អានតួអត្ថបទ
កម្ពុជា-ច្បាប់

ក្រុមប្រឹក្សាធម្មនុញ្ញទាំង៩សំឡេង មូលមាត់គ្នាថាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ «អាចធ្វើទៅបាន»

ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ នៅព្រឹកថ្ងៃពុធនេះ បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យពីការស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន៨មាត្រា បន្ទាប់ពីមានការស្នើពីគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រសប្តាហ៍កន្លងទៅ។ ការពិនិត្យពេលនេះ ក្រុមប្រឹក្សាធម្មនុញ្ញ ទាំង៩សំឡេង មានមូលមតិជាឯកច្ឆ័នថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទ្រង់ទ្រាយធំនេះ អាចធ្វើទៅរួច ដោយគ្មានបញ្ហា។

ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យពីការស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន៨មាត្រា
ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ បានបើកកិច្ចប្រជុំ ដើម្បីពិនិត្យពីការស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន៨មាត្រា © FB
ផ្សាយពាណិជ្ជកម្ម

សេចក្តីស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ទាក់ទងទៅនឹងមាត្រាមួយចំនួន អំពីការតែងតាំងនាយករដ្ឋមន្ត្រី និងដំណើរការក្នុងរដ្ឋសភា ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញលើកមកពិនិត្យ និងយល់ស្របជាឯកច្ឆ័ន ទៅតាមសំណើរបស់គណៈរដ្ឋមន្ត្រី។ សមាសភាពទាំង៩របស់ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ បានមូលមាត់គ្នាទាំងស្រុងថា ការស្នើធ្វើវិសោធនកម្មលើកទី១០ អាចធ្វើទៅបាន។ អាចធ្វើទៅបាន ដោយផ្អែកទៅលើ មាត្រា១៥៣ថ្មី ១៥៤ថ្មី និង១៥៥ថ្មី។ នេះបើតាមការបញ្ជាក់របស់ លោក ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរងនៃក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ។

មាត្រាទាំង៣ ដែលក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ លើកមកធ្វើជាអំណះអំណាង សម្រាប់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ គឺបាននិយាយអំពីគំនិតសើរើរដ្ឋធម្មនុញ្ញ ដែលជាសិទ្ធិរបស់ព្រះមហាក្សត្រ របស់នាយករដ្ឋមន្ត្រី និងរបស់ប្រធានរដ្ឋសភា តាមការស្នើរបស់តំណាងរាស្ត្រ។ ម្យ៉ាងវិញទៀត ការធ្វើវិសោធនកម្មលើកទី១០ ដែលអាចទៅរួចនេះ ព្រោះថា បានធ្វើឡើងក្នុងពេលដែលប្រទេសមិនស្ថិតក្នុងភាពអាសន្ន។ និងមាត្រាទាំង៨ដែលស្នើសុំផ្លាស់ប្តូរនោះ ក៏មិនប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យ សេរីពហុបក្ស និងរបបរាជានិយមអាស្រ័យដោយរដ្ឋធម្មនុញ្ញ។ នេះបើតាមខ្លឹមសារដកស្រង់ចេញពីរដ្ឋធម្មនុញ្ញ។

លោក ព្រហ្ម វិចិត្រអក្ខរា បានបញ្ជាក់បន្ថែមថា ក្រោយពិនិត្យនិងសម្រេចជាឯកច្ឆ័ន ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ក៏បានរៀបចំលិខិតទូលថ្វាយដល់អង្គព្រះមហាក្សត្ររួចរាល់ហើយដែរ។

ទោះយ៉ាងណា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ចំនួន៨មាត្រា ដែលពាក់ព័ន្ធនឹងការតែងតាំងនាយករដ្ឋមន្ត្រី និងដំណើរការក្នុងរដ្ឋសភា ពេលនេះ ទទួលនូវការរិះគន់ពីសំណាក់អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយនៅក្រៅរដ្ឋាភិបាល។ គណបក្សនយោបាយក្រៅរដ្ឋាភិបាលមួយចំនួន បានហៅការធ្វើវិសោធនកម្មលើកទី១០នេះ ថាមិនគួរកើតឡើងទាល់តែសោះ។ លើសពីនេះ ពួកគេបានព្រមានអំពីគ្រោះថ្នាក់ដល់សង្គមជាតិ ប្រសិនបើការធ្វើវិសោធនកម្មច្បាប់កំពូលកម្ពុជាពេលនេះ គ្រាន់តែដើម្បីបម្រើផលប្រយោជន៍ដល់ក្រុមណាមួយនោះ។

គួររំលឹកថា សំណើធ្វើវិសោធនកម្មលើកទី១០ នៃច្បាប់កំពូលកម្ពុជានេះ បានអនុម័តឯកភាពទាំងស្រុងដោយសមាសភាពគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រ។ សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា ការធ្វើវិសោធនកម្មនេះ សំដៅធានាស្ថេរភាពនៃស្ថាប័នជាតិ ជាពិសេសអំណាចរដ្ឋាភិបាល។ លើសពីនេះ គឺដើម្បីធានាស្ថេរភាពនយោបាយរបស់កម្ពុជា នៅគ្រប់កាលៈទេសៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ