អានតួអត្ថបទ
កម្ពុជា-កូវីដ១៩

១​ឆ្នាំ​ព្រឹត្តិការណ៍​២០​កុម្ភៈ ៖ កម្ពុជា​កត់ត្រា​អ្នក​ស្លាប់​ដោយ​សារ​កូ​វីដ១៩​ ជាង​៣​ពាន់​នាក់​ ខណៈ​វីរុស​នេះនៅ​បន្ត​អុក​ឡុក

​ថ្ងៃ​ទី​២០​កុម្ភៈ​២០២១-​ថ្ងៃ​ទី​២០​កុម្ភៈ២០២២​ ជា​ខួប​មួយ​ឆ្នាំ​ដែល​កម្ពុជា​បាន​ប្រកាស​ពី​ការ​ឆ្លង​ជំងឺ​កូវីដ១៩​ចូល​ទៅ​ក្នុង​សហគមន៍​ទ្រង់​ទ្រាយ​ធំ​។ ពេល​មួយ​ឆ្នាំ​មក​នេះ​ កម្ពុជា​កត់​ត្រា​អ្នក​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើមមួយ​នេះ ​ជាង​១០​ម៉ឺន​នាក់ ​ខណៈ​អ្នក​ស្លាប់​មាន​ជាង​៣​ពាន់​នាក់​។ យ៉ាង​ណា​មិញ ​មួយ​ឆ្នាំ​មក​នេះ​ វីរុស​កូវីដ១៩​ក៏​នៅ​បន្ត​អុក​ឡុក​សហគមន៍​ និង​បំប្លែង​ខ្លួន​ជា​ច្រើន​ប្រភេទ​ ដែល​ញ៉ាំង​ឲ្យ​រដ្ឋាភិបាល​មាន​ក្តី​បារម្ភ​ពីបញ្ហា​សុខភាព​សាធារណៈ​។

រូបតំណាង
រូបតំណាង AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ជាសោកនាដកម្មមួយរបស់កម្ពុជា ដែលចាប់ផ្តើមប្រកាសពីអ្នកស្លាប់ដោយសារតែការឆ្លងជំងឺកូវីដ១៩។ អ្នកស្លាប់ដំបូងនៅថ្ងៃទី១១មីនា ជាអ្នកបើកបររថយន្តឲ្យជនជាតិចិន នៅឯខេត្តព្រះសីហនុ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។ ពីពេលនោះមក កម្ពុជាក៏ចាប់ផ្តើមកត់ត្រាអ្នកឆ្លងពីព្រឹត្តិការណ៍មួយនេះ ហើយអ្នកស្លាប់ក៏ចាប់ផ្តើមមានជាហូរហែ។

ពេលមួយឆ្នាំមកនេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺវាយលុកសួតនេះ មានរាប់ម៉ឺននាក់ ស្របពេលដែលអ្នកស្លាប់វិញមានចំនួន ៣០១៧នាក់។ នេះបើតាមតួលេខចុងក្រោយរបស់ក្រសួងសុខាភិបាលនៅថ្ងៃអាទិត្យនេះ។

ផ្តើមចេញពីព្រឹត្តិការណ៍នៃសោកនាដកម្មនេះ រដ្ឋាភិបាលកម្ពុជាក៏សម្រេចផ្អាកការជួបជុំធំៗ រហូតឈានដល់ការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅមួយរយៈ ដើម្បីទប់ស្កាត់ការឆ្លងបន្ត។ ជាមួយគ្នា រដ្ឋក៏សម្រេចចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

ទោះយ៉ាងណា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក៏ត្រូវបានលោកនាយករដ្ឋមន្ត្រីប្រកាសបិទបញ្ចប់ កាលពីថ្ងៃ២០ធ្នូ។ តាមរយៈសារជាសំឡេងជាង១៧នាទី លោក ហ៊ុន សែន បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ ដែលមានអ្នកឆ្លងចំនួន ១២ ៤០២៣នាក់ និងអ្នកស្លាប់ចំនួន៣០០៥នាក់។

ទោះជាបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ តែមួយឆ្នាំមកនេះ វីរុសកូវីដ១៩នៅតែបន្តអុកឡុកកម្ពុជាឥតស្រាកស្រាន្ត។ រហូតមកដល់បច្ចុប្បន្ន កម្ពុជានៅតែកត់ត្រាអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍ដដែល។ ជាពិសេសគឺការរកឃើញវិជ្ជមានកូវីដ១៩ប្រភេទបំប្លែងថ្មី អូមីក្រុង ដែលជាក្តីបារម្ភរបស់ក្រសួងសុខាភិបាល។

នៅចំពោះមុខស្ថានការណ៍យ៉ាងនេះ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបន្តទទូចឲ្យប្រជាពលរដ្ឋចូលរួមអនុវត្តវិធានការសុខាភិបាល និងការចាក់វ៉ាក់សាំងដូសជំរុញ។ អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ ព្រមានថា តួលេខអ្នកឆ្លងប្រចាំថ្ងៃអាចឈានរហូតដល់រាប់ពាន់នាក់ ប្រសិនបើពលរដ្ឋមានការធ្វេសប្រហែស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ