អានតួអត្ថបទ
កម្ពុជា-បរិស្ថាន

ស្ថាប័នធំៗមួយចំនួននៅកម្ពុជា បេ្តជ្ញាកាត់បន្ថយការប្រើប្រាស់ថាមពលដើម្បីទប់ទល់បញ្ហាប្រែប្រួលអាកាសធាតុ

ក្រុមហ៊ុន​និង​ស្ថាប័ន​ចំនួន១៥​ក្នុង​នោះមាន​ ស្ថាន​ទូត​បារាំង​ សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅកម្ពុជា​ ក្រុមហ៊ុន​ថាមពល​តូតាល់​ជាដើម​ បាន​ប្តេជ្ញា​ប្រយុទ្ធ​ប្រឆាំង​នឹងការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​ប្រទេស​កម្ពុជា​ តាមរយៈ​ការចូល​រួមកម្មវិធី​ប្រកួត​ប្រជែង​សន្សំ​សំចៃ​ថាមពល​រយៈពេល​១ឆ្នាំ។​ កម្មវិធី​ប្រកួតប្រជែង​សន្សំ​សំចៃ​ថាមពល​នៅកម្ពុជា​នេះ​ បង្កើត​ឡើង​ដើម្បី​រួមចំណែក​ដល់ការ​សន្សំថាមពល​ឱ្យបាន​ជាអតិបរមា​ តាមរយៈ​ការផ្លាស់ប្តូរ​ទម្លាប់​ និង​ធ្វើឱ្យមាន​ភាព​ប្រសើរ​ឡើង​ទៅលើ​ការប្រើប្រាស់​ឧបករណ៍​នៅក្នុង​អគារ​នានាជាដើម។​

ទីក្រុងភ្នំពេញ
ទីក្រុងភ្នំពេញ © Internet
ផ្សាយពាណិជ្ជកម្ម

គឺនៅថ្ងៃទី០២ ខែធ្នូកន្លងទៅ ស្ថាប័នឯកជន និងសាធារណៈមកពីគ្រប់វិស័យចំនួន ១៥ ដូចជា ធនាគារ ភោជនីយដ្ឋាន អាជីវកម្មលក់រាយ អាកាសយានដ្ឋានកម្ពុជា ក្រុមហ៊ុនសេវាកម្មទូរស័ព្ទ ស្ថានទូតបារាំង និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានសម្រេចចូលរួមប្រកួតប្រជែងក្នុងរយៈពេលមួយឆ្នាំ ជាមួយកម្មវិធីប្រកួតប្រជែងសន្សំសំចៃថាមពល ដើម្បីធ្វើការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជា។

ក្នុងចំណោមបណ្តាស្ថាប័ននិងក្រុមហ៊ុនទាំង១៥ អគារសរុបចំនួន២៣អគារ កំពុងធ្វើការប្រកួតប្រជែងសម្រាប់ការសន្សំថាមពលរយៈពេល១ឆ្នាំចាប់ពីថ្ងៃទី០១ កញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២។  

បន្ថែមពីនេះ ការប្រកួតប្រជែងសន្សំសំចៃថាមពលខាងដើម ក៏នឹងចូលរួមយ៉ាងសំខាន់ដល់ការសន្សំថាមពលឱ្យបានជាអតិបរមា ដោយបូករួមទាំងការលើកទឹកចិត្តឱ្យបុគ្គលិកសម្របខ្លួនទៅនឹងទម្លាប់ថ្មីនេះ ក៏ដូចជា បង្កើនការយល់ដឹងទៅលើការប្រើប្រាស់ថាមពលផងដែរ។ ខណៈវាក៏អាចកាត់បន្ថយការចំណាយលើវិក្កយបត្រអគ្គីសនីក្នុងអាគាររបស់ស្ថាប័ន និងក្រុមហ៊ុនទាំងអស់នោះមួយកម្រិតថែមទៀត។

ជុំវិញកម្មវិធីខាងដើមនេះ​ លោកទិន ពន្លក រដ្ឋលេខាធិការនិងជានាយកនៃកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជាបានអះអាងថា ការសន្សំសំចៃថាមពលនៅកម្ពុជា គឺជាអាទិភាពខ្ពស់បំផុតសម្រាប់ផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ចកម្ពុជា និងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ លោកបន្តថា ការកាត់បន្ថយការប្រើប្រាស់ថាមពល គឺជាការកាត់បន្ថយគ្រោះរបស់ប្រជាជន។  

ដោយឡែក លោកស្រី Alissar Chaker តំណាងប្រចាំប្រទេសកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជាក៏បានឱ្យដឹងដែរថា ការផ្លាស់ប្តូរទម្លាប់ និងផ្នត់គំនិត គឺជារឿងសំខាន់ដើម្បីសម្រេចឱ្យបានច្រើននូវអ្វីដែលមនុស្សគ្រប់គ្នាចង់បាន និងការវិវត្តន៍ឆ្ពោះទៅរកការអភិវឌ្ឍន៍កាបូកម្រិតទាប។

ជាការកត់សម្គាល់ វិស័យអគារ និងសំណង់នៅក្នុងប្រទេសកម្ពុជា បានប្រើប្រាស់ថាមពលជាងពាក់កណ្តាលនៃការប្រើប្រាស់ថាមពលសរុបដែលធ្វើឱ្យវាក្លាយជាវិស័យមួយមានតម្រូវការប្រើប្រាស់ថាមពលច្រើនជាងគេ ហើយនាំមុខលើវិស័យឧស្សាហកម្ម និងការដឹកជញ្ចូន។ ក្នុងនោះ បរិមាណនៃការប្រើប្រាស់ថាមពលនៅក្នុងអគារត្រូវបានប៉ាន់ស្មាន់ថានឹងកើនឡើងទ្វេដងនៅឆ្នាំ២០៤០។

សូមជម្រាបថា កម្មវិធីប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនSchneider Electric និងកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដែលស្ថិតក្រោមមូលនិធិរបស់សភាពអឺរ៉ុប ប្រទេសស៊ុយអែត និងUNDP ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ