីពង្រឹង ​និងរក្សាស្ថិរភាព​ដល់អត្រាប្តូ​រប្រាក់នៅកម្ពុជា​។ ​ការដាក់ដេញថ្លៃនេះ​ ក៏ដើម្បី​បង្កាហានិភ័យ​កើតឡើង​ជាអតិផរណា​ចំពោះ​ប្រតិបត្តិការ​ និងចរាចរណ៍​សាច់ប្រាក់​នៅកម្ពុជា​។ ​លោក ផល វ៉ាន់ឌី ​នាយកប្រតិបត្តិ​នៃសមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​បានបញ្ជាក់​ប្រាប់វិទ្យុបារាំង​អន្តរជាតិ​នៅល្ងាចថ្ងៃទី០៩​កញ្ញានេះថា ​ការដាក់ដេញថ្លៃនេះ ​គឺមានសញ្ញាណ​ល្អចំនួន២​ ទី១​ ចូលរួមរក្សា​បាននូវលំនឹង​អត្រាប្តូរប្រាក់ល្អ​នៅកម្ពុជា ​ជាពិសេស​លើកតម្លៃ​ប្រាក់រៀលខ្មែរ​ និងទី២​ ដើម្បីជួយស្តារ​សេដ្ឋកិច្ច​ដែលរង​ផលប៉ះពាល់​ពីវិបត្តិជំងឺ​កូវីដ១៩​។

ធនាគារជាតិនៃកម្ពុជា
ធនាគារជាតិនៃកម្ពុជា © Internet
ផ្សាយពាណិជ្ជកម្ម

តាមរយៈការចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា នៅថ្ងៃទី ១០កញ្ញាស្អែកនេះ ធនាគារជាតិនឹងបើកដំណើ​រការដាក់ដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន៣០លានដុល្លារបន្ថែមទៀត ជាមួយគ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវកម្មប្តូរប្រាក់ដែលមានអាជ្ញាប័ណ្ឌទាំងអស់នៅកម្ពុជា ដើម្បីជៀសវាងការបម្រែបម្រួលដោយគំហុកទៅលើអត្រាប្តូរប្រាក់ ដែលអាចនាំអោយមានឥទ្ធិពលដោយប្រយោលដល់អតិផរណាបច្ចុប្បន្ន និងអំណាចទិញរបស់ប្រជាជន។​

ជុំវិញការដាក់ដេញថ្លៃរបស់ធនាគារជាតិនៃកម្ពុជា លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា ការបន្តដាក់ដេញថ្លៃប្រាក់ដុល្លារនេះ គឺ​ដើម្បីរក្សាលំនឹងដល់លំហូរសាច់ប្រាក់ឱ្យកាន់តែប្រសើរឡើងជាងមុន និងធានាបាននូវភាពរឹងមាំទាំងប្រាក់រៀល និងប្រាក់ដុល្លារ។ លោកបន្តថា ជាកត្តាចម្បងនោះ គឺដើម្បីកុំឱ្យមានការប្រែប្រួលភាពមិនប្រក្រតីនៃចរាចរណ៍សាច់ប្រាក់រៀល និងប្រាក់ដុល្លារ។ ជាពិសេស កុំឱ្យមានការវិវត្តន៍ចូលទៅក្នុងផលអវិជ្ជមានណាមួយ ដែលធនាគារ និងប្រព័ន្ធធនាគារពិបាកគ្រប់គ្រង។ បន្ថែមពីនេះ លោក វ៉ាន់ឌី ថា នេះក៏ជាគិតគូរដ៏ត្រឹមត្រូវមួយ របស់ធនាគារជាតិនៃកម្ពុជា ព្រោះដើម្បីបន្តការគ្រប់គ្រងស្ថានភាព ដែលប្រព័ន្ធធនាគារ និងមីក្រូហិរញ្ញវត្ថុបានបន្តគ្រប់គ្រងបានល្អ​មកហើយនោះ​។

បើតាម លោក វ៉ាន់ឌី ស្ថានភាពប្រាក់រៀលនៅកម្ពុជាកំពុងបន្តលើកកម្ពស់ជាប្រចាំ ព្រមទាំងតាមរយៈការដេញថ្លៃនេះ​។ ហើយប្រាក់រៀលក៏កំពុងបន្តដើរតួយ៉ាងសំខាន់ ដើម្បីជួយពង្រឹងជោគវាសនាសេដ្ឋកិច្ចជាតិ ដោយសេដ្ឋកិច្ចជាតិនឹងត្រូវពឹងផ្អែកលើប្រាក់រៀល។

ជាការកត់សម្គាល់ ចាប់តាំងពីដើមឆ្នាំ២០២១ សញ្ញាណអត្រាប្តូរប្រាក់នៅកម្ពុជា មានកើនឡើង ពោលគឺការទិញចូលរបស់ប្រាក់ដុល្លារមានសន្ទុះកើនឡើងក្នុងរង្វង់៤១០០រៀលក្នុងមួយដុល្លារ។ ប៉ុន្តែ ការលក់ចេញរបស់លុយដុល្លារវិញ មានតម្លៃចន្លោះត្រឹមតែ ៤០២៥រៀលប៉ុណ្ណោះ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី ០៦ កញ្ញា ឆ្នាំ២០២១កន្លងទៅ ធនាគារជាតិនៃកម្ពុជាក៏បានបើកដំណើរការដាក់ដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន២០លានដុល្លារ ដើម្បីជួយរក្សាតុល្យភាពនៃអត្រាប្តូរប្រាក់នៅកម្ពុជា និងជៀសវាង​ការ​បង្កជាហានិភ័យដល់អតិផរណា ក្រោមវត្តមានចូលរួមពីគ្រឹះស្ថាន និងអាជីកម្មប្តូរប្រាក់ចំនួន១១នៅទូទាំងប្រទេស។  ជាក់ស្តែង កាលពីថ្ងៃទី ០៨កញ្ញា ម្សិលមិញ ធនាគារជាតិបានបង្ហាញលទ្ធភាពផងដែរថា ទឹកប្រាក់ឈ្នះក្នុងការដេញថ្លៃមានចំនួន២០លានដុល្លារ ខណៈអត្រាអប្បរមាដេញថ្លៃឈ្នះមានចំនួន ៤១១៨រៀលក្នុងមួយដុល្លារអាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ