អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

រដ្ឋសភាកម្ពុជា៖សេចក្តីសម្រេចសភាអ៊ឺរ៉ុបឱ្យត្រៀមដកEBAពីកម្ពុជា គឺលំអៀងនិងខ្វះការគោរព

រដ្ឋសភា​កម្ពុជា នៅថ្ងៃចន្ទម្សិលមិញនេះ​​ បាន​ចេញសេចក្តីថ្លែងការណ៍ច្រានចោល​សេចក្តីសម្រេចរបស់​សភាអ៊ឺរ៉ុបដែល​ស្នើឱ្យត្រៀម​​ដកប្រព័ន្ធអនុគ្រោះពន្ធ​​ EBA ចោលទាំងស្រុង​​​ពីកម្ពុជា​​ ដោយការ​ប្រើប្រាស់​​លិទ្ធិប្រជា​ធិបតេយ្យខុសទំនង​ ជាលេស។​ បើតាមរដ្ឋសភាកម្ពុជា សេចក្តីសម្រេច​រ​បស់សភាអ៊ឺរ៉ុបនោះ គឺ​ជាការបំផ្លៃ ការលំអៀង និងការ​ខ្វះ​ការ​គោរពដល់​រដ្ឋ​អធិបតេយ្យ​​កម្ពុជា។

រដ្ឋសភាកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ច្រានចោលសេចក្តីសម្រេចរបស់សភាអ៊ឺរ៉ុបដែលស្នើឱ្យត្រៀមដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចោលទាំងស្រុងពីកម្ពុជា
រដ្ឋសភាកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ច្រានចោលសេចក្តីសម្រេចរបស់សភាអ៊ឺរ៉ុបដែលស្នើឱ្យត្រៀមដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចោលទាំងស្រុងពីកម្ពុជា © mfa.gov
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសេចក្តីថ្លែងការណ៍នៅ​ថ្ងៃទី​៩ឧសភា ​រដ្ឋសភាកម្ពុជា​ចង្អុលអោយឃើញថា កម្ពុជាជារដ្ឋឯករាជ្យ ​ដែលត្រូវ​ទទួលអធិបតេយ្យភាពនិងមានសិទ្ធិសម្រេច​​ ដោយមិនអាចទទួលការរំលោភបំពានពីនរណា​​បានឡើយ។ ​និងថា សេចក្តីសម្រេចរបស់សភា​អ៊ឺរ៉ុប​ ស្តីពី «ការបង្ក្រាប​ជាបន្តបន្ទាប់​ទៅលើក្រុមអ្នកនយោបាយ​ប្រឆាំងនៅកម្ពុជា» ​គឺជាការបំផ្លៃ ការលំអៀង និងការខ្វះការ​គោរពដល់រដ្ឋអធិបតេយ្យរបស់​កម្ពុជា។

ប្រតិកម្មររបស់រដ្ឋ​សភាកម្ពុជានេះធ្វើឡើង បន្ទាប់ពី​សភាអ៊ឺរ៉ុប​បានចេញញត្តិ​ចង្អុលទុកមុន​ថា ​ការបោះឆ្នោត​​ទាំងថ្នាក់ក្រោមជាតិនិងថ្នាក់ជាតិ​របស់កម្ពុជា​នាពេលដ៏ឆាប់ខាងមុខនេះ ​ត្រូវតែ​យុត្តិធម៌និងតម្លាភាព មិនដូច្នោះទេ កម្ពុជានឹងប្រឈមបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ​ EBA សេសសល់ទាំង ​៨០%ទៀត ជាមិនខាន។ គួររំព្ញកថា​ ក្រោមរូបភាពនៃ​​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​និង​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជា​ធិបតេយ្យ ​សហភាព​អឺរ៉ុប​បាន​សម្រេច​កាត់​ផ្តាច់​ EBA​ ពីកម្ពុជា ចំនួន​២០% កាលពីឆ្នាំ​២០២០ ​ម្តងរួ​ចហើយ​។

ញត្តិថ្មីរបស់​សភាអ៊ឺរ៉ុបលើកនេះបាន​​​រំឭកឡើងវិញដែរ​ ពីការរំលាយ​គណបក្ស​សង្គ្រោះជាតិ​កាលពីឆ្នាំ២០១៧ និង​ការ​ចាប់​ខ្លួន​លោក កឹម សុខា។ ការចាប់ខ្លួន​សកម្មជននយោបាយ និងសកម្មសិទ្ធិ​មនុស្ស គឺជាអ្វីដែលសភាអឺរ៉ុបចាត់ទុកថា ជាផ្នែកដ៍សំខាន់​ដែល​ប៉ះពាល់​ដល់​ដំណើរ​ការបោះឆ្នោត​នៅកម្ពុជា។

ចំពោះរដ្ឋសភាកម្ពុជា ការកំណត់​និយមន័យរបស់សភាអ៊ឺរ៉ុប ដែលថា​លទ្ធិប្រជាធិបតេយ្យ​និងសិទ្ធិមនុស្ស​ ​ត្រូវតែមាន​ការចូលរួមពី​បក្សឆ្វេងនិយម ឬត្រូវតែមាន​ការ​​អនុញ្ញាតិ​​ឱ្យគណបក្សនយោបាយ​ដែលបាន​រំលាយដោយតុលាររស់ឡើងវិញ គឺជារឿងមិនសមហេតុផលសោះ ​ចំពោះច្បាប់ជាតិ​និងគោលការណ៍​ប្រជាធិបតេយ្យរបស់កម្ពុជា។

យ៉ាងណាមិញ រដ្ឋសភា​កម្ពុជាបានអះអាងថា ដំណើរការបោះឆ្នោតនៅកម្ពុជា ទាំងថ្នាក់ក្រោមជាតិនិងថ្នាក់ជាតិនាពេលខាងមុខនេះ នឹង​ប្រព្រឹត្តិទៅដោយ​សេរី ត្រឹមត្រូវ​យុត្តិធម៌ និងតម្លាភាព​​ទៅតាម​គោលការណ៍បោះឆ្នោតបែបប្រជាធិបតេយ្យ​និងគោលនយោបាយពហុបក្ស។

សូមជម្រាបថា នៅក្នុងបទអន្តរាគមន៍ស្តីពីកម្ពុជា នៅសភាអឺរ៉ុប កាលពីសប្តាហ៍មុននោះ​ លោក Thierry MARIANI សមាជិកសភាអឺរ៉ុបរបស់បារាំង បាន​អំពាវនាវឱ្យ​​សហភាពអឺរ៉ុប លើកទឹកចិត្តកម្ពុជា ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស ជាជាងអនុវត្តគោលនយោបាយស្តង់ដារពីរ ប្រឆាំងនឹងកម្ពុជា។​ និងដោយបន្ត​ថា ​ការគោរពសិទ្ធិមនុស្សនៅកម្ពុជា មិនមែនល្អឥតខ្ចោះ ប៉ុន្តែកំណែទម្រង់គឺកំពុងបន្តនៅលើផ្លូវត្រូវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ