អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្សក្រៅរដ្ឋាភិបាលបារម្ភខ្លាចញត្តិដែលពួកគេសម្តែងការមិនគាំទ្រវិសោធនកម្មរដ្ឋធម្មនុញ្ញ មិនដល់ដៃប្រធានរដ្ឋសភា

គណបក្សនយោបាយក្រៅរដ្ឋាភិបាលចំនួន៤ នាព្រឹកថ្ងៃព្រហស្បតិ៍ បានដាក់ញត្តិចូលទៅរដ្ឋសភា សម្តែងពីកង្វល់ និងការមិនពេញចិត្តរបស់ខ្លួន ទៅលើការស្នើសុំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០។ ជាការដាក់ញត្តិស្នើសុំរដ្ឋសភា កុំអនុម័តសេចក្តីព្រាងរដ្ឋធម្មនុញ្ញ ដ្បិតថា ជាការបន្ថយអំណាចសភា។ តែទន្ទឹមនេះ ពួកគេបារម្ភថា ញត្តិនោះ មិនបានដល់ដៃប្រធានរដ្ឋសភាពិនិត្យ។ 

គណបក្សទាំង៤ ដែលមាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សភ្លើងទៀន គណបក្សកែទម្រង់កម្ពុជា និងគណបក្សឆន្ទៈខ្មែរ
គណបក្សទាំង៤ ដែលមាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សភ្លើងទៀន គណបក្សកែទម្រង់កម្ពុជា និងគណបក្សឆន្ទៈខ្មែរ © សហការី
ផ្សាយពាណិជ្ជកម្ម

ក្តីបារម្ភរបស់សម្ព័ន្ធគណបក្សនយោបាយក្រៅរដ្ឋាភិបាលទាំង៤ នៅត្រង់ថា ញត្តិពួកគេមិនបានទៅដល់លោក ហេង​ សំរិន ប្រធានរដ្ឋសភា ដ្បិតថាគណៈកម្មាការទី១ពិនិត្យលើញត្តិអាចមានសភាពយឺតយ៉ាវ។ លោក យ៉េង វីរៈ ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងជាអ្នកតំណាងឲ្យគណបក្សទាំង៤ បញ្ជាក់ថា ពួកគេបានសំណូមពរជាពិសេសឲ្យរដ្ឋសភា ពន្លឿនការពិនិត្យ ហើយសង្ឃឹមថា ញត្តិកង្វល់របស់ពួកគេបានទៅដល់ដៃលោក ហេង សំរិន ប្រធានរដ្ឋសភា មុនសេចក្តីព្រាងអនុម័ត។

ការដាក់ញត្តិរបស់គណបក្សទាំង៤ ដែលមាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សភ្លើងទៀន គណបក្សកែទម្រង់កម្ពុជា និងគណបក្សឆន្ទៈខ្មែរ ទៅកាន់រដ្ឋសភាពេលនេះ ធ្វើឡើងក្នុងគោលបំណងស្នើសុំរដ្ឋសភា កុំអនុម័តលើសេចក្តីព្រាងរដ្ឋធម្មនុញ្ញ ដែលធ្វើវិសោធនកម្មជាលើកទី១០។ អ្វីដែលជាក្តីបារម្ភខ្លាំងរបស់គណបក្សក្រៅរដ្ឋាភិបាលទាំង៤ គឺត្រង់មាត្រា៩៨ថ្មី ដែលតម្រូវឲ្យមានតំណាងរាស្រ្ត១ភាគ៣ ឬ៤២រូប ទើបអាចធ្វើញត្តិបន្ទោសរដ្ឋាភិបាល។ និងត្រង់មាត្រា១១៩ថ្មី ដែលការធ្វើវិសោធនកម្មលើកទី១០នេះ បើកសិទ្ធិឲ្យគណបក្សដែលឈ្នះឆ្នោត ស្នើទៅអង្គព្រះមហាក្សត្រតែងតាំងនាយករដ្ឋមន្ត្រី ដោយមិនចាំបាច់ឆ្លងកាត់ប្រធានរដ្ឋសភា។ តំណាងឲ្យគណបក្សទាំង៤ លោក យ៉េង វីរៈ លើកឡើងពីភាពមិនពេញចិត្តថា ការធ្វើវិសោធនកម្មនេះ ជាការបន្ថយអំណាចតំណាងរាស្រ្ត និងអំណាចសភា ខណៈដែលកម្ពុជាមានរបបសភានិយម។

លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា រដ្ឋសភាបានទទួលយកញត្តិរបស់គណបក្សនយោបាយទាំង៤ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះរួចហើយ។ បើតាមលោក ឡេង ប៉េងឡុង ការពិនិត្យលើញត្តិនោះ នឹងធ្វើឡើងតាមនីតិវិធីធម្មតា ដោយគណៈកម្មាការទី១។ លោក ឡេង ប៉េងឡុង ជឿថា គណៈកម្មាការទី១នឹងពិនិត្យ រួចធ្វើទៅលិខិតទៅលោក ហេង សំរិន ប្រធានរដ្ឋសភា។

គិតមកដល់ពេលនេះ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ បានទៅដល់ដៃគណៈកម្មការទី៦ ដែលជាគណៈកម្មាការជំនាញនីតិកម្ម បន្ទាប់ពីឆ្លងផុតដៃគណៈអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃអង្គារ។ ប្រហែលជាមិនចំណាយពេលយូរនោះទេ គណៈកម្មការទី៦នឹងធ្វើសេចក្តីសន្និដ្ឋានមកគណៈអចិន្ត្រៃយ៍រដ្ឋសភាពិនិត្យ ដើម្បីកោះប្រជុំពេញអង្គ។ យ៉ាងយូរត្រឹម២សប្តាហ៍ប៉ុណ្ណោះ ដ្បិតសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ត្រូវបានចាត់ទុកជាការប្រញ៉ាប់។ នេះបើតាមលោក ឡេង ប៉េងឡុង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ