អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ហ៊ុន សែន ស្នើឲ្យប្រជាពលរដ្ឋ គ្រឹះស្ថានរដ្ឋ សន្សំសំចៃថាមពលអគ្គិសនី

ប្រជាពលរដ្ឋ និងគ្រឹះស្ថានរដ្ឋ ត្រូវចូលរួមសន្សំសំចៃថាមពលអគ្គិសនី ខណៈដែលអគ្គិសនីកម្ពុជាខាតបង់ជាលើកដំបូង។ នេះគឺជាការបញ្ជាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន នាថ្ងៃទី០៦ ខែកក្កដានេះ ខណៈផែនការបញ្ចុះតម្លៃអគ្គិសនីរបស់រដ្ឋាភិបាលអាចនឹងមិនត្រូវបានធ្វើឡើងទេ នៅចុងឆ្នាំ២០២២នេះ។

បង្គោលអគ្គិសនីនៅក្នុងប្រទេសកម្ពុជា (រូបភាពតំណាង)
បង្គោលអគ្គិសនីនៅក្នុងប្រទេសកម្ពុជា (រូបភាពតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

ជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្ររបស់អគ្គិសនីកម្ពុជា ​ដែលឈានចូលដល់ដំណាក់កាលនៃការខាតបង់ ហើយប្រសិនបើរដ្ឋមិនយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋទេ មកដល់ពេលនេះ តម្លៃអគ្គិសនីនឹងមានការឡើងថ្លៃមួយជាពីរហើយ។ នេះគឺជាការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នាព្រឹកថ្ងៃទី០៦ ខែកក្កដានេះ ក្នុងជំនួបជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។

បើតាមលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រទេសមួយចំនួនបានដំឡើងថ្លៃអគ្គិសនីម្តង ឬពីរដងរួចស្រេចទៅហើយ ប៉ុន្តែកម្ពុជាមិនទាន់បានដំឡើងថ្លៃភ្លើងទេ ហើយការដំឡើងថ្លៃអគ្គិសនីនឹងធ្វើឲ្យរោងចក្រមួយចំនួនមានការខាតបង់ ដូច្នេះរដ្ឋត្រូវចេញខាត។

លោកនាយករដ្ឋមន្ត្រីបានលើកឡើងទៀតថា ដោយសារឆ្នាំនេះ វារីអគ្គិសនីកម្ពុជាមានទឹកភ្លៀងច្រើន និងថាមពលបានមកពីពន្លឺព្រះអាទិត្យ ធ្វើឲ្យកម្ពុជាកាត់បន្ថយការខាតបង់មួយចំនួន ប៉ុន្តែបើវារីអគ្គិសនីដើរមិនគ្រប់ ហើយត្រូវផលិតថាមពលពីធ្យូងថ្ម និងប្រេងឥន្ធនៈនោះតម្លៃអគ្គិសនីនឹងឡើងកប់ពពក។ លោក ហ៊ុន សែន បានបញ្ជាក់ថា​ក្នុងឆ្នាំនេះ តាមការប៉ាន់ស្មានកម្ពុជាអាចនឹងខាតបង់ប្រមាណ ១០០លានដុល្លារ ដែលផ្តើមចេញពីសង្រ្គាមរុស្ស៊ីអ៊ុយក្រែន និងដោយសារទណ្ឌកម្មលើរុស្ស៊ី។ ​

លោកនាយករដ្ឋមន្ត្រីអះអាងថា នៅចុងឆ្នាំ២០២២នេះ លោកមានគម្រោងបញ្ចុះតម្លៃអគ្គិសនី បើសិនជាមិនមានវិបត្តិថាមពលកើតឡើងដូចពេលនេះ ប៉ុន្តែបច្ចុប្បន្នមិនត្រឹមតែមិនអាចប្រកាសបញ្ចុះថ្លៃអគ្គិសនីទេ បែរជារាជរដ្ឋាភិបាលត្រូវបំពេញការខាតបង់ឲ្យអគ្គិសនីកម្ពុជាថែមទៀត។

យោងតាមរបាយការណ៍របស់អគ្គិសនីកម្ពុជា កាលពីចុងខែធ្នូ ឆ្នាំ២០២០ ប្រភពអគ្គិសនីក្នុងស្រុកបានពីការដុតធ្យូងថ្ម និងប្រេង មាន ៤,៦៦១GWh (ជីហ្កាវ៉ាត់ម៉ោង) ឬប្រមាណ ៥៥ភាគរយនៃថាមពលគ្គិសនីសរុបក្នុងស្រុក ខណៈថាមពលអគ្គិសនី ដែលបានមកពីវារីអគ្គិសនី ពន្លឺព្រះអាទិត្យ និងជីវម៉ាស់ មានប្រមាណ ៣,៨៥១GWh ឬប្រមាណ ៤៥ភាគរយ។ គិតត្រឹមឆ្នាំ២០២០ ក្រៅពីប្រភពអគ្គិសនីក្នុងស្រុកកម្ពុជាក៏បាននាំចូលអគ្គិសនីពីប្រទេសថៃ វៀតណាម និងឡាវ ដែលមានទំហំប្រមាណ ៣,៩៨៦GWh ឬប្រមាណ ៣២ភាគរយនៃប្រភពអគ្គិសនីទាំងអស់។

សូមជម្រាបជូនថាអត្រាតម្លៃអគ្គិសនីក្នុងឆ្នាំ២០២១ កន្លងទៅ សម្រាប់លំនៅដ្ឋាន គឺមានតម្លៃពី ៣៨០រៀល ដល់៧៣០រៀល ទៅតាមបរិមាណថាមពលអគ្គិសនី ដែលបានប្រើប្រាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ