អានតួអត្ថបទ
កម្ពុជា-ប្រវត្តិសាស្ត្រ

កំណត់​​ត្រា​របស់​អតីត​ទេសា​ភិបាលបារាំង ​ស្ដីពី​ដំណើរ​បរបាញ់​សត្វ​​របស់​ព្រះ​បាទ​នរោត្តម ចេញ​ផ្សាយ​ជា​ផ្លូវការ

កំណត់​​ត្រា​របស់​អតីត​ទេសា​ភិបាលបារាំង ​ស្ដីពី​ដំណើរ​បរបាញ់​សត្វ​​របស់​ព្រះ​បាទ​នរោត្តម ដែល​និពន្ធ​ដោយ លោក ហ្សង់ មូរ៉ា អតីត​ទេសា​ភិបាលបារាំង​ប្រចាំ​កម្ពុជា ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​ហើយ នៅ​ក្នុង​សប្ដាហ៍​នេះ​។ ស្នាដៃ​ដែល​មាន​ចំណង​ជើង​ថា «ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ពោធិ៍សាត់ អម​ដំណើរ​ព្រះ​មហាក្សត្រ​កម្ពុជា​និង​វាជបរិពារ» របស់​លោក ហ្សង់ មូរ៉ា និពន្ធ​ឡើង​ក្នុង​ឆ្នាំ​១៨៨២ ពោល​គឺ​មាន​អាយុ​កាល​ចំណាស់ ​រហូត​ដល់​ទៅ​១៤០​ឆ្នាំ​។ លោក​ស្រី ភឿង សកុណា រដ្ឋ​មន្ដ្រី​ក្រសួង​វប្បធម៌ ដែល​ជា​អ្នក​រៀបរៀង​និង​ប្រែ​សម្រួល​កំណត់​ត្រា​នេះ ពី​ភាសា​បារាំង មក​ភាសា​ខ្មែរ ចាត់​ទុក​ស្នាដៃ​របស់​លោក ហ្សង់ មូរ៉ា នេះ​ថា ជា​បង្អួច​តូច​មួយ ដែល​បើក​ចំហ​ឡើង អនុញ្ញាត​ឲ្យ​ប្រជាជន​កម្ពុជា​នា​ពេល​បច្ចុប្បន្ន បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់​អតីតកាល ដើម្បី​យល់​ដឹង​អំពី​ដំណើរ​ប្រវត្តិសាស្ត្រ​ដ៏​វែង​ឆ្ងាយ​នៃ​ប្រជាជាតិ និង​ប្រជាជន​ខ្មែរ​។

ស្នាដៃ «ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ពោធិ៍សាត់ អម​ដំណើរ​ព្រះ​មហាក្សត្រ​កម្ពុជា​និង​វាជបរិពារ» និពន្ធ​ដោយ​​លោក ហ្សង់ មូរ៉ា និង​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ដោយ លោក​ស្រី ភឿង សកុណា រដ្ឋ​មន្ដ្រី​ក្រសួង​វប្បធម៌។
ស្នាដៃ «ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ពោធិ៍សាត់ អម​ដំណើរ​ព្រះ​មហាក្សត្រ​កម្ពុជា​និង​វាជបរិពារ» និពន្ធ​ដោយ​​លោក ហ្សង់ មូរ៉ា និង​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ដោយ លោក​ស្រី ភឿង សកុណា រដ្ឋ​មន្ដ្រី​ក្រសួង​វប្បធម៌។ © សហការី
ផ្សាយពាណិជ្ជកម្ម

មិន​ឃ្លាត​ចាក​ពី​ចំណង​ជើង​ឡើយ សៀវភៅ «ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​ពោធិ៍សាត់ អម​ដំណើរ​ព្រះ​មហាក្សត្រ​កម្ពុជា​និង​រាជបរិពារ» កត់​ត្រា​អំពី​បទ​ពិសោធ​របស់​លោក ហ្សង់ មូរ៉ា អតីត​ទេសាភិបាល​បារាំង​ប្រចាំ​កម្ពុជា ដែល​បាន​ចូល​រួម​នៅ​ក្នុង​ដំណើរ​បរបាញ់​សត្វ និង​ប្រពាត​ព្រៃ​ដ៏​ធំ​មួយ របស់​ព្រះ​បាទ​នរោត្តម។ ព្រះ​បាទ​នរោត្តម ដែល​សោយ​រាជ្យ​ជា​ក្សត្រ​នៃ​កម្ពុជា ពី​ឆ្នាំ​១៨៥៩ ដល់​ឆ្នាំ​១៩០៤ ក្នុង​អំឡុង​ពេលដែល​កម្ពុជា​ស្ថិត​ក្រោម​អាណាព្យាបាល​របស់​បារាំង។ 

នៅ​ក្នុង​កំណត់​ត្រា​ដ៏​សំខាន់នេះ លោក ហ្សង់ មូរ៉ា បាន​រៀបរាប់​យ៉ាង​លម្អិតអំពី​រឿងរ៉ាវ​ដែល​លោក​បាន​ជួប​ប្រទះ ចាប់​តាំង​ពី​ពេល​ចេញ​ដំណើរ​ពី​ភ្នំពេញ កាត់​ល្អាង​ភ្នំ​ប្រសិទ្ធិ៍ ឧត្តុង្គ លង្វែក និង​បរិបូណ៌ ទម្រាំ​ទៅ​ដល់​ពោធិ៍សាត់។ ជា​ទី​ដៅ​ដែល​ព្រះ​មហាក្សត្រ និង​រាជ​បរិពារ ស្នាក់​នៅ​ដើម្បី​បរបាញ់​សត្វ​។ នៅ​ក្នុង​ក្បួន​ដំណើរ​នេះ អតីត​ទេសា​ភិបាល​បារាំង​សែស ជិះ​នៅ​លើ​ដំរី​មួយ​ក្បាល អម​ដោយ​អ្នក​បក​ប្រែម្នាក់​​និង​ចុង​ភៅ​ម្នាក់​ ដែល​ជិះ​លើ​ដំរី​រៀង​ៗ​ខ្លួន។ លោក ហ្សង់ មូរ៉ា សរសេរ​រៀបរាប់​អំពី​ទិដ្ឋភាព​នៅ​តាម​ដង​ផ្លូវ ព្រម​ទាំង​រឿង​និទាន​បក្សី​ចាំ​ក្រុង ដែល​មន្ដ្រី​ខ្មែរ​ម្នាក់​បាន​រ៉ាយរ៉ាប់​ប្រាប់​លោក នៅ​ពេល​ធ្វើ​ដំណើរ​ដល់​ក្បែរ​ភ្នំ​ប្រសិទ្ធិ៍។ 

ក្រៅ​ពី​រឿង​រ៉ាវ​នៃដំណើរ​រយៈ​ពេល​១០​ថ្ងៃ លោក ហ្សង់ មូរ៉ា ក៏​បាន​កត់​ត្រា​អំពី​ការ​បរបាញ់​សត្វ​របស់​ព្រះ​បាទ​នរោត្តម នៅ​ក្នុង​ព្រៃ​នៃ​ខេត្ត​ពោធិ៍សាត់​ផង​ដែរ​។ ការ​បរបាញ់​របស់​ព្រះ​មហាក្សត្រ​ដែល​ហែ​ហម​អម​ដំណើរ​ដោយ​មនុស្ស​ច្រើន​សន្ធឹក មិន​បាន​ទទួល​លទ្ធផល​ល្អ​គួរ​គាប់​ចិត្ត​ទេ​។ ថ្ងៃ​ដំបូង​ៗ លោក ហ្សង់ មូរ៉ា អះអាង​ថា គេ​បរបាញ់​បាន​តែ​សត្វ​ជ្រូក​ព្រៃ និង​ឈ្លូស​ពីរ​បី​ក្បាល​ប៉ុណ្ណោះ​។ លុះ​ក្រោយ​មក ទើប​ក្បួន​បរបាញ់​សត្វ ប្រមាញ់​បាន​សត្វ​ក្របី​ព្រៃ​ដ៏​ធំ​និង​អង់អាច​មួយ​ក្បាល​។ ក្របី​ព្រៃ​នេះ មាន​ស្នែង​មួយ​ដែល​ស្រួច​រលែម ស្រស់​ស្អាត​គ្មាន​អ្វី​ប្រៀប​ប្រដូច​បាន​ឡើយ ហើយ​លោក ហ្សង់ មូរ៉ា បាន​រក្សា​ទុក​ស្នែង​ក្របី​ព្រៃ ដែល​មាន​ប្រវែង​រហូត​ដល់​ទៅ​ជាង​១​ម៉ែត្រ​នោះ ទុក​ជា​អនុស្សាវរីយ៍​ដ៏​សែន​កម្រ​នៃ​ការ​បរបាញ់​សត្វ​លើក​នេះ​។ 

នៅ​ពេល​ការ​បរបាញ់​សត្វ​បិទ​បញ្ចប់ លោក ហ្សង់ មូរ៉ា បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​ភ្នំពេញ​វិញ មុន​ព្រះ​រាជា​។ លោក​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក កាត់​បឹង​ទន្លេ​សាប ហើយ​បាន​ឃើញ​ពី​ជីវភាព​ប្រជារាស្ត្រ​នៅ​លើ​បឹង​ទន្លេសាប ដែល​​លោក​សម្គាល់​ឃើញ​ជា​ពិសេស​ថា ពួក​គេ​រស់​នៅ​ច្រឡូក​ចូល​គ្នា​គ្រប់​ជាតិ​សាសន៍​ស្ទើរ​តែ​ទាំង​អស់ មាន​ខ្មែរ អណ្ណាម ចិន ចាម និង​ជ្វា ជា​ដើម​។ 

លោក​ស្រី ភឿង សកុណា រដ្ឋ​មន្ដ្រី​ក្រសួង​វប្បធម៌ ដែល​ជា​អ្នក​រៀបរៀង​និង​ប្រែ​សម្រួល​កំណត់​ត្រា​នេះ ពី​ភាសា​បារាំង មក​ភាសា​ខ្មែរ ចាត់​ទុក​ស្នាដៃ​របស់​លោក ហ្សង់ មូរ៉ា នេះ​ថា ជា​បង្អួច​តូច​មួយ ដែល​បើក​ចំហ​ឡើង អនុញ្ញាត​ឲ្យ​ប្រជាជន​កម្ពុជា​នា​ពេល​បច្ចុប្បន្ន បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់​អតីតកាល ដើម្បី​យល់​ដឹង​អំពី​ដំណើរ​ប្រវត្តិសាស្ត្រ​ដ៏​វែង​ឆ្ងាយ​នៃ​ប្រជាជាតិ និង​ប្រជាជន​ខ្មែរ​។ 

តាម​រយៈ​​ការ​រៀបរៀង​និង​ប្រែ​សម្រួល​កំណត់​ត្រា​នេះ លោក​ស្រី​រដ្ឋ​មន្ដ្រី​សង្ឃឹម​ថា អ្នក​អាន​ដែល​ជា​យុវជន​ជំនាន់ក្រោយ នឹង​មាន​ឱកាស​ច្រើន​ជាង​លោក​ស្រី ក្នុង​ការ​កាន់​សៀវភៅ​អាន ដើម្បី​បង្កើន​ចំណេះ​ដឹង​របស់​ខ្លួន​ ព្រោះ​សម្រាប់​លោក​ស្រី ភឿង សកុណា «សៀវភៅ​គឺ​ពិត​ជា​មិត្ត​មួយ​រូប​ដ៏​ស្មោះ​ត្រង់​បំផុត​សម្រាប់​យើង ដែល​មិន​រសាយ​ទៅ​តាម​មាស​ប្រាក់ បុណ្យ​សក្តិ និង​ពេល​វេលា​ឡើយ​»៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ