អានតួអត្ថបទ
កម្ពុជា-កីឡា

លោក វ៉ាត់ ចំរើន៖ កម្ពុជានឹងពង្រឹងសមត្ថភាពអត្តពលិកបន្ថែមទៀត ខណៈឆ្នាំនេះ កម្ពុជាបន្តគ្រងតំណែងលេខ៨ដដែល

ក្រោយបិទបញ្ចប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម កម្ពុជាទទួលបានមេដាយសរុបចំនួន៦៤ ដោយឈរលើចំណាត់ថ្នាក់លេខ៨ ក្នុងចំណោមប្រទេសចំនួន១១។ ក្នុងលទ្ធភាពបែបនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាចាត់ទុកថា នេះជាភាពរីកចម្រើននៃវិស័យកីឡាកម្ពុជាមួយកម្រិត ក៏ប៉ុន្តែក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំក្រោយ វាគឺជាក្តីព្រួយបារម្ភមួយដែលតម្រូវឱ្យអត្តពលិកប្រឹងប្រែងឱ្យទាន់ពេលវេលា។​ បើតាមលោក វ៉ាត់ ចំរើន កម្ពុជានៅមានបញ្ហាច្រើនដែលត្រូវហ្វឹកហាត់បន្ថែមទៀត ជាពិសេសការពង្រឹងលើសមត្ថភាព បច្ចេកទេស និងភាពអំណតរបស់អត្តពលិក ក្រោយបញ្ហាមួយចំនួនបានកើតមានឡើងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅវៀតណាម។ 

ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម
ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម © FB
ផ្សាយពាណិជ្ជកម្ម

មានមេដាយមាសចំនួន៩ មេដាយប្រាក់ចំនួន១៣ និងមេដាយសំរឹទ្ធចំនួន៤២ កម្ពុជាដែលនឹងត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ខាងមុខ ទទួលបានចំណាត់ថ្នាក់ត្រឹមលេខ៨ប៉ុណ្ណោះ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាម។

ក្នុងនាមជាម្ចាស់ផ្ទះនាឆ្នាំក្រោយ លោក វ៉ាត់ ចំរើន  អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបង្ហាញក្តីព្រួយបារម្ភចំពោះលទ្ធភាពដណ្តើមយកមេដាយមាសនាឆ្នាំក្រោយ បើទោះបីឆ្នាំនេះ កម្ពុជាសម្រេចបានកំណត់ត្រាមួយថ្មីក្នុងព្រឹត្តិការណ៍នេះយ៉ាងណាក្តី។ លោក វ៉ាត់ ចំរើនបន្តថា សម្រាប់ម្ចាស់ផ្ទះ​ ប្រសិនបើលទ្ធផល និងចំណាត់ថ្នាក់បន្តស្ថិតនៅលេខរៀងបាតតារាងដដែល នេះគឺមិនមែនជារឿងល្អប្រសើរនោះឡើយ។ លោកថា ម្ចាស់ផ្ទះត្រូវប្រឹងធ្វើយ៉ាងឱ្យទទួលបានមេដាយមាស និងមេដាយសរុបឱ្យបានច្រើនជាងបណ្តាប្រទេសដទៃទៀតដែលចូលរួម។   

ថ្លែងមកវិទ្យុបារាំងអន្តរជាតិ លោក វ៉ាត់ ចំរើន កត់សម្គាល់ថា អត្តពលិកកម្ពុជានៅមានចំណុចខ្វះខាតផ្នែកបច្ចេកទេសច្រើន ដោយមួយផ្នែកធំ គឺកង្វះយុទ្ធសាស្ត្រការប្រកួត និងមិនមានភាពស្វាហាប់ក្នុងការប្រកួតឡើយ។ មួយវិញទៀត គឺបញ្ហាសមត្ថភាព បញ្ហាកំលាំងកាយ និងភាពអំណតរបស់អត្តពលិក នៅតែជាបញ្ហាចោទសម្រាប់កម្ពុជា។ ម្ល៉ោះហើយ លោក វ៉ាត់ ចំរើនអះអាងថា សហព័ន្ធនឹងត្រូវកែតម្រូវឱ្យមុតស្រួចជាងមុន ជាពិសេសការពង្រឹងលើសមត្ថភាព ការហ្វឹកហាត់កំលាំងកាយ និងផ្តល់របបអាហារដល់អត្តពលិកទាំងអស់មុនឈានដល់ការប្រកួតនាឆ្នាំក្រោយ។ ​

បើតាម អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារូបនេះ ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវដល់កីឡាករ គឺជារឿងដែលចំបាច់បំផុតសម្រាប់កម្ពុជា មុនឈានទៅដង្ហើមយកមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា។

តែយ៉ាងណា លោក វ៉ាត់ ចំរើន បាននិយាយថា មេដាយដែលកម្ពុជាទទួលបានសរុបនាឆ្នាំនេះ គឺសរបញ្ជាក់អំពីភាពរីកចម្រើននៃគុនភាពកីឡារបស់កម្ពុជា ខណៈកីឡាប្រភេទជាក្រុមទទួលបានលទ្ធផលល្អ ហើយភាគច្រើននៃអត្តពលិកបានឆ្លងផុតវគ្គជម្រុះទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ត និងវគ្គផ្តាច់ព្រ័ត្តច្រើន។ 

ជាក្តីសង្ឃឹម លោក វ៉ាត់ ចំរើនថា សហព័ន្ធកីឡានឹងជំរុញឱ្យកីឡាករទាំងអស់ផ្លាស់ប្តូរខ្លួនឯងពីការដណ្តើមមេដាយសំរឹទ្ធទៅជាមេដាយប្រាក់ និងពីមេដាយប្រាក់ទៅជាមេដាយមាស។

គួរជម្រាបថា លទ្ធផល​មេដាយ​សរុប​ចំនួន ៦៤​គ្រឿងនេះ​ ​កម្ពុជា​បាន​បំបែក​កំណត់​ត្រា​មេដាយ​សរុប​ ដែល​​ធ្លាប់បាន​ឈ្នះ​ច្រើន​បំផុត​ កាលពីស៊ីហ្គេម​លើក​ទី​៦​ ​នៅ​ប្រទេស​ម៉ាឡេស៊ី​ នាអំឡុងឆ្នាំ​១​៩​៧​១​។ នៅពេល​នោះ​ កម្ពុជា​ឈ្នះ​មេដាយ​សរុប​ចំនួន ​៥​៣​គ្រឿង​ដោយមេដាយ​មាស​ ​១​៧​គ្រឿង​ ​ប្រាក់​ ​១​៨​គ្រឿង​ ​និង​សំរឹទ្ធ​ ​១​៨​គ្រឿង​។ ចំណែកហើយក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២២នៅវៀតណាមនេះវិញ កម្ពុជាបានបញ្ចូនអត្តពលិកចំនួន៣៦៣នាក់ ក្នុងប្រភេទកីឡាចំនួន៣៣ប្រភេទ។ ចំណែកកីឡាដែលកម្ពុជាមានអាទិភាពខ្ពស់ គឺប្រភេទកីឡាវ៉ូវីណាម កីឡាប៊ូល និងប៊េតង់ កីឡាឃីកបុកស៊ីង កីឡាប្រដាល់គុនខ្មែរ កីឡាតេក្វាន់តូ និងកីឡាប្រដាល់សាកល។

ក្នុងចំណាត់ថ្នាក់លេខ៨នេះដែរ កម្ពុជាឈរនៅលើប្រទេសឡាវ ប្រទេសប្រ៊ុយណេ និងទីម័រខាងកើត ខណៈប្រទេសវៀតណាមឯណោះទទួលបានមេដាយសរុបចំនួន៤៤៦ឈរចំណាត់លេខ១ និងប្រទេសថៃចំនួន៣២៩​ឈរលេខ២ និងតាមពីក្រោយដោយប្រទេសឥណ្ឌូនេស៊ី ភីលីពីន សឹង្ហបុរី ម៉ាឡេស៊ី និងប្រទេសភូមា៕  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ