អានតួអត្ថបទ
កម្ពុជា-ច្បាប់

គ្មានពាក្យជំទាស់ សេចក្តីព្រាងរដ្ឋធម្មនុញ្ញទី១០ចេញផុតដៃរដ្ឋសភាទាំង១០៥សំឡេង

រដ្ឋសភា នាព្រឹកនេះ បានបើកកិច្ចប្រជុំពេញអង្គ ដើម្បីអនុម័តគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ ដែលជាការធ្វើវិសោធនកម្មចម្រូងចម្រាស់មតិរបស់គណបក្សក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល។ ទាំង១០៥សំឡេងនៃសមាជិកសភា បានលើកដៃគាំទ្រទាំងស្រុងទៅលើការស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញ។

កិច្ចប្រជុំពេញអង្គ ដើម្បីអនុម័តគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០
កិច្ចប្រជុំពេញអង្គ ដើម្បីអនុម័តគាំទ្រការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ © FB
ផ្សាយពាណិជ្ជកម្ម

គ្មានសេចក្តីជំទាស់! សមាជិកសភា និងតំណាងរាស្រ្ត ទាំង១០៥រូប បានលើកដៃបង្ហាញជំហរគាំទ្រទាំងស្រុងទៅលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ បន្ទាប់ការថ្លែងការពាររបស់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

ក្នុងកិច្ចប្រជុំរដ្ឋសភាពេញអង្គ ថ្ងៃទី២៨កក្កដា លោក​ កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្លែងការពារជំហរវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ នៅចំពោះមុខប្រធានរដ្ឋសភា និងសមាជិកទាំងអស់ ថា ការធ្វើវិសោធនកម្មនេះ ធ្វើឡើង ដើម្បីការពារឧត្តមប្រយោជន៍របស់ជាតិ ជាពិសេសការបំពេញចន្លោះខ្វះខាតរបស់ច្បាប់កំពូលកម្ពុជា កាលពីពេលកន្លងមក។

លោក កើត រិទ្ធ បានថ្លែងប្រតិកម្មចំពោះការលើកឡើង និងការរិះគន់របស់គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិល ដែលជំទាស់នឹងការធ្វើវិសោធនកម្មនេះ ថាមិនបានសិក្សាស៊ីជម្រៅ​ គ្មានមូលដ្ឋានច្បាស់លាស់ និងដើម្បីគ្រាន់តែបម្រើចរិកនយោបាយរបស់ខ្លួន។ ជំហរការពាររបស់លោក កើត រិទ្ធ គឺថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០នេះ គឺដើម្បីលើកកម្ពស់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។

គួរជម្រាបថា សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ បានរងនូវការរិះគន់មិនសំចៃដៃពីសំណាក់គណបក្សនយោបាយក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល។ គណបក្សនយោបាយចំនួន៤ កាលពីពេលថ្មីៗ បានដាក់ញត្តិស្នើលោក ហេង សំរិន ប្រធានរដ្ឋសភា កុំអនុម័តការធ្វើវិសោធនកម្ម ដ្បិតពួកគេយល់ឃើញថា ជាការបន្ថយអំណាចសភា និងតំណាងរាស្រ្ត។ លើសពីនេះ នៅមុនមួយថ្ងៃនៃកិច្ចប្រជុំពេញអង្គរដ្ឋសភា មានអង្គការសង្គមស៊ីវិល ជាង១០០ស្ថាប័ន ថាការធ្វើវិសោធនកម្មនេះ អាចបណ្តាលឱ្យប៉ះពាល់ដល់ស្ថិរភាពអំណាចរដ្ឋ និងអំណាចនីតិប្រតិបត្តិ ការគោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរ។

បន្ថែមពីលើប្រតិកម្មទាំងនេះ អតីតគណបក្សសង្រ្គោះជាតិ ចាត់ទុកការធ្វើវិសោធនកម្មនេះ ជាការធ្វើរដ្ឋប្រហារច្បាប់កំពូលកម្ពុជាជាថ្មីម្តង ដើម្បីបំពេញប្រយោជន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

យ៉ាងណាមិញ លោក កើត រិទ្ធ ថ្លែងថា វិសោធនកម្មលើកទី១០ មិនបានប៉ះពាល់ដល់ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងក៏មិនបានកាត់បន្ថយអំណាចសភាណាមួយដែរ។

គួរជម្រាបថា សេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ បានផ្តោតទៅលើមាត្រា១៩ថ្មី មាត្រា៨៩ មាត្រា៩៨ថ្មី​ មាត្រា១០២ថ្មី មាត្រា១១៩ថ្មី និងមាត្រា៣ថ្មី មាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម។ ទោះរងនូវការរិះគន់ តែសេចក្តីព្រាងវិសោធនកម្មនៅតែបន្តទៅមុខ ខណៈការងារបន្ទាប់រដ្ឋសភានឹងផ្ញើជូនព្រឹទ្ធសភាពិនិត្យ មុនព្រះមហាក្សត្រឡាយព្រះហស្ត ចូលជាធរមាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ